ទំពាំង​ស្នង​ឫស្សី គឺ​ពាក្យ​របស់​ចាស់​បុរាណ​ខ្មែរ​យូរណាស់​មកហើយ​

0

ភ្នំពេញ ៖ ទំពាំង​ស្នង​ឫស្សី គឺ​ពាក្យ​របស់​ចាស់​បុរាណ​ខ្មែរ​យូរណាស់​មកហើយ​។ បច្ចុប្បន្ននេះ ពាក្យ​នេះ​នៅតែ​ត្រូវបាន​មនុស្ស​ខ្មែរ​ប្រើប្រាស់​បាន​យ៉ាង​ទូលំទូលាយ​។ ធាតុពិត​នៃ​អត្ថន័យ​នៃ​ពាក្យ​នេះ បាន​ឆ្លុះបញ្ចាំង​ពី​សង្គមមនុស្ស​បច្ចុប្បន្ន ជាមួយនឹង​មនុស្ស​អតីតកាល ព្រោះតែ​មនុស្ស​គ្រប់រូប​មិនមាន​ជីវិត​អមត​ទេ ហើយ​មនុស្ស​គ្រប់​ជំនាន់ តាម​ធម្មជាតិ​ត្រូវតែ​បន្តវេន​ជា​បន្តបន្ទាប់​។​

​ដូច្នេះ ការថែរក្សា​វប្បធម៌​នៃ សង្គមជាតិ​មួយ​ត្រូវតែ​បន្តវេន​ទៅតាម​សម័យកាល ហើយ​វា​ត្រូវតែ​វិ​វ​ឌ្ឍ​តាម​ជីវភាព និង​កម្រិតយល់ដឹងរ​ប​ស់មនុស្ស​។ ក្នុងន័យនេះ មនុស្ស ដែលមាន​តួនាទី​ជា​អ្នកថែរក្សា​វប្បធម៌ គឺ​ត្រូវតែ​ជាម​នុស្ស ដែលមាន​ចំណេះ ដឹង ភាព​ស្រមើស្រមៃ​ច្នៃប្រឌិត​ឲ្យ​ស្របទៅតាម​សម័យកាល បើ​មិន​ដូច្នេះ​ទេ វប្បធម៌​នោះ​នឹងមិន​អាច​រីក​រាលដាល​បានទេ​។

សម្រាប់​ជនជាតិខ្មែរ​យើង បានចាត់ទុក​យុវជន​ជា​សរសេរ​ទ្រូង​របស់​ប្រទេសជាតិ ពោលគឺ​ពួកគេ​ជាម​នុស្ស ដែល​រឹងមាំ​ប្រកបដោយ​ឆន្ទៈ និង​ចំណេះដឹង ហើយ​អាច​កសាង​មាតុភូមិ​មួយ​ឲ្យ​រីកចំរើន​ទៅមុខ​បាន​។ ដូច្នេះ បើ​ចង់​ឲ្យ​វប្បធម៌​របស់​ជាតិ​សាស​យើង​រីកចំរើន​ទៅបាន គឺ​ពិតជា​អាស្រ័យ​លើ​យុវជន​? ​បច្ចុប្បន្ននេះ វប្បធម៌​របស់​បរទេស​បាន​រីកដុះដាល​ក្នុងសង្គម​ខែ្ម​រយ៉ា​ខ្លាំង ហើយ​ឥទ្ធិពល​នេះ​បាន​ចូលមក​ចាប់តាំងពី​មានការ​រីកចំរើន​នៃ​ការទាក់ទង​ធ្វើ​ជំនួញ​ជាមួយ​ប្រទេសជិតខាង​តាំងពី​យូរលង់​ណាស់​មកហើយ​។

យ៉ាងណាមិញ ការហូរចូល​នៃ​វប្បធម៌​បរទេស​តាំងពី​សម័យ​អតីតកាល​មក វា​មិនសូវ​ជាមាន​ឥទ្ធិពល​លឿន ហើយ​ខ្លាំង​នោះទេ ពោលគឺ​ដើម្បី​ផ្សព្វផ្សាយ​គេ​ត្រូវការ​ចំណាយពេល​វេលា​យូរណាស់​។ ជាក់ស្តែង​ដូចជា ឥទ្ធិពល​របស់​ព្រះពុទ្ធសាសនា និង​ព្រា​ហ្ម​សាសនា​ក្នុងប្រទេស​កម្ពុជា ត្រូវ​ចំណាយ​ពេលវេលា​រាប់រយឆ្នាំ ទើប​អាច​ជ្រាបចូល​ក្នុង​វប្បធម៌​របស់​ខ្មែរ​រហូតមកដល់​សម័យ​បច្ចុប្បន្ន​។ ចំណែកឯ ក្នុងពេល​បច្ចុប្បន្ន​វិញ ការផ្សាយ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែលមាន​ដូចជា​វិទ្យុ​ទូរ​ទ​ស្ស៍​បាន​ដើ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្សព្វផ្សាយ​វប្បធម៌​បរទេស​ក្នុងសង្គម​ខ្មែរ​។​ ​ឬ​សគល់​នៃ​វប្បធម៌​បរទេស ដែល​បាន​ហូរ​ចូលក្នុង​ប្រទេស​កម្ពុជា​ក្នុង​សតវត្ស​ទី​២០ និង​ទី​២១ នេះ​បាន​ស្រោច​ឥទ្ធិពល​របស់ខ្លួន ភាកច្រើន​ទៅលើ​ស្រទាប់​យុវវ័យ​។ ការហូរចូល​នៃ​វប្បធម៌​បរទេស​នេះ បាន​នឹង​កំពុងតែ​ពន្លិច​វប្បធម៌​របស់​ខ្មែរ​យើង​។ យ៉ាងណាមិញ ការចម្លង​វប្បធម៌​បរទេស​មួយចំនួន ក៏មាន​ប្រយោជន៍​សម្រាប់​សង្គម​ខ្មែរ​បច្ចុប្បន្ន ដែល​តម្រូវ​ឲ្យ​មនុស្ស​រស់នៅ​បែប​ស៊ីវីល័យ ទំនើបនិយម ហើយ​ការរស់នៅ​បែបនេះ គឺជា​ការជួយ​លើកស្ទួយ​នួវ​របៀប​រស់នៅ​បែប​បុរាណ​មួយចំនួនធំ​។

ដូច្នេះ​ការហូរ​ចួ​ល​នៃ​វប្បធម៌​បរទេស ប្រៀបបាន​នឹង​កាំបិត​មុខ​ពីរ ដែល​អាច​ប្រើ​សម្រាប់​គោលបំណង​អាក្រក់ ក៏បាន និង​ប្រើ​ក្នុង​គោលបំណង​ល្អ​ក៏បាន​។​ ​យើង​បានដឹងហើយថា​ការហូរចូល​នៃ​វប្បធម៌​បរទេស​ក្នុងសង្គម​ខ្មែរ ភាគច្រើន​មាន​ឥទ្ធិពល​ទៅលើ​យុវវ័យ​។ ជាក់ស្តែង​ដូចជា​បច្ចុប្បន្ននេះ ខ្សែភាពយន្ត​កូរ៉េ និង​ចម្រៀង​កូរ៉េ​បាន​នឹង​កំពុងតែ​វាយលុក​យ៉ាងខ្លាំង នៅលើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា ហើយ​ភាគច្រើន​នៃ​យុវជន​ខ្មែរ​បាន​ចម្លង​ម៉ូដ​សក់ ការ​ស្លៀកពាក់​មួយចំនួន​តាមរ​យៈ​ភាពយន្ត​ទាំងនោះ​។

យ៉ាងណាមិញ ការចម្លង​ទាំងអស់នេះ​វា​មិន​ខុស​ទាស់​អ្វី​នោះទេ ប៉​ន្តែ​គួរ​ណាស់​តែ​យុវជន​មួយចំនួន​នោះ ស្គាល់ និង​ឲ្យ​តម្លៃ​នៃ​ការ​ស្លៀកពាក់​បែប​ខ្មែរ ដែលជា​វប្បធម៌​ខ្មែរ តាំងពី​យូរណាស់​មកហើយ​នោះ​។​ ​ការ​ស្លៀកពាក់​លេច​លើ ខើច​ក្រោម​នេះ បានធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន​ទូទៅ​។ តួយ៉ាង​ដូចជា​ពេល​ថ្មី​នេះ មាន​តារា​ល្បី​មូ​យ​ចំនួន​បាន​ថត​រូបភាព​របស់ខ្លួន​បង្ហោះ​តាមរយៈ​បណ្តាញ​សង្គម ដែល​បង្ហាញ​ពី​ការ​ស្លៀកពាក់​មិន​សមជា​នារី​ខ្មែរ​សោះឡើយ​។

តើ​នេះ​ឬ ជា​វប្បធម៌​របស់​ខ្មែរ​? ទោះបី​ជាការ​ស្លៀកពាក់​នេះ បង្ហាញ​ពី​ភាព​ទំនើបនិយម​ក៏ពិតមែន ប៉ុន្តែ​វា​បានធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​សើចចំអក​ឲ្យ​ទៅវិញ​ទេ​។​ ​ដូច្នេះ ដើម្បី​ឲ្យ​វប្បធម៌​របស់​ជាតិ​យើង​បាន​រីក​សុះសាយ ដូច​បទ​ចម្រៀង​ពង្សាវតា​ខ្មែរ គួរ​ណាស់​តែ​យើង​នាំគ្នា​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ទោះបីជា​យើង​មិនអាច​អនុវត្ត​ឲ្យ​បាន​គ្រប់ពេលវេលា​ក៏ដោយ តែបើ​យើង​ចូលរួម​អនុវត្ត​នៅតាម​រដូវ​កាល​។

ឧទាហរណ៍​ដូចជា​បុណ្យចូលឆ្នាំ ឬ​ភ្ជុំបិណ្ឌ ជាដើម យើង​នឹង​អាច​ថែរក្សា​វប្បធម៌​របស់​យើង​បាន​។ យុវជន​ជា​ធនធាន​មួយ ដែល​មិនអាច​ខ្វះ​បានឡើយ​ក្នុងការ​ចូលរួមចំណែក​ក្នុង​ចែករំលែក​នូវ​វប្បធម៌​របស់​ជាតិ​សាស​របស់​យើង​ទៅកាន់​បណ្តារ​ប្រទេស​ផ្សេងៗ​ទៀត​៕​sp-7-5-2014-a