ខេត្តកំពង់ឆ្នាំង៖ ផ្លូវលំគ្រោះក្រហមមួយខ្យែចេញពីផ្លូវជាតិលេខ៥ ចូលទៅភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ត្រូវបានទឹកហូរច្រោះដាច់លូនិងស្ពាន កាត់ដាច់ផ្លូវមួយកន្លែងនេះជាង៨ម៉ែត្រ ដោយមិនអាចធ្វើដំណើរបានកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ។
ប្រជាពលរដ្ឋ បានសំណូមពរដល់មន្ទីរពាក់ពន្ឋ័ និងអាជ្ញាធរខេត្ត សូមមេតា្តជួយ ជួសជុល និងដាក់លូទឹកនៅចំណុច ដែលរងការខូច ខាតនេះផង ដើម្បីអោយសិស្សសាលា និងប្រជាពលរដ្ឋបានធ្វើដំណើរឡើងវិញ ។លោក សោម វឺន អភិបាលស្រុករលាប្អៀរ បានអោយដឹងថា៖ ផ្លូវដែលដាច់មួយកន្លែងមិន អាចអោយធ្វើដំណើរបាននោះ គឺនៅចំណុចភូមិត្រពាំងក្រពើ ក្នុងឃុំទឹកហូត ជាកន្លែងមានលូបង្ហូរទឹក តែកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រូវបានទឹកហូរច្រោះ ដាច់លូនិងដាច់ផ្លូវ អស់ប្រវែងប្រមាណ៨ម៉ែត្រ មិនអាចធ្វើដំណើរបាន ពិសេសក្មេងៗទៅសាលារៀន ។ ដោយសារតែបែបនេះ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក និងលោកស្រី វិសាល ប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជា បានដឹកនាំប្រជាពលរដ្ឋ រួមគ្នាកសាងស្ពានឈើមួយជាបណ្តោះអាសន្ន ដើម្បីអោយប្រជាពលរដ្ឋ និងសិស្ស បានធ្វើដំ ណើរ ទៅសាលារៀន គឺស្ពាននេះត្រូវបានប្រជាពលរដ្ឋ បាននាំគ្នាកាប់ដើមប្រេងខ្យល់ ដើមអាកាស្យា ដែលមានតាមផ្ទះ មកធ្វើជាសសរ ធ្វើជាមេស្ពាន និងធ្វើជាននូត បន្ទាប់មកក្រាលក្តារ គ្រាន់តែសម្រាប់ ចុះបណ្តើរកង់ ម៉ូតូឆ្លងកាត់បានតែប៉ុណ្ណោះ មិនអាចអោយរថយន្តឬ គោយន្តបើកបរ ឆ្លងកាត់បានឡើយ ។
ដោយសារតែបែបនេះហើយ ទើបប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ស្នើសុំដល់មន្ទីរពាក់ពន្ឋ័
ពិសេស លោកអភិបាលខេត្ត មេត្តាជួយជួសជុលផ្លូវដាច់នៅចំណុចខាងលើនេះផង ដោយសុំអោយធ្វើជាស្ពានបេតុង និងធ្វើលូបង្ហូរទឹក ដែលអាចធ្វើដំណើរបានទាំងរថយន្ត និងគោយន្ត ព្រោះថា ប្រជាពលរដ្ឋធ្លាប់ដឹកជញ្ជូន កសិផលផ្សេងៗ និងស្រូវអង្ករ ឆ្លងកាត់ស្ពាននោះជាប្រចាំ ពិសេសជិតដល់រដូវច្រូតកាត់ស្រូវវស្សាជិតដល់ហើយដែលពួកគាត់ត្រូវប្រើគោយន្ត រទេះគោ ដឹកជញ្ជូនប្រមូលផលស្រូវ ៕




































