ខេត្តកំពង់ឆ្នាំង៖ អ្នកធ្លាប់លេងល្បែងស៊ីសង៤នាក់ក្នុងចំណោម៦នាក់ នៅក្នុងស្រុកទឹកផុស ត្រូវបានអាជ្ញាធរស្រុក និងសមត្ថកិច្ចនគរបាលស្រុកកោះអញ្ជើញមកចូលរួមប្រជុំក្នុងអធិការដ្ឋាននគរបាលស្រុកទឹកផុស នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីធ្វើការអប់រំណែនាំ និងផ្សព្វផ្សាយអំពីច្បាប់បង្ក្រាបអ្នកលេងល្បែងស៊ីសង និងសំណូមពរអោយពួកគាត់បញ្ឈប់ប្រកបមុខរបរនេះ ផ្លាស់ប្តូរយកមុខរបរស្របច្បាប់វិញ។
លោក វ៉ាន់ ប៊ុនថាត អភិបាលរងស្រុកទឹកផុសបានលើកឡើងក្នុងកិច្ចប្រជុំនេះថា៖ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើអោយស្រុកទឹកផុសមានការរីកចំរើនលើគ្រប់វិស័យ និងធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែធូរធារឡើងជាលំដាប់។ ដោយឡែក ក៍នៅមានកើតឡើងនូវអំពើចោរកម្មមួយចំនួនផងដែរ ដោយសារតែមានប្រជាពលរដ្ឋមួយចំនួនតូច លេងល្បែងស៊ីសងខុសច្បាប់មាន បៀរ អាប៉ោង កន្ទុយលេខ។ល។ លោកអភិបាលរងស្រុកបានបញ្ជាក់អោយដឹងថា៖ នៅក្នុងមាត្រា៤, មាត្រា៥, មាត្រា៨, មាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីការបង្ក្រាបការលេងល្បែងស៊ីសងបានចែងថា«អ្នកលេងល្បែងស៊ីសង ត្រូវផាកពិន័យប្រាក់ពី១ម៉ឺន ទៅ៥ម៉ឺនរៀល និងផ្តន្ទាទោសដាក់គុកពី៧ថ្ងៃទៅ១ខែ ករណីមិនរៀងចាលត្រូវពិន័យប្រាក់ពី៥ម៉ឺនទៅ៥០ម៉ឺនរៀល និងផ្តន្ទាទោសដាក់ពី១ខែទៅ១ឆ្នាំ។ចំណែកអ្នកបើកកន្លែងលេងល្បែងស៊ីសង ត្រូវពិន័យប្រាក់ពី៥លានទៅ២០លានរៀល ផ្តន្ទាទោសដាក់គុក១ខែទៅ៥ឆ្នាំ»។
លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុសបានលើកឡើងថា៖ កន្លងមកក្នុងស្រុក មានអ្នកលេងល្បែងស៊ីសងច្រើនដែរ ប៉ុន្តែមកដល់ចុងឆ្នាំ២០១៥នេះ មានតិចតួចនិងលេងល្បែងតូចតាចតែប៉ុណ្ណោះ មិនធំដុំទេ។កន្លងមកដោយសារតែប្រពន្ធខឹងប្តី ឬកូនខឹងឳពុកម្តាយលេងល្បែង គេបានលួចរាយការណ៍រឿងនេះទៅលោកអភិបាលខេត្តកំពង់ឆ្នាំងសុំអោយជួយអន្តរាគមន៍ទប់ស្កាត់ និងបិទកុំអោយមានល្បែងស៊ីសងនៅក្នុងស្រុកទឹកផុស។លោកអធិការនគរបាលស្រុកបានបន្តថា កន្លងមកសមត្ថកិច្ចនគរបាលស្រុកក៍ធ្លាប់បានកោះហៅអ្នកលេងល្បែងស៊ីសងខាងលើនេះ មកធ្វើកិច្ចសន្យាអោយបញ្ឈប់ជាបន្តបន្ទាប់ផងដែរ តែអ្នកមួយចំនួនតូចនៅតែលួចលេង ហេតុនេះទើបសមត្ថកិច្ចកោះអញ្ជើញមកអប់រំណែនាំជាថ្មីម្តងទៀត។
លោក ឈីវ ទ្រី នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តដែលបានមកចូលរួមប្រជុំ បានសហការជាមួយលោកនាយផ្នែកនគរបាលព្រហ្មទណ្ឌស្រុកទឹកផុស ធ្វើកិច្ចសន្យាជាមួយអ្នកធ្លាប់លេងល្បែងទាំង៤នាក់ខាងលើ អោយបញ្ឈប់ការលេងល្បែងគ្រប់ប្រភេទតទៅទៀត បើនៅតែបន្តលេងទៀត ពេលសមត្ថកិច្ចចាប់ខ្លួនបាន នឹងកសាងសំណុំរឿងតាមផ្លូវច្បាប់បញ្ជូនទៅតុលាការខេត្ត មិនអត់អោនអោយឡើយ។កន្លងមកដោយសារតែ ល្បែងស៊ីសងកើតមាន បាននាំអោយប្រជាពលរដ្ឋមួយចំនួនកើតមានអំពើហឹង្សានៅក្នុងគ្រួសារ និងមានចោរកម្មលួចឆក់នៅក្នុងមូលដ្ឋាន។
ការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាជាមួយអ្នកលេងល្បែងដូចខាងលើនេះ អាជ្ញាធរ និងសមត្ថកិច្ច បានអនុវត្ត៣ស្រុករួចមកហើយ គឺក្រុងកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច និងស្រុកទឹកផុសចុងក្រោយនេះ តាមការចង្អុលការណែនាំរបស់លោកស្នងការនគរបាលខេត្ត និងតាមការឯកភាពពីលោកអភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពខេត្ត៕



































