កំពង់ធំៈ ថ្មីនេះមានការហាមឃាត់តឹងតែង ពីសំណាក់អាជ្ញាធរស្រុកសណ្តាន់ ហាមអ្នកសារព័ត៌មាន ចូលមកក្នុងទឹកដី ស្រុកសណ្តាន់ ដោយមានការ ដាក់កម្លាំងឃ្លាំមើលក្រោមការបញ្ជារបស់ លោក អ៊ុន បុត្ត អភិបាលស្រុកសណ្តាន់ និងលោក អួង ម៉ាលី អធិការស្រុកសណ្តាន់ ឲ្យកងកម្លាំងប៉ូលិស ប៉េអ៊ឹម តាមឃ្លាំមើល អ្នកសារព័ត៌មានណាចូលមក ក្នុងទឹកដីឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងបានរារាំងមិនឲ្យមានការថតរូបភាព ការដឹកបទល្មើស កាប់ឆ្ការរុករាន្ទ ដីព្រៃឡង់យកធ្វើជាកម្មសិទ្ធ ។
ការរិតត្បិតបំភិតបំភ័យដល់អ្នកសារព័ត៌មាន បានធ្វើឲ្យមានផលប៉ះពាល់ ដល់តួនាទីភារៈកិច្ចរបស់អ្នកសារព័ត៌មាន ក្នុងការចុះយកព័ត៌មាន ពាក់ព័ន្ឋទៅនឹងបទល្មើសផ្សេងៗ នៅក្នុងស្រុកសណ្តាន់ ខណៈពេលដែលបទល្មើសដែលកំពុងតែកើតឡើង ដូចទឹកបាក់ទំនប់ ដឹកជញ្ជូនឈើប្រណិត និងឈើលេខ២ ដូចគេហែរកឋិន រួមទាំងការរុករាន្ទដីព្រៃ យកធ្វើជាកម្មសិទ្ធ បំផ្លាញធនធានធម្មជាតិ បំផ្លាញព្រៃឡង់ ដែលជាព្រៃពីដូនតា កំពុងតែរលាយបន្តិចម្តងៗ នៅថ្ងៃអានាគត់គឺនៅសល់តែឈ្មោះ ព្រៃឡង់ ដោយសារនៅក្នុងព្រៃសុទ្ធតែចំការ របស់អ្នកមានអំណាច។
លោក ហ៊ុន សុខា ប្រធានក្លឹមអ្នកសារព័ត៌មាន ឯករាជ្យ បានឲ្យដឹងថា គោលបំណងដែលលោក បានដឹកនាំអ្នកសារព័ត៌មាន ចុះមកនៅថ្ងៃនេះ គឺជាការចូលសំបុកខ្លាដើម្បីរកឲ្យឃើញថា តើក្នុងបរិវេណព្រៃឡង់នេះ មានបទល្មើសដូចការ ចោទប្រកាន់ពីប្រជាពលរដ្ឋឬក៏អត់ ហើយមូលហេតុអ្វីបានជាអាជ្ញាធរមានការគំរាម គំហែងបំភិតបំភ័យ ទាំងសតិអារម្មណ៍ និងស្មារតី ស្ពាយកាំភ្លើងដើរទៅមកៗ ចំពោះមុខអ្នកសារព័ត៌មាន ឬក៏ចាត់ទុកអ្នកសារព៍ត៌មានជាឃាតករ ឬក៏ចោរប្លន់ បានជាមានសមត្ថកិច្ចប៉ូលិស មកធ្វើសកម្មភាពបែបនេះ ដូច្នេះក្រោយពីចុះមកដល់គោលដៅ យើងឃើញថា គឺសុទ្ធតែពោពេញទៅដោយបទល្មើស កាប់រុនរាន្ទដីព្រៃរបស់លោក អួង ម៉ាលី អធិការស្រុកសណ្តាន់ ទើបបានជា គាត់បញ្ជាកូនចៅមកហាម គំរាមនិងដកប័ណ្ណព័ត៌មាន ផ្សេងៗធ្វើឲ្យប៉ះពាល់នូវសិទ្ធិសេរីភាពក្នុងការបញ្ជេញមតិ។
ពាក់ព័ន្ឋទៅនឹងកាចោទប្រកាន់ ថាលោក អ៊ុន បុត្ត អភិបាលស្រុកសណ្តាន់ ហាមឃាត់និងមិនអោយអ្នកសារព័ត៌មាន ចូលថតរូបបទល្មើសផ្សេងៗ លោកបានបកស្រាយថា លោកមិនដែលហាមអ្នកសារព័ត៌មាននោះទេ គឺវាជាតួនាទីរបស់ គេខ្ញុំមានសិទ្ធីអ្វី ទៅហាមឃាត់គេ គឺគ្រាន់តែប្រាប់ថា អ្នកសារព័ត៌មាន អង្គការ សមត្ថកិច្ចខាងណាក៏ដោយ មុននឹងចូលមកស្រុកសណ្តាន់ ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរស្រុក ដើម្បីបង្ហាញលិខិតឧទ្ទេសនាម លិខិតប៉េសកម្ម និងបង្ហាញពី គោលបំណងថា យើងមកហ្នឹងគឺយើងធ្វើអ្វីខ្លះ ដើម្បីរួមគ្នាធ្វើការទាំងអស់គ្នា ទី២ បើសុំប្រតិបត្តិការក្នុងការបង្ក្រាបបទល្មើសនានា គឺសុំតែមួយទេករណីកំហុសឆ្គង ធ្វើផ្ទះសំបែងគឺសុំកុំឲ្យបំភិតបំភ័យ សំឡុតគំរាមទារលុយទារកាក់ ។
ដោយ ប៊ុន រដ្ឋា



































