ធនាគារជាតិ​នៃ​កម្ពុជា​ទើបបាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​ការ​ចេញ​ផ្សាយ​ធនប័ត្រ​ប្រភេទ ៥០.០០០​រៀល​

0

ធនាគារជាតិ​នៃ​កម្ពុជា​ទើបបាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​ការ​ចេញ​ផ្សាយ​ធនប័ត្រ​ប្រភេទ ៥០.០០០​រៀល​គំរូ​ថ្មី​មួយទៀត​។ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា ដើម្បី​ចូលរួម​អបអរសាទរ ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គម្រប់​ព្រះ​ជន្មាយុ​៦១ យាង​ចូល​៦២ ព្រះវស្សា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៣-១៤-១៥ ខែឧសភា ឆ្នាំ​២០១៤ ខាងមុខនេះ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយ​រក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​អោយ​ធនាគារ ជាតិ​នៃ​កម្ពុជា​បោះផ្សាយ ទន្ទឹមគ្នា​នឹង​ធនបត្រ​ផ្សេងទៀត និង​ដាក់អោយ​ចរាចរ​ធនប័ត្រ​ប្រភេទ ៥០.០០០​រៀល ជា​ផ្លូវការ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៤​នេះ​តទៅ​។​ ​ក​- លក្ខណៈ​ទូទៅ ៖ ​ ​ ​-​ទំហំ​ធនប័ត្រ ៖ បណ្តោយ ១៥៥ ម​ម និង​ទទឹង ៧២ ម​ម​ ​ ​ ​-​ពណ៌​ចម្បង គឺ​ពណ៌​សា្ល​ទុំ និង​ពណ៌​ត្នោត​ ​ ​ខ​- ផ្ទៃ​ខាងមុខ ៖ ​ ​ ​-​ផ្នែក​កណ្តាល ខាងស្តាំ​ត្រូវ​បាន​រំលេច​ឡើង​នូវ​ព្រះ​ឆាយាល័ក្ខណ៍​លើ​ពីមុខ​បញ្ឆិត ចំហៀង​ខាងឆ្វេង​នៃ​អតីត​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ខាងឆ្វេង​មាន​លេខ «៥០០០០» នៅ​ពី លើ​គេ បន្ទាប់មក​គឺជា​ហត្ថ​លេខ​របស់​ទេសាភិបាល និង​អគ្គ​បេឡា ព្រមទាំង​រូប​ជើងពាន​ទ្រ​ព្រះ​ខ័ន ព័ទ្ធជុំវិញ​ដោយ​កម្រងផ្កា និង​ក្បាច់​ភ្ញីទេស និង​នៅ​ខាងក្រោម​មាន​លេខ​-​មាលា ដែល​បោះពុម្ព​ដោយ ទឹកខ្មៅ រូបចម្លាក់​នាគ​ក្បាល​៧ ដែល​យក​គំរូ​តាម​រូបចម្លាក់​ថ្ម​នៅ​ប្រាសាទ​បាលី​លេ​យ្យ​ជិត​អង្គរធំ និង​អក្សរ «​ប្រាំ​ម៉ឺន​រៀល​» ព្រមទាំង​អក្សរ «​អ្នក​ក្លែង​ក្រដាសប្រាក់​នឹង​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​» នៅ​គែម​ខាងក្រោម​នោះ និង​មាន​ខ្សែ​សុវត្ថិភាព​ទំហំ ១,២ ម​ម កាត់​ទទឹង​ក្រដាសប្រាក់​ពីលើ​ដល់ ក្រោម​។​ ​ ​ ​-​ផ្នែក​ខាងស្តាំ ជ្រុង​លើ​មាន​អក្សរ «​ធនាគារ​នៃ​កម្ពុជា​» ព្រមទាំង​មាន​លេខ​-​មាលា​ដែល ត្រូវ​បាន​បោះពុម្ព​ដោយ​ទឹកខ្មៅ​ពណ៌​ក្រហម​នៅ​ពីក្រោម​នោះ និង​ជ្រុង​ខាងក្រោម​មាន​លេខ «៥០០០០» និង «50000» នៅ​បន្តបន្ទាប់​គ្នា​។​ ​ ​ ​-​ផ្នែក​ខាងឆ្វេង មាន​លេខ «50000» ព្រាលៗ​ដែល​ត្រូវ​បាន​បោះពុម្ព​តាម​បន្ទាត់​បញ្ឈរ ព្រមទាំង​មាន​និមិត្តសញ្ញា ពិសេស​សម្រាប់​ជន​ពិការ​ភ្នែក​នៅ​ពីក្រោម​នោះ និង​នៅ​កៀន​ខាងឆ្វេង មាន Hologram ទំហំ ១០ ម​ម ប្រកបដោយ​បច្ចេកវិទ្យា និង​ស្តង់ដារ​កម្រិត​ខ្ពស់​កាត់​ទទឹង​ក្រដាស ប្រាក់​ពីលើ​ដល់​ក្រោម​។​ ​ ​គ​- ផ្ទៃ​ខាង​ខ្នង ៖ ​ ​ ​-​ផ្នែក​កណ្តាល ត្រូវ​បាន​រំលេច​ឡើង​នូវ​រូបភាព​ប្រាសាទបាគង​នៃ​ក្រុម​ប្រាសាទរលួស ក្នុង​ខេត្តសៀមរាប និង​មាន​អក្សរ «​ប្រាំ​ម៉ឺន​រៀល​» នៅ​ពីក្រោម​នោះ​។​ ​ ​ ​-​ផ្នែក​ខាងស្តាំ មាន​រូបភាព​កូន​ដំរី​ឈរ​ទម្លាក់​ប្រមោយ​ចុះក្រោម​ដែឡ​យក​គំរូ​តាម​រូប ចម្លាក់​ថ្ម​នៅ​ប្រាសាទ​កោះ​កេរ ក្នុង​ឃុំ​ស្រ​យ៉ង់ ខេត្តព្រះវិហារ និង​មាន​លេខ «៥០០០០» នៅ​ពីក្រោម នោះ ព្រមទាំង​លេខ «50000» ដែល​ត្រូវ​បាន​បោះពុម្ព​តាម​បន្ទាប់​បញ្ឈរ​នៅ​កៀន​ខាងស្តាំ​។​ ​ ​ ​-​ផ្នែក​ខាងឆ្វេង ខាងលើ​មាន​អក្សរ «​ធនាគារជាតិ​នៃ​កម្ពុជា​» និង «NATIONAL BANK OF CAMBODIA» នៅ​បន្តបន្ទាប់​គ្នា ព្រមទាំង​លេខ «២០១៣» នៅ​ពីក្រោម​នោះ និង​នៅ​ជ្រុង​ខាង ក្រោម​មាន​លេខ «៥០០០០»​។​ ​ ​ចាប់​ពី​ថ្ងៃ​ចេញប្រកាស​នេះ​តទៅ ធនប័ត្រ​ប្រភេទ ៥០០០០​រៀល គំរូ​ថ្មី ត្រូវ​បាន​ដាក់​ធ្វើ​ចរាចរ ទន្ទឹមគ្នា​ជាមួយនឹង​ធនប័ត្រ​ប្រភេទ​ផ្សេងៗ​ទៀត​ដែល​ត្រូវ​បាន​ចេញផ្សាយ​កន្លងមក​។ សាធារណជន គ្រប់រូប​ត្រូវ​ពិនិត្យ​-​សម្គាល់​ធនប័ត្រ​គំរូ​ថ្មី​នេះ​អោយ​បាន​ច្បាស់លាស់​ដើម្បី​ជៀសវាង​ការភាន់ច្រឡំ​៕M06-i-full