ខេត្តសៀមរាប៖ក្នុងដំណើរទស្សនកិច្ចជាផ្លូវការក្នុងរយៈពេល០៤ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា របស់គណៈប្រតិភូក្រសួង ការពារជាតិ នៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយលោកឧត្តមនាយឧត្តមសេនីយ៍ ChangWanquanរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន
និងសហការី អមដំណើរដោយលោកឧត្តមនាយឧត្តមសេនីយ៍ម៉ឹង សំផនរដ្ឋលេខាធិការក្រសួងការពារជាតិ។ក្នុងដំណើរទស្សនកិច្ចនេះបានធ្វើឲ្យចំណង មិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែប្រកៀកស្មាគ្នាក្នុងកិច្ចអភិវឌ្ឍន៍លើវិស័យយោធា សំខាន់លើការជួយបណ្តុះបណ្តាលនូវធនធានមនុស្សនិងកម្រិតបច្ចេកទេសកងទ័ព ព្រមទាំងបទពិសោធន៍ល្អៗមួយចំនួនទៀតផង ។ក្នុងដំណើរមកដល់ខេត្តសៀមរាបនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបរបស់គណៈប្រតិភូ កាលពីរសៀលថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ២០១៥ ក្រោមការទទួលបដិសណ្ឋាកិច្ចរបស់ឯកឧត្តម អស់លោក លោស្រី ជាមេបញ្ជាការ បញ្ជាការរង យោធភូមិភាគទី៤ នាយសេនាធិការ នាយការិយាល័យ តំបន់ប្រតិបត្តិការសឹករងសៀមរាប ។ នៅរាត្រីថ្ងៃនោះដែរ ក៏មានធ្វើពិធីលៀងសាយភោជន៍ ជូនដល់គណៈប្រតិភូ នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាបក្នុងដំណើរបញ្ចប់ទស្សនៈកិច្ចនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ដែលបានប្រព្រឹត្តទៅប្រកបដោយភាពស្និតស្នាននឹងគ្នា រវាងក្រសួងការពារជាតិកម្ពុជា និង ក្រសួងការពារជាតិ នៃកងទ័ពរំដោះប្រជាជនចិន ដែលកាន់តែធ្វើឲ្យចំណងមិត្តភាពកម្ពុជា ចិន មានភាពរឹងមាំទៅអនាគត ។ក្នុងដំណើរទស្សនកិច្ចនៅលើទឹក
ដីប្រវត្តិសាស្ត្រនេះលោកឧត្តមនាយឧត្តមសេនីយ៍ Chang Wanquan និង សហការីបានអញ្ជើញទៅទស្សនានៅតាមរមណីដ្ឋានប្រាសាទអង្គរប្រាសាទបាយ័ននិងប្រាសាទតាព្រហ្ម ដែលជាសម្បត្តិវប្បធម៌មរតកនៃបុព្វបុរសខ្មែរយើងបានបន្សល់ទុកនូវវត្ថុដ៏មានតម្លៃ ក្នុងរជ្ជកាលព្រះបាទសូរិយាវ័រ្មនទី២និងព្រះបាទជ័យវរ្ម័នទី៧ដែលជាសំណង់និងស្ថាបត្យកម្មដ៏កំពូលបានបង្ហាញនូវការសិក្សាស៊ីជម្រៅនាសម័យអតិតកាលបានឆ្លុះបញ្ចាំងដល់ការវាយតម្លៃខ្ពស់នូវទេពកោសល្យស្នាដៃបុព្វបុរសដូនតាខ្មែរនៃចក្រភពមួយលើលោក។លោកChangWanquanនិងសហការី ក៏បានសម្លែងនូវក្តីស្ញប់ស្ញែងកោតសរសើរចំពោះកេរ្តិ៍មរតកខ្មែរដ៏មហាអស្ចារ្យពិតជាអច្ឆរិយៈវត្ថុគ្មានពីរលើលោកប្រៀបបាននឹងសំណង់ស្ថាបត្យកម្មទេពនិម្មិតមិនអាចកាត់ថ្លៃបាននៃដួងព្រលឹងជាតិកម្ពុជាហើយបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិផងដែរ។លុះនៅវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី០៨ខែវិច្ឆិកា២០១៥ ក្រុមគណៈប្រតិភូបានធ្វើដំណើរចាកចេញពីខេត្តសៀមរាបតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបឆ្ពោះទៅកាន់ទីក្រុងប៉េកាំងតាមជើងយន្តហោះផ្ទាល់ខ្លួនដោយបានពាំនាំនូវលទ្ធផលនៃក្តីសង្ឃឹម ដែលទទួលបានតាមរយៈដំណើរទស្សនកិច្ចនេះ ប្រកបដោយសុវត្ថិភាពខ្ពស់៕




































