មន្ទីរធនធានទឹកខេត្តសហការជាមួយអាជ្ញាធរស្រុកបូមទឹកពីទន្លេ ដាក់ចូលក្នុងអាងនិងទំនប់ស្តុកទឹកតាមស្រុកចំនួន៥ស្រុកទុកអោយប្រជាពលរដ្ឋធ្វើស្រែប្រាំង

0

ខេត្តកំពង់ឆ្នាំង៖ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្ត បានអោយដឹងនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះថា៖ មកដល់ថ្ងៃនេះមន្ទីរធនធានទឹកខេត្ត សហការជាមួយអាជ្ញាធរតាមស្រុកចំនួន៥ដាក់ម៉ាស៊ីនបូមទឹកធំៗចំនួន២២គ្រឿង ជួយបូមទឹកពីទន្លេ23 ដាក់តាមអាងស្តុកតាមស្រុក គឺមានស្រុកជលគីរីចំនួន១៣គ្រឿង ស្រុកកំពង់លែង១គ្រឿង ស្រុករលាប្អៀរ៣គ្រឿង ស្រុកកំពង់ត្រឡាច៣គ្រឿង និងក្រុងកំពង់ឆ្នាំង២គ្រឿង ហើយមកដល់ថ្ងៃនេះបូមទឹកដាក់ចូលអាង បានប្រមាណ១៨%ហើយ។ដោយឡែក លោក យិន សាវេន អភិបាលស្រុកជលគីរី បានថ្លែងអោយដឹងថា៖ មកដល់ថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០១៥នេះ អាជ្ញាធរស្រុកជលគីរីបានសហការជាមួយមន្ទីរធនធានទឹកខេត្ត និងសហគមក្នុងមូលដ្ឋាន បូមទឹកពីទន្លេដាក់ចូលក្នុងអាង និងទំនប់ស្តុកទឹកចំនួន៩កន្លែង ក្នុងស្រុកជលគីរី បានប្រមាណ៦០%ហើយ ដើម្បីស្តុកទឹកទុកអោយប្រជាពលរដ្ឋធ្វើស្រែប្រាំងលើផ្ទៃដីប្រមាណជិត៤.០០០ហិកតា។លោកអភិបាលស្រុកជលគីរីបានបញ្ជាក់អោយដឹងទៀតថា៖ នៅក្នុងឆ្នាំនេះដោយសារតែទឹកទន្លេតូចជាងឆ្នាំមុនៗ គឺទំនប់និងអាងស្តុបទឹកចំនួន៩កន្លែងនៅក្នុងស្រុក មិនត្រូវបានទឹកទន្លេឡើងចូលដល់ឡើយ ដែលធ្វើអោយប្រជាកសិករមានការព្រួយបារម្ភយ៉ាងខ្លាំង។ ព្រោះតែហេតុនោះហើយទើបអាជ្ញាធរខេត្ត និងស្រុក បានសហការជាមួយ ក្រសួងធនធានទឹក និងមន្ទីរធនធានទឹកខេត្ត ដាក់ម៉ាស៊ីនបូមទឹកពីទន្លេបញ្ចូលក្នុងទំនប់ និងអាងស្តុបទឹកដែលមានទាំង៩កន្លែងនៅក្នុងស្រុក។ចំណែកការអន្តរាគមបូមទឹកពីទន្លេមកដល់ពេលនេះមានរយះពេល១៥ថ្ងៃហើយ និងជាលទ្ធផលបូមទឹកបានប្រមាណ៦០%ហើយបញ្ចូលក្នុងអាង នឹងត្រូវប្រើពេលបូមទឹកជាង១០ថ្ងៃទៀតទើបពេញក្នុងទំនប់និងអាង។ ចំណែកម៉ាស៊ីនបូមទឹកដែលកំពុងជួយអន្តរាគមពេលនេះមាន ម៉ាស៊ីនធំៗរបស់ក្រសួងធនធានទឹកចំនួន៤គ្រឿង , ម៉ាស៊ីនធំៗរបស់មន្ទីរធនធានទឹកខេត្តចំនួន៩គ្រឿង និងម៉ាស៊ីនរបស់ប្រជាពលរដ្ឋក្នុងសហគមបានជួយសហការ ចំនួន៥៣គ្រឿង ដែលសរុបមានម៉ាស៊ីន៦៦គ្រឿង។ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ គិតមកដល់ដើម ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង ធ្វើស្រែប្រាំងសរុបបាន ១.៧៥០ហិកតាស្នើនិង ៥,៨៩ហិកតា លើផែនការ ២៩.៧០០ហិកតា ក្នុងនោះស្រុកជលគីរីធ្វើបាន៥២០ហិកតា , ស្រុកកំពង់ត្រឡាចធ្វើបាន៧០៥ហិកតា , និងស្រុករលាប្អៀរធ្វើបាន ២២៥ហិកតា។លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅចុងសប្តាហ៍មុននេះ បានចុះទៅពិនិត្យមើលការអន្តរាគមបូមទឹកនៅក្នុងស្រុកជលគីរី ដោយលោកបានសំណូមពរអោយអាជ្ញាធរគ្រប់ស្រុក មន្ទីរធនធានទឹកខេត្ត និងមន្ទីរកសិកម្មខេត្ត ត្រូវសហការគ្នាអោយបានល្អក្នុងការបូមទឹកដាក់ក្នុងអាងនិងទំបន់តាមមូលដ្ឋានភូមិ ឃុំ អោយបានទាន់ពេលវេលា ដើម្បីស្តុកទឹកអោយបានបរិបូណ៌ទុកជូនប្រជាកសិករយើងមានទឹកគ្រប់គ្រាន់ ក្នុងការធ្វើស្រែប្រាំងអោយទទួលបានលទ្ធផលល្អ៕133 23