ហាង​ផឹកស៊ី​២​កន្លែង កណ្តាល​ក្រុង​សៀមរាប​ត្រូវ​សមត្ថកិច្ច​ចម្រុះ​សហការ​ជាមួយ​អង្គការ​វៃ​អេ​ត​ចុះបង្ក្រាប​សត្វព្រៃ

0

​សៀមរាប ៖ ក្រុម​អង្គការ​ការពារ សត្វព្រៃ​ហៅ​កាត់​ថា អង្គការ​វៃ​អេ​ត សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​និង​កងរាជអាវុធហត្ថ​បាន​ចុះ ឆែកឆេរ​តាម​ហាង​ផឹកស៊ី​ចំនួន​២​កន្លែង​និង​ចាប់យក​សត្វព្រៃ​បាន​មួយចំនួន ក្នុង​ក្រុង​សៀមរាប​ដែល​ល្បី ខាង​លក់​សត្វព្រៃ​រាប់​ឆ្នាំ​មកហើយ​នោះ រួច ទៅ២​ប្រលែង​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរវត្ត​។​
ប្រតិបត្តិការ​ចុះបង្ក្រាប​សត្វព្រៃ​ក្នុង​ហាង​មិន​ធ្លាប់មាន​ពីមុខ​មក​នោះបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​ត្រង់ចំណុច​ផ្លូវ​៦០​ម៉ែត្រ និង​ក្រោយ​ស្តា​ត​ចាស់ នៃ​ក្រុង​សៀមរាប​។​
លោក​ម៉ុង​ប៊ុន​លីម​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​បាន​ឲ្យ​ដឹងថា ហាង​ទី​១​ឈ្មោះ​ម្លប់​ស្បូវ​សៀមរាប​ថ្មី ទី​២​ឈ្មោះ​ស្រីមុំ​។​លោក​ឲ្យ​ដឹងថា​ហាង​ដែល​ល្បីល្បាញ​ខាង​លក់​សាច់​សត្វព្រៃ​ឈ្មោះ​ស្រីមុំ មាន​ទីតាំងនៅ​ផ្លូវ​៦០​ម៉ែត្រ​ខាងជើង​សាលាខេត្ត​សៀមរាប​ចម្ងាយ​២០០​ម៉ែត្រ​។​លោក​ឲ្យ​ដឹងថា ចំណាត់ការ​នេះ​បានធ្វើ​ទៅលើ​ហាង​ផឹកស៊ី​ចំនួន​ពីរ​និង​ទីតាំង​លក់​សត្វព្រៃ មួយកន្លែង​។ ក្នុងនោះ​ហាង​ម្លប់​ស្បូវ​សៀមរាប​ថ្មី​រកឃើញ​ពោះ​វែករនាម​១​ក្បាលពោះ ថ្លាន់​១​ក្បាល​សាច់​ទន្សង​១,៨​គីឡូក្រាម​។​
លោក​បាន​បញ្ជាក់ថា ចំពោះ​ហាង​ឈ្មោះ​ស្រីមុំ​វិញ កម្លាំង​ជំនាញ​បាន​ចូល​ឆែកឆេរ ប៉ុន្តែ​ពុំបាន​រកឃើញ​សាច់​ឬ​សត្វព្រៃ​អ្វី​នោះទេ​។ លោក​បន្ថែមថា ចំណែក​នៅ​ខាងក្រោយ​ទីតាំង​ក្បែរ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​វិញ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​រឹបអូស​កូនអណ្តើក​១៣៨​ក្បាល​,​សារិកាកែវ​ក្របី​១៤​ក្បាល​។ សត្វ​ទាំង​នោះបាន​យកទៅ​ប្រលែង​នៅក្នុង​រមណីយដ្ឋាន​អង្គរ​។​
​លោក​បាន​បញ្ជាក់ទៀតថា ចំពោះ​អ្នកលក់​សត្វ​ក្បែរ​ព្រះអង្គ​ចេក​ចម គឺ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការចាប់​សត្វ​មក​លក់ តទៅទៀត ។​ចំណែក​ម្ចាស់​ហាង​ម្លប់​ស្បូវ​សៀមរាប​ថ្មី គឺ​ធ្វើការ​ផាកពិន័យ​និង​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​នាំចូល​សត្វព្រៃ​យកមក​លក់​តទៅទៀត​។​
គួរបញ្ជាក់​ផងដែរ ជុំវិញ​ករណី​ខាងលើ​ត្រូវបាន​ពលរដ្ឋ​សាទរ​យ៉ាងខ្លាំង ខណៈដែល​សមត្ថកិច្ច​បា​ន​ចុះបង្ក្រាប​នៅតាម​ហាង ផឹកស៊ី​ក្នុង​ក្រុង​សៀមរាប​និង​នៅ​ខាងក្រោយ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ដែល​ពួកគាត់​លើកឡើង​ពី​ការសោកស្តាយ​ចំពោះ​ការ ហិនហោច​សត្វព្រៃ​ទាំងនោះ ហើយ​ពលរដ្ឋ​ទទូច​សុំ​ឲ្យ​សមត្ថកិច្ច​មាន​ចំណាត់ការ​នេះ​បន្តទៅទៀត​ជា រៀងរហូត​ពីព្រោះថា ក្រៅពី​ហាង​ទាំងពីរ​ខាងលើ​នៅក្នុង​ក្រុង​សៀមរាប​មាន​ហាង​ផឹកស៊ី​ជាច្រើន កន្លែង​ទៀត​ដែល​សុទ្ធសឹងតែ​លក់​សត្វព្រៃ​ដើម្បី​ធ្វើ​មានបាន​យ៉ាង ត្រជាក់ត្រជុំ​ដែលមាន​កម្លាំង​សមត្ថកិច្ច​មួយចំនួន​បាន​ទៅយក​លុយ​ពី​ម្ចាស់​ហាង​ថែម​ទៀតផង ប្តូ​នឹង​ការមិន​ចុះបង្ក្រាប​៕៥ ៦ ៤​ដោយ​វេហាស៍​