ខេត្តកំពង់ឆ្នាំង ៖វត្តព្រះឥន្ទកោសី ហៅវត្តដំរីកូន ស្ថិតនៅក្នុងភូមិដំរីកូន ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ មានរឿងបាត់លុយកឋិនទាន ដែលបានដង្ហែចូលវត្តកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ចំនួនជាង១៣លានរៀល ធ្វើអោយផ្អើលទាំងគណៈកម្មការអាចារ្យវត្ត និងអាជ្ញាធរ ស្រុក នៅពេលដេញដោលសួរនាំស្រាវជ្រាវទើបដឹងថា បងប្អូនលោកចៅអធិការវត្តស្តីទី ជាអ្នកកាន់ប្រាក់បានច្រឡំយកលុយនេះទុកក្នុងថង់យាមលោក និងថាបានប្រគល់ប្រាក់នេះអោយលោកចៅអធិការវត្តស្តីទីទុកវិញ ។ ក្រោយពីមានការទាមទាររបស់គណៈកម្មការវត្ត ជាបន្តបន្ទាប់រយះពេល៩ថ្ងៃ និងដោយមានអាជ្ញាធរស្រុកជួយអន្តរាគមយ៉ាងយកចិត្តទុកផងនោះ ទើបនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោកចៅអធិការវត្តស្តីទី បានប្រគល់ប្រាក់ដែលលោកច្រឡំយកនោះ អោយមកគណៈកម្មការវត្តគ្រប់គ្រងវិញ។
លោកតាៗអាចារ្យនិងជាគណៈកម្មការវត្តដំរីកូនបានអោយដឹងថា៖ បច្ច័យដែលបានមកពី អង្គកឋិនទានចំនួន៧អង្គកឋិន កាលពីថ្ងៃទី០៣ ខែវិច្ឆកា កន្លងទៅនេះមាន ចំនួន៨៥.៧៨៦.០០០ រៀល ដែលដង្ហែចូលវត្តក្នុងថ្ងៃតែមួយ ក្នុងនោះមានប្រាក់កឋិន របស់សម្តេចចៅហ្វាវាំង គង់ សំអុល ចំនួន៧២លានរៀល និងប្រាក់កឋិនចំនួន៦កឋិនទៀត សរុបប្រាក់មានចំនួនជាង៨៥លានរៀល ។ ប៉ុន្តែពេលរាប់ទៅឃើញបានបច្ច័យសរុបតែចំនួនជាង៧២លានរៀលតែប៉ុណ្ណោះ ហើយគណៈកម្មការ អាចារ្យវត្ត និងមន្ត្រីសង្ឃស្រុកក៏បានយកប្រាក់៧២លានរៀលនោះទៅដាក់ផ្ញើក្នុងធនាគារមួយ ចំណែកប្រាក់ដែលបាត់ប៉ុន្មាន និងត្រូវបន្តស្រាវជ្រាវរកអោយឃើញ ។
លោក ឆាយ សារឿន ប្រធានការិយាល័យធម្មការនិងសាសនាស្រុកបរិបូណ៌បានអោយដឹងថា៖ បច្ច័យទាំងអស់ក្នុងពីធីអង្គកឋិនទាន គឺបងរបស់លោកចៅអធិការវត្តស្តីទី (មិនទាន់ប្រកាស) ព្រះនាម យ៉ង់ វណ្ណាន ជាអ្នកគ្រប់គ្រង ដោយគ្មានគណៈកម្មការវត្តណាមួយកាន់បច្ច័យនោះបានឡើយ ។ ពេលយកប្រាក់៧២ លានរៀល ទៅផ្ញើរធនាគារ នៅថ្ងៃទី០៤ ខែវិច្ឆិកា បងប្អូនលោកចៅអធិការវត្តស្តីទីបានទាមទាអោយដាក់ឈ្មោះ លោកចៅ អធិការវត្តស្តីទីព្រះនាម យ៉ង់ វណ្ណាន នោះទៀត តែគណកម្មាការវត្ត និងលោកមិនព្រម ហើយបានសម្រេចដាក់ឈ្មោះម្ចាស់ប្រាក់របស់វត្ត ក្នុងធនាគារមាន៣នាក់គឺ ៖ ១,ឈ្មោះ ឱ គង់ អាយុ៧១ឆ្នាំ ជាលោកតាអាចារ្យនៅក្នុងវត្តយូរយាណាស់មកហើយ ២.ឈ្មោះ ឈាង សំបូរ និង៣.ឈ្មោះ អុំ យឿង ទាំង២នាក់ គឺជាគណៈកម្មការវត្ត។ បន្ទាប់មកស្រាប់តែមានទូរសព្ទពីបងប្អូនរបស់ លោកចៅអធិការវត្តស្តីទី ដែលជាអ្នកកាន់ប្រាក់នោះបានទូរស័ព្ទប្រាប់ថា ប្រាក់១៣លានរៀល នោះគាត់ជាអ្នកច្រឡំដាក់ក្នុងថង់យាមយកទៅជាមួយ ហើយពេលនេះគាត់បានប្រគល់ជូនលោកចៅអធិការវត្តស្តីទីវិញហើយ។ក្រុមគណៈកម្មការ លោកតាអាចារ្យវត្ត និងមន្ត្រីសង្ឃស្រុក គឺមិនចង់ដេញដោលទៀតឡើយ តែសុំអោយលោកចៅអធិការវត្តស្តីទីនោះ ប្រគល់ប្រាក់ទាំងនោះមកគណៈកម្មការវត្កវិញដើម្បី យកប្រាក់នោះ មកដាក់ក្នុងធនាគារវិញ តែបច្ច័យទាំង១៣លានរៀលនោះ ព្រះសង្ឃព្រះនាម យ៉ង់ វណ្ណាន មិនទាន់ប្រគល់អោយនៅឡើយ។
ក្រោយមកនៅថ្ងៃទី១១ ខែវិច្ឆិកា លោកប្រធានធម្មការស្រុក មន្ត្រីសង្ឃស្រុក បានកោះហៅគណកម្មាការវត្តដំរីកូន និងលោកចៅអធិការវត្តស្តីទីអង្គនោះ មកប្រជុំសួរនាំទៀតនៅក្នុងវត្តព្រះឥន្ទទេព ស្រុកបរិបូណ៌ ពេលនោះព្រះអង្គ យ៉ង់ វណ្ណាន បានមានសង្ឃដីកាថា ប្រាក់ទាំងនេះលោកបានយកទៅដាក់ផ្ញើរក្នុងធនាគារអស់ហើយ និងបានសន្យាថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ខាងមុខនេះ និងដកយកប្រាក់នេះមកប្រគល់អោយគណកម្មការវត្តវិញ ប៉ុន្តែការសន្យានេះលោកអភិបាលស្រុកបរិបូណ៌មិនឯកភាពឡើយ។ ទើបនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ លោក ឃួនសៅរ៉ុម អភិបាលស្រុកបរិបូណ៌បានទៅប្រជុំដោះស្រាយនៅក្នុងវត្តដំរីកូននេះម្តងទៀត ទើបលោកចៅអធិការវត្តស្តីទីអង្គនោះបានប្រគល់បច្ច័យនោះអោយគណកម្មការវត្តគ្រប់គ្រងវិញ និងបានយកទៅទុកដាក់ផ្ញើរក្នុងធនាគារ។ ប៉ុន្តែលោកចៅអធិការវត្តស្តីទីព្រះនាម យ៉ង់ វណ្ណាន បានប្រ គល់បច្ច័យកឋិនតែ ចំនួន៧៩.៧៤០.០០០រៀលប៉ុណ្ណោះ ដោយឡែកចំពោះបច្ច័យចំនួន៥០.២៦០.០០០រៀលទៀត លោកមានសង្ឃដីកាថា ជាប្រាក់បច្ច័យ៤ លោកសុំទុកប្រើប្រាស់សំរាប់ព្រះសង្ឃក្នុងវត្ត ។
ប្រជាពលរដ្ឋស្រុកបរិបូណ៌ បានអោយដឹងថា៖ វត្តព្រះឥន្ទកោសី ហៅវត្តដំរីកូននេះ ធ្លាប់មានរឿងអាស្រូវម្តងរួចមកហើយ គឺរឿងស្ត្រីម្នាក់កើតកូនមកជាពង និងជាចិញ្ជៀន ក្រោយមកក៏សាបរលៀបវិញ ព្រោះជារឿងបោកប្រាស់មិនគួរអោយជឿ មកដល់ពេលនេះមានរឿងច្រឡំយកប្រាក់ដាក់ថង់យាមលោក ចំនួន១៣លានរៀលទៀត ដែលជារឿងគួរអោយហួសចិត្តមិនគួរកើតមានឡើយ បើលោកសង្ឃក្នុងវត្តដំរីកូន ធ្វើតែបែបនេះតើមានអ្នកចង់ធ្វើបុណ្យជាមួយទៀតទៅ៕