ពលរដ្ឋ​ត្អូញត្អែរ​ការលំបាក​ធ្វើ​ប្លង់ដី​, មន្ត្រី​ត្អូញត្អែរ​ពី​រឿង​លំបាក លោក​ប្រធានការិយាល័យ​រៀបចំ​ដែនដី​មិន​បើកទ្វារ​ការិយាល័យ​ធ្វើការ​

0

​ កណ្ដាល​៖ ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ប្លង់ដី​ទូទាំង​ស្រុក​កណ្តាលស្ទឹង​បាន​និយាយ​ត្អូញត្អែរ​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី (​ប្លង់ដី​) នៅ​ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម សំណង់ និង​សុរិយោដី ស្រុក​កណ្តាលស្ទឹង​ដែលមាន​លោក នៅ សាត ជា​ប្រធានការិយាល័យ​នោះ មានការ​ពិបាក​ខ្លាំងណាស់ “ ដូច​ទៅសុំ​ភ្លើង​យក្ស​អញ្ចឹង​ដែរ ” ព្រោះថា លោក​នៅ សាត មិនដែល​ឃើញ​មុខ​នៅក្នុង​បន្ទប់ធ្វើការ​របស់លោក​ទេ ការិយាល័យ​សុរិយោដី​ស្រុក​កណ្តាលស្ទឹង បិតទ្វារ​ជិត​រហូត ហើយ​បើ​ចង់​ជួប​លោក​នៅ សាត ដើម្បី​ចុះហត្ថលេខា​លើ​ឯកសារ​ធ្វើ​ប្លង់ដី ទាល់តែ​ទូរស័ព្ទ បើ​មិន​ដូច្នោះ​ទេ មិន​ងាយ​បាន​ជួប​ឡើយ ហើយ​លោក​នៅ​សាត​តែងតែ​និយាយប្រាប់​ប្រជាពលរដ្ឋ និង​មន្ត្រី​ថ្នាក់ក្រោម​ថា លោក​ជាប់រវល់​ដើរ​រកស៊ី​ខ្លាំងណាស់​ក្នុង​មួយថ្ងៃៗ ។​

​ប្រភពពី​ប្រជាពលរដ្ឋ​ដដែល​បានលើកឡើង​បន្តថា រាល់​ឯកសារ​ធ្វើ​ប្លង់ដី ឬ​ផ្ទេរកម្មសិទ្ធិ​របស់​ពួកគាត់​ដែល​បាន​បំពេញបែបបទ​តាម​ជំនាញ និង​ត្រួតពិនិត្យ​ត្រឹមត្រូវ​ហើយ​នោះ ក៏​លំបាកលំបិន​ក្នុងការ​បញ្ជូន​ឯកសារ​ដើម្បី​ធ្វើ​ប្លង់ដី​ដែរ ហើយ​គេ​យក​ឯកសារ​កាក់​ទុកជា​ច្រើន​ខែ គឺ​លោក នៅ សាត មិន​ព្រម​ចុះហត្ថលេខា​បំពេញបែបបទ​តាម​លក្ខណៈ​បច្ចេកទេស ដោយ​លើក​ហេតុផល​ថា ខុស​នេះ ខុស​នោះ​រហូត​មិនដែល​ត្រូវ​ម្តងណា​ឡើយ ហើយ​ទុក​ឲ្យ​ឯកសារ​ធ្វើ​ប្លង់ដី​

របស់​ប្រជាពលរដ្ឋ​កកស្ទះ​ជា​បន្តបន្ទាប់ ប៉ុន្តែ​បើ​ម្ចាស់​ប្លង់ដី​មួយណា​មាន​ស្រោមសំបុត្រ​ជូន​លោក នៅ សាត នោះ លោក​នឹង​ចុះហត្ថលេខា​ភ្លាម បើ​គ្មាន​ស្រោមសំបុត្រ​ទេ កុំ​ស​ង្ឃឺ​ម​បាន​ប្លង់​កម្មសិទ្ធិ​មកកាន់​កាប់​ឲ្យ​សោះ អ្វីដែល​លោក នៅ សាត កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ធ្វើ​ឲ្យ​រាំងស្ទះ និង​មានការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​យ៉ាង​ក្រៃលែង ។​ ​

ទន្ទឹមនឹង​ភាពមិនប្រក្រតី​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​ខាងលើ ពួកគាត់​ក៏បាន​សំណូមពរ​យ៉ាងទទូច​ស្នើសុំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​មេត្តា​មាន​វិធានការ​ទៅលើ​មន្ត្រី​រូបនេះ ឲ្យ​បាន​ឆាប់​បំផុត ព្រោះ​បច្ចុប្បន្ន​លោក នៅ សាត កំពុង​ធ្វើ​ព្យុះភ្លៀង​យ៉ាង​សម្បើម​ណាស់ និង​ប្រព្រឹត្ត​អំពើពុករលួយ ជាពិសេស​គ្មាន​ចេតនា​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទេ ជាងនេះទៀត​

មន្ត្រី​រូបនោះ​មិន​គោរព​តួនាទី និង​ភារកិច្ច​របស់ខ្លួន​នោះឡើយ ហើយ​រាល់​ឯកសារ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​កណ្តាលស្ទឹង កំពុង​កកស្ទះ​គ្រប់កន្លែង​ម្នាក់ៗ​កំពុង​រង់ចាំ​ធ្វើ ប័ណ្ណកម្មសិទ្ធិ ដើម្បី​យកមកប្រើ​ប្រាស់​ស្របតាម​ផ្លូវច្បាប់ ។ រីឯ​ការងារ​សុំច្បាប់​អនុញ្ញាតិ​សាងសង់​វិញ បើ​ម្ចាស់​សំណង់​មិន​រត់​ច្បាប់​សាងសង់​តាម រយៈ​បក្ខពួក​របស់​ក្រុម​លោក នៅ សាត ទេ គឺ​គេ​មិន​ចុះហត្ថលេខា​ផ្តល់​ច្បាប់​ឲ្យ​ឡើយ ហើយ​បច្ចុប្បន្ន កំពុង​កើតមាន​បញ្ហា​នៅក្នុង​មូលដ្ឋាន គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​លើ​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ ។​ •​មន្ត្រី​ត្អូញត្អែរ​ពី​រឿង​លំបាក​ថា​លោក​ប្រធាន​បង្កើត​បក​ក្ខ​ពួក និង​មិនដែល​ចូល​

កន្លែងធ្វើការ ​មន្ត្រី​ជាច្រើនរូប​បាន​ត្អូញត្អែរថា លោក​នៅ សាត មិន​ត្រឹមតែ​ប្រព្រឹត្ត​ភាពមិនប្រក្រតី​ក្នុងការ​ចុះហត្ថលេខា​លើ​ឯកសារ​ធ្វើ​ប្លង់ដី​ដល់​ប្រជាពលរដ្ឋ​នោះទេ សូម្បីតែ​មន្ត្រី​ថ្នាក់ក្រោម​ក៏​លោក​មិន​រាប់រក​ដែរ ការដឹកនាំ​របស់គាត់​បង្កើត​បក្ខពួកនិយម​នៅក្នុង​កន្លែងធ្វើការ ពិសេស​លោក​នៅ សាត មិន​ចូល​កន្លែងធ្វើការ​បង្ក​ការលំបាក​ដល់​មន្ត្រី​ថ្នាក់ក្រោម​ពេល​ត្រូវ​ការជួប​លោក​ដើម្បី​ចុះហត្ថលេខា​លើ​ឯកសារ​ផ្សេងៗ ក៏​ដូច​ឯកសារ​ធ្វើ​ប្លង់ដី​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ។​ ​មន្ត្រី​ខាងលើ​បន្ថែមថា លោក​នៅ សាត ជា​មន្ត្រី​ដុះ​ស្លែ​មួយរូប កាន់​ជា​ប្រធានការិយាល័យ​សុរិយោដី​ស្រុក​កណ្តាលស្ទឹង រាប់សិប​ឆ្នាំ​មកហើយ ហើយ​មួយរយៈ​ចុងក្រោយ​នេះ លោក​នៅ សាត បានដៃ​កំពុង​ធ្វើ​ព្យុះភ្លៀង និង​ការដឹកនាំ​ខុសឆ្គង ដោយ​មិន​ប្រើ​មន្ត្រី​ចាស់ៗ​ដែលមាន​ជំនាញ​ច្បាស់លាស់​ទេ គឺ​គេ​ប្រើតែ​បក្ខពួក​របស់ខ្លួន​តែប៉ុណ្ណោះ ។

ចំពោះ​រឿង​ពុករលួយ​ក្នុងការ​ចុះហត្ថលេខា​លើ​ឯកសារ​ធ្វើ​ប្លង់ដី​កន្លងមក មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ ខេត្ត និង​ក្រសួង​បានដឹង​រឿងរ៉ាវ​ខុសឆ្គង​របស់លោក នៅ សាត ច្បាស់​ណាស់ ហើយ​បាន​បង្កើត​សវនកម្ម​ចុះ​ត្រួតពិនិត្យ​ដល់​ការិយាល័យ​រៀបចំ​ដែនដី​ន​នៅ​ស្រុក​កណ្តាលស្ទឹង ប៉ុន្តែ​ក្រោយមក​ស្ងាត់​រហូត​ដោយ​គ្មាន​ការបញ្ជាក់ និង​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ណាមួយ​ឡើយ ។​ ​

មន្ត្រី​បាន​ត្អូញត្អែរ​ដោយ​សង្កត់ធ្ងន់ថា អ្វីដែល​លោក​នៅ សាត កំពុង​ប្រព្រឹត្ត គឺ​វា​ផ្ទុយទៅនឹង​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ខិតខំ​ធ្វើការ​កែទម្រង់​ដល់ទី​ជម្រៅ​លើ​គ្រប់​វិស័យ និង​លប់បំបាត់​ឲ្យ​ខាន​តែ​បាន​ចំពោះ​បញ្ហា​ការប្រព្រឹត្ត​អំពើពុករលួយ បក្ខពួកនិយម ចុះ​ហេតុអ្វី​លោក​ប្រធានការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​

សុរិយោដី​ស្រុក​កណ្តាលស្ទឹង​រូបនេះ នៅតែ​ហ៊ាន​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ជា​បន្តបន្ទាប់​យ៉ាង​ដូច្នេះ​…? ​ទាក់ទិន​នឹង​ករណី​ខាងលើ លោក ប៉ាវ ផល្លា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តកណ្តាល បាន​ប្រាប់​ឲ្យ​ដឹងថា លោក​ទើបតែ​ឡើងកាន់​ជា​ប្រធាន​មន្ទីរ ហើយ​កាល​នៅ​ជា​អនុប្រធាន​មន្ទីរ លោក​មិន​ទទួលបន្ទុក​ស្រុក​កណ្តាលស្ទឹង ដូច្នេះ លោក​ដឹង​ពុំ​ច្បាស់​ដែរ ។

លោក​ប៉ាវ ផល្លា បន្ថែមថា ការដឹកនាំ​ខុសឆ្គង​របស់​មន្ត្រី​ណា​ម្នាក់ យើង​ត្រូវធ្វើ​ការអនុវត្ត​ទៅតាម​ផ្លូវច្បាប់ ហើយ​លើ​ករណីនេះ ប្រសិនបើ​រឿង​ពិត នឹងត្រូវ​ធ្វើការ​ដោះស្រាយ​ជាបន្ទាន់ មិន​ទុក​ឲ្យ​ដំបៅ​រីក​រាលដាល​អូសបន្លាយ​តទៅទៀត​ទេ ៕image