ខេត្តកំពង់ឆ្នាំង៖នារីម្នាក់បានខិតខំការពារប្អូនៗពីការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំ បានពឹងពាក់អោយសមាគមការពារសិទ្ធិមនុស្សអាហុកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ជួយអន្តរាគមខ្លួន ដោយសារតែការភ័យខ្លាច បន្ទាប់ពីមានដីការបស់សាលាដំបូងខេត្តកំពង់ឆ្នាំង បង្គាប់នាងចូលទៅបំភ្លឺនៅតុលាការ តាមបណ្តឹងដោយចោទប្រកាន់ពីបទលួចយកកូនចិញ្ចឹមរបស់ដើមបណ្តឹង។
តាមដីការបស់តុលាការសាលាដំបូងខេត្តកំពង់ឆ្នាំង បានកោះហៅឈ្មោះ ឈៀង តាំងអ៊ី ភេទស្រី ដែលត្រូវជាបងបង្កើតរបស់ក្មេងរងគ្រោះ២នាក់ ១.ឈ្មោះសេង មិនា ភេទស្រី អាយុ១៥ឆ្នាំ និង ២.ឈ្មោះឈៀង ភក្តី ហៅ(មាន) ភេទប្រុស អាយុ១១ឆ្នាំ អោយចូលខ្លួនទៅបំភ្លឺនៅតុលាការ ដោយបានចោទប្រកាន់ទៅឈ្មោះ ឈៀង តាំងអ៊ី ថាបានលួចយកកូនចិញ្ចឹមរបស់ស្ត្រីឈ្មោះ ស៊ឹម ណេង ដែលកុមារទាំង២ត្រូជាប្អូនរបស់នាង។
នៅចំពោះមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុ ឈ្មោះឈៀង តាំងអ៊ី បាននិយាយរឿងដោយដឹងថា៖ដំបូងឡើយ ឈ្មោះស៊ឹម ស៊ីណេង ភេទស្រី ជាអ្នកមានទ្រព្យសម្បត្តិ បានប្រើរូបភាព អោយម្តាយរបស់នាងឈ្មោះ ឆេង ញឹប ខ្ចីលុយចំនួន១០០ដុល្លា និងបានបង្ខំអោយធ្វើម្តាយនាងធ្វើកិច្ចសន្យា ប្រគល់កូន២នាក់ឈ្មោះសេង មិនា និងឈ្មោះ ឈៀង ភក្តី ហៅ(មាន) អោយធ្វើជាកូនចិញ្ចឹមរបស់ ឈ្មោះ ស៊ឹម ស៊ីណេង ។
ចាប់តាំងពីប្អូនរបស់នាងទៅរស់នៅជាមួយស៊ឹម ស៊ីណេង មានរយៈពេលជាង៤ឆ្នាំហើយ គឺរស់នៅក្នុងខេត្តកំពង់ឆ្នាំង ដោយមិនបានចាត់ទុកប្អូននាងជាកូននោះទេ ដោយមិនអោយរៀនសូត្រឡើយ។ ក្រោយមកនៅរយៈពេលជិតមួយឆ្នាំចុងក្រោយនេះ ឈ្មោះស៊ឹម ស៊ីណេង បានបញ្ជូនប្អូនរបស់នាងអោយទៅនៅភ្នំពេញជាមួយកូនប្រុសរបស់គាត់ឈ្មោះ សាន់ ប៊ុនលី ហៅ(មាំង) ពេលនោះប្អូនរបស់នាងទាំង២នាក់មានការលំបាកលើសដើម។
កុមារឈ្មោះ សេង មិនា និង ឈ្មោះ ឈៀង ភក្តី បានរៀបរាប់ពីទុក្ខលំបាកក្នុងការរស់នៅជាមួយឈ្មោះស៊ឹម ស៊ីណេង និងឈ្មោះសាន់ ប៊ុនលី ហៅមាំង នៅភ្នំពេញថា៖ គេពីរនាក់បងប្អូនបង្កើត នៅពេលព្រឹករហូតដល់ល្ងាចត្រូវ ឈ្មោះ(ម៉ាំ)ប្រើពួកគេអោយ បោកខោអាវ ជូតផ្ទះ និងប្រើធ្វើកិច្ចការផ្សេងមិនអោយទំនេនោះទេ បើមិនធ្វើមិនទាន់ចិត្តគេ គឺត្រូវគេវាយធ្វើបាប និងបានអោយហូបបាយបានតែមួយពេលទេក្នុងមួយថ្ងៃ។ចាប់តាំងពីម៉ោង៥ល្ងាច រហូតដល់ម៉ោង១យប់ ដោយដើរលក់ផ្លែឈើត្រាំម្ជូរមាន ផ្លែម្កាក់ ស្វាយ ចេក ខ្វិត អំពិល តាមហាងនានាក្នុងភ្នំពេញ នៅពេលត្រឡប់មកដល់ផ្ទះត្រូវបាន ឈ្មោះ(មាំង) វាយធ្វើបាបទៀត នៅពេលដែលលក់មិនដាច់ ឬ ដើរលក់យឺត ពេលខ្លះគេបាន ទះកំភ្លៀង ទាត់ ធាក់ និង យកច្រវ៉ាក់វាយមកលើពួកគេទៀតផង។ ដោយសារតែមូលហេតុទាំងនេះហើយទើបពួកគេមិនត្រឡប់ទៅនៅជាមួយម្ចាស់ផ្ទះនេះវិញ ។
នារីឈ្មោះ ឈៀង តាំងអ៊ី បានប្រាប់ទៀតថា៖រឿងនេះនាងបានដាក់ពាក្យប្តឹងទៅប៉ុស្តិនគរបាល និងអាជ្ញាធរមូលដ្ឋាន ប៉ុន្តែគេមិនអើពើឡើយ ។ បែរជាមានដីកា មួយរបស់តុលាការខេត្ត កោះហៅរូបនាងជអោយចូលខ្លួនបំភ្លឺតាមបណ្តឹងរបស់ ស៊ឹម ស៊ីណេង ទៅវិញដោយចោទប្រកាន់រូបនាងថា បានលួចយកកូនចិញ្ចឹម ដែលជាប្អូនរបស់នាងមិនអោយទៅនៅជាមួយគេវិញ ។ក្រោយមក ឈ្មោះស៊ឹម ស៊ីណេង បានឃុបឃិតជាមួយអាជ្ញាធរសង្កាត់ខ្សាម បង្ខំអោយម្តាយនាងឈ្មោះ ឆេង ញឹប ផ្តិតមេដៃទទួលស្គាល់លើឯកសារប្រគល់ប្អូនរបស់នាងផ្តាច់ ទៅឈ្មោះស៊ឹម ស៊ីណេង និង ប្តឹងគម្រាមនាងដាក់គុក និងគម្រាមនាងអោយសងប្រាក់គេទៀតផង ។
លោកសំ ចាន់គា ប្រធានសមាគមការពារសិទ្ធមនុស្សអាដហុកប្រចាំខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា៖ករណីនេះសមាគមការពារសិទ្ធិមនុស្សអាដហុក និងអន្តរាគម ស្នើសុំអោយមសមត្ថកិច្ច អាជ្ញាធរខេត្ត មន្ទីរសង្គមកិច្ចខេត្ត និងមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង ជួយអន្តរាគមនិងចាត់ការរឿងនេះជាបន្ទាន់ផង ព្រោះនេះជាការជួញដូរលើកម្លាំងពលកម្មរបស់កុមារ ដែលជាការរំលោភបំពានលើសិទ្ធកុមារយ៉ាងធ្ងន់ធ្ងរ និងបំពានលើច្បាប់ជួញដូរមនុស្ស។
ដោយឡែក ស្ត្រីឈ្មោះ ស៊ឹម ស៊ីណែង និងកូនប្រុសឈ្មោះ សាន់ ប៊ុនលី ហៅ(មាំង) អ្នកយកព័ត៌មានយើងមិនស្គាល់លេខទូរស័ព្ទពួកគាត់ ដើម្បីទាក់ទងសុំការបំភ្លឺបាននោះឡើយ៕សហការី