ខេត្តប៉ៃលិន៖ ដោយមើលឃើញពីបញ្ហាចរាចរណ៏នៅមានកំរិតខ្ពស់ និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យស្ថិតនៅក្នុងកម្រិតទាបបំផុត លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរបាលជំនាញចរាចរណ៍ តាមបណ្តាអធិការនគរបាលស្រុក-ក្រុងទាំងពីរ ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ទៅលើអ្នកបើកបរល្មើសច្បាប់មិនពាក់មួកការពារសុវត្ថិភាព ,មិនពាក់ខ្សែក្រវ៉ាត់ការពារ ,គ្មានកញ្ចក់មើលក្រោយ និងដឹកសំពីងសំពោងជាដើម ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ សមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន សហការជាមួយនគរបាលជំនាញចរាចរណ៍ស្រុកសាលាក្រៅ បានដាក់គោលដៅត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥៩A ស្ថិតក្នុងភូមិភ្នំស្ពុង ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោកអនុសេន៏យីទោ អឿ ធី នគរបាលចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា៖ ការចុះត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅពេលនេះ គឺអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្ត និងយោងតាមបទបញ្ជា និងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដោយបញ្ជាឲ្យសមត្ថកិច្ចនគរបាលចរាចរណ៏ផ្លូវគោក គ្រប់ខេត្ត-ក្រុងទាំងអស់ត្រួវរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យស្ថិតនៅក្នុងកម្រិតទាបបំផុត និងដើម្បីការរឹតបន្តឹងទៅលើការគ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឲ្យកាន់តែល្អប្រសើរឡើង។ លោកអនុសេនីយ៏ទោ បានបន្តទៀតថា៖ ជាមួយគ្នានេះដែរ កម្លាំងនគរបាលចរាចរណ៏ ក៏បានធ្វើការអប់រំឲ្យធ្វើកិច្ចសន្យាដល់អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ទាំងនោះ ដោយអ្នកជិះម៉ូតូមិនពាក់មួយសុវត្ថិភាព ត្រូវតែទៅរកមួកសុវត្ថិភាពមកពាក់ ម៉ូតូគ្មានស្លាកលេខ និងគ្មានពន្ធនាំចូលឲ្យម្ចាស់ទៅបង់ពន្ធ និងទៅធ្វើស្លាកលេខផងដែរ ,តែបើថ្ងៃក្រោយសមត្ថកិច្ចរកឃើញថា នៅតែប្រព្រឹត្តខុសនឹងអនុវត្តតាមផ្លូវច្បាប់ ។
លោកអនុសេនីយ៍ទោ លាវ ហុង អធិការរង នៃអធិការនគរបាលស្រុកសាលាក្រៅ បានឲ្រដឹងដែរថា៖ កម្លាំងនគរបាលស្រុកសាលាក្រៅ សហការណ៏ជានគរបាលចរាចរណ៏ផ្លូវគោកខេត្ត នៅថ្ងៃនេះគឺដើម្បីត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយជាដំបូងសមត្ថកិច្ចយើង គ្រាន់តែអប់រំ និងឲ្យអ្នកបើកល្មើសច្បាប់ចរាចរណ៍ ធ្វើកិច្ចសន្យាប៉ុណ្ណោះ ហើយនៅថ្ងៃបន្តបន្ទាប់កម្លាំងនគរបាល និងចុះអនុវត្តត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍នេះ តែបើរកឃើញអ្នកបើករបរយានយន្តមិនអនុវត្តតាមគោលការណ៍ច្បាប់ នោះសមត្ថកិច្ចនឹងអនុវត្តទៅតាមផ្លូវច្បាប់ ។
គូសបញ្ជាក់ផងដែរថា នៅទូទាំងខេត្តប៉ៃលិន គេសង្កេតឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៏នេះ គឺបង្កឡើងដោយកត្តាមនុស្ស ដោយសារការបើកបរហួសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង មិនគោរពសិទ្ធិអាទិភាព និងកត្តាជាច្រើនទៀត ៕