ព្រះវិហារៈ ប្រជាពលរដ្ឋមានការព្រួយបារម្ភណ៍ ចំពោះព្រៃឈើ ដែលកំពុងតែរលាយហិនហោច ដោយពុំមាន ការយកចិត្តទុកដាក់ ពីសំណាក់ លោក អ៊ិត ភូម្រា នាយខណ្ទរដ្ឋបាលព្រៃឈើព្រះវិហារ និងលោក ឆេញ សេង នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យនោះឡើយ ថែមទាំងបណ្តែតបណ្តោយឲ្យមានការកាប់ឆ្ការុក រាន្ទដីព្រៃ ដែលជាដីព្រៃរបស់រដ្ឋ ដើម្បីវាទទីយកដីធ្វើជាកម្មសិទ្ធ ដោយមិនខ្វល់ពីសម្បត្តិរដ្ឋនោះឡើយ ។
សកម្មភាពការកាប់បំផ្លាញព្រៃឈើ ត្រូវបានប្រទះឃើញកាប់យ៉ាងអាណាធិបតេយ្យ នៅចំនុចភូមិម្រេចជាប់ផ្លូវទៅភូមិផ្អោប ឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារ ដែលត្រូវបានគេដឹងថា ការកាប់បំផ្លាញព្រៃឈើ ដើម្បីវាទទីយកដីនេះ គឺមានជាប់ពាក់ព័ន្ឋទៅនឹងបុគ្គល៦រូប ក្នុងនោះមានក្រុមប្រឹក្សាឃុំស្រយ៉ង់ និងមន្ត្រីអង្គការការពារធនធានធម្មជាតិផងដែរ ដែលបានកាប់រុករាន្ទដីព្រៃ ក្នុងនោះត្រូវបានគេស្គាល់ លោក លឹម សូរិយា ហៅពៅ មានតួនាទី ជាក្រុមប្រឹក្សាឃុំ ស្រយង់បានឲ្យគេដីព្រៃចែកគ្នា បានបញ្ជាឲ្យបក្សពួកចូលទៅកាប់ព្រៃវាទទីយកដីធ្វើជាកម្មសិទ្ធ ក្នុងម្នាក់ក្បាល១៥០ ម បណ្តោយ៥០០ម ។
លោក លឹម សូរិយា ក្រុមប្រឹក្សាឃុំស្រយ៉ង់ បានឲ្យដឹងតាមទូរស័ព្ទថា ដីព្រៃនេះត្រូវបានគេចែកគ្រប់ស្ថាប័ន មានទាំងមេព្រៃ និងក្រុមប្រឹក្សាឃុំទាំងអស់គ្នា លោកបានបញ្ជាក់ថា លោកបានកាប់ព្រៃចំនួន ៦ហិចតាយកដីយកមកធ្វើជាកម្មសិទ្ធ ព្រោះដីនេះបានផុតពីក្រុមហ៊ុន និងសហគមន៍ អស់ហើយទើបនាំគ្នាកាប់យកម្នាក់ បន្តិចទៅ ព្រោះមេព្រៃដែលជាសមត្ថកិច្ចជំនាញគេមិនអើពើស្អីផង ។លោក យុង ឡាវ ប្រធានអង្គការរធនធានធម្មជាតិបានឲ្យដឹងថា ដីនៅចំនុចនេះគេបានចែកគ្នាគ្រប់ស្ថាប័ន ដែលមានការពាក់ព័ន្ឋ ទើបលោកបានកាប់នឹងគេទៅ។
លោក ប៉ែន ឡាម មេឃុំស្រយ៉ង់បាន ឲ្យដឹងថា ដីនេះតាមពិតប្រជាពលរដ្ឋនៅខេត្តសៀមរាប បាននាំគ្នាមក កាប់ព្រៃវាទទីយកដី ក្នុងខេត្តព្រះវិហាររាប់រយហិចតា ទើបប្រជាពលរដ្ឋក្នុងស្រុកឃើញនាំគ្នាសំរុកកាប់យក ដីដែរ ដោយសារតែពុំមានសមត្ថកិច្ចជំនាញមេព្រៃណា ធ្វើការហាមឃាត់ទើបនាំគ្នា និងទប់ស្កាត់ បង្ក្រាបទើប បានជារលាយគ្មានសល់ ។
ប្រជាពលរដ្ឋដែលសុំមិនឲ្យបញ្ជេញឈ្មោះ បានខ្សឹបប្រាប់ថា ដីរាប់រយហិចតា គឺលោក មេឃុំ និងក្រុមប្រឹក្សា ឃុំស្រយ៉ង់បានឃុបឃិតគ្នា វាសចែកគ្នាយ៉ាងអាណាធិបតេយ្យ ក្នុងនោះក៏មានប៉ូលិស មេព្រៃចូលរួមដែរ គេចែកគ្នាហើយកាប់ឆ្ការដោយពុំញញើតពីច្បាប់បន្តិចសោះឡើយ ដូច្នេះសំណូមពរឲ្យក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទមានវិធានការទប់ស្កាត់ជាបន្ទាន់ ។ដោយ ប៊ុន រដ្ឋា




































