នៅសាលាខេត្តកំពត៖ ព្រឹកថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០១៥ អាជ្ញាធរខេត្ត ដោយមានការចូលរួមពីក្រុមប្រឹក្សា គណអភិបាលខេត្ត ក្រុង ស្រុកមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ស ក្រុមយុវជនកកាបាទក្រហមនិងកាយរិទ្ធខេត្តប្រមាណជាង៣០០នាក់ បានធ្វើពិធីប្រារព្ធខួប
អនុស្សាវរីយ៍លើកទី៦២នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធិពលខេមរភូមិន្ត ៩វិច្ឆិកា១៩៥៣-៩វិច្ចិការ ២០១៥ ។ឯ.ឧ ខូយ-ឃុនហ៊ួរអភិបាលខេត្ត អាននូវសន្ទរកថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តកំពត សូមសម្តែងនូវមនោសញ្ចេតនារំភើបរីករាយយ៉ាងជ្រាលជ្រៅបំផុត ចំពោះទិវាជាប្រវត្តិសាស្ត្រ នៃការប្រកាសឯករាជ្យដ៏ពេញលេញ របស់កម្ពុជា ក្រោមព្រះរាជបូជនីយកិច្ច និងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តម ទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣ របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ”ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ហើយសន្ទរកថាក៏បានថ្លែងបន្ត ក្នុងនាមប្រជាពលរដ្ឋខ្មេរគ្រប់រូបតែងតែចងចាំនិងចារិកជាប់ជានិច្ចនៅក្នុងជីវិត នូវព្រះមហាករុណាទីគុណ ប្រកបដោយព្រហ្មវិហារធ៌មជ្រាលជ្រៅ របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពលនិងព្រះបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីសុខសាន្ត និងការអភិវឌ្ឍន៍ ។ព្រះអង្គបានបន្សល់ទុកនូវស្នាព្រះហស្ថ ដែលពុំអាចកាត់ថ្លៃបាន រហូតមកដល់សព្វថ្ងៃ ព្រមទាំងបានត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងវឌ្ឍភាពសង្គមជាតិខ្មែរទាំងមូល ដែល
ប្រជារាស្ត្រ ជាកូនជាចៅ ចៅទួតរបស់ព្រះអង្គ បានដង្ហែរតាមមាគ៌ាអភិវឌ្ឍដ៏ថ្លៃថ្លានេះជារៀងរហូតមក ។សន្ទរកថា ក៏បានបន្តសង្កត់ធ្ងន់ទៀតថា ផ្តើមចេញពីមាគ៌ាដឹកនាំប្រកបដោយព្រះរាជបញ្ញាញាណរបស់ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យជាតិខ្មែរ និងបានបន្តព្រះរាជបេសកកម្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង បានធ្វើឱយស្ថេរភាពនយោបាយ សន្តិសុខពេញលេញនៅទូទាំងប្រទេស និងផ្តើមចេញពីការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី ៥ នៃរដ្ឋសភា ទើបថ្ងៃដ៏មហោឡារិកនេះ បានធ្វើឡើង ដើម្បិសំដែងមនោសញ្ចេតនាអបអរសាទរចំពោះលទ្ធផលជាផ្លែផ្កាដ៏ត្រចះត្រចង់របស់ជាតិយើងផង និងការឆ្លុះបង្ហាញអំពីសមិទ្ធិផលទាំងឡាយដែលរាជរដ្ឋាភិបាលបានខិតខំ ដើម្បីស្តារ និងអភិវឌ្ឍប្រទេសជាតិ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋត្រូវបានលើក កម្ពស់ជាបន្តបន្ទាប់៕




































