​ច្រក​ដាក់​ដាំ​កំពុង​ក្លាយជា​ច្រក​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​សម្រាប់​អ្នករកស៊ី​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី​

0

​មណ្ឌលគិរីៈ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋនៅក្នុង​ខេត្តមណ្ឌលគិរី បាន​រិះគន់​ចំៗ​ចំពោះ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ថា រវល់​ដេកលក់​អស់ហើយ ប្រហែល​ដោយសារ​ត្រូវ​ថ្នាំ​របស់​ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ខុសច្បាប់ ខណៈ​ការដឹកជញ្ជូន​ឈើ​ប្រណីត​នៅ​ច្រក​ដាក់​ដាំ​កំពុង​ក្លាយជា​ច្រក​សេដ្ឋកិច្ច​ដ៏​ធំ​សម្រាប់​ពួកគេ ដោយ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងដែន​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង​អនាធិបតេយ្យ​បំផុត​នោះ​

​ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៤ មានការ​ដឹកជញ្ជូន​ប​ទ​ល្មើស​ព្រៃឈើ​ប្រណីត​បានកើត​ឡើង​យ៉ាង​គគ្រឹកគគ្រេង និង​អនាធិបតេយ្យ​បំផុត​រហូត​ប្រមាណ​ជាង ៣៥០​ក្បាល​ឡាន ដែលមាន​ប្រភេទ​រថយន្ត​ម៉ាក​ទំនើបៗ​ដូចជា ឡង់​គ្រី​ស័​រ កាមរី ស៊ាំ​យ៉ុង និង​មាន​ប្រភេទ​រថយន្ត​កែច្នៃ​ចម្រុះ​ផងដែរ​។​

​បច្ចុប្បន្ន ឈើ​ខុសច្បាប់​ទាំងនោះ កំពុងតែ​នៅលើ​ចំណុច​ដីសរ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ស្ថិតក្នុង​ដែន​សមត្ថកិច្ច​ប៉ុស្តិ៍​ច្រកទ្វារ​ទ្វេភាគី​ដាក់​ដាំ និង​ច្រក​ប៊ូ​ហ្វ្រាំង ដែល​ឈើ​ទាំងនោះ ត្រូវបាន​ឈ្មួញ​វៀតណាម​ឈ្មោះ ជឿ​ង កំពុងតែ​ដឹកជញ្ជូន​ដាក់​ក្នុង​កុងតឺន័រ​យកទៅលក់​ប​ន្ត​នៅ​ប្រទេស​ចិន​បាន​យ៉ាង​រំភើយ​។​ ​គួរកត់សម្គាល់​ផងដែរ​ថា កាលពី​យប់​ថ្ងៃទី​៥ ខែឧសភា​នេះ សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​បំផុត​បានចាប់ផ្តើម​ពី​ម៉ោងជាង​១២​យប់ រហូតដល់​ម៉ោង​៧​ព្រឹក​ទើប​ឈប់​។

ឈើ​ខុសច្បាប់​ដែល​បាន​ដឹក​ចេញ​នោះ មាន​ប្រមាណ​ជាង ៤៥០​ម៉ែត្រគូប ជា​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ និង​នាងនួន ដែល​បច្ចុប្បន្ន​ឈើ​ទាំងអស់នោះ កំពុងស្ថិត​នៅក្នុង​ចំណុច​ដីសរ​មាន​ប្រហែលជា ៣០០​ម៉ែត្រគូប និង​មួយចំនួនទៀត ត្រូវបាន​ឈ្មួញ​ឈ្មោះ ជឿ​ង ដឹកជញ្ជូន​ចេញទៅ​ប្រទេស​វៀតណាម​ហើយ​។​ ​

ការដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​នេះ មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដែលមាន​គេ​រត់ការ​ពីលើ​ចុះក្រោម​ដោយ​ឈ្មួញ​វៀតណាម​ឈ្មោះ ជឿ​ង និង​ជាពិសេស​មាន​លោក​ស្នងការរង​ឈ្មោះ សូ សុវណ្ណ ជា​អ្នកកាង​លើ​ស្ថាប័ន​នគរបាល​ពីលើ​ដល់​ក្រោម ហើយក៏​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​បំផុត​សម្រាប់​លោក យូ សុធា ជា​មេ​ច្រក​ទទួលបន្ទុក​ខុសត្រូវ​លើ​ដង​បា​រ៉ា​ស​ចេញចូល រីឯ​ស្ថាប័ន​ផ្សេងៗ​ទៀត ក៏​កំពុងតែ​ដេកលក់​យ៉ាង​ស្កប់ស្កល់ ដែល​មិន​ងាយ​នឹង​ដាស់​ឲ្យ​ភ្ញាក់​ឡើយ​៕ mmexport1399357018966