ខេត្តតាកែវ៖ អ្នកបើកបរប្រុស ស្រី៤នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយ២នាក់រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ និង២នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបីគ្រឿងបុកគ្នាយ៉ាងពេញ
ទំហឹង កាលពីវេលាម៉ោង ១៦: ៣០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើផ្លូវលេខ១២៩ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០-១១ ស្ថិតក្នុងភូមិស្នួលខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។បើតាមសម្តីមន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា មុនមានគ្រោះថ្នាក់នេះកើតឡើងប្រជាជននៅក្បែរកន្លែងកើតហេតុបានឃើញ ម៉ូតូមួយគ្រឿងម៉ាកហុងដា សេ៥០គុបជ្រុង ពណ៌ទឹកប៊ិច ដោយមានជិះគ្នា៣នាក់ បានធ្វើដំណើរមកពីទិសខាងលិចទៅកើត រួចបត់ ឆ្វេង មិនបានមើលចរាចរមកពីមុខ ស្របគ្នាភ្លាមៗនោះក៏ត្រូវម៉ូតូមួយគ្រឿងម៉ាកហុង សេ៥០ គុបជ្រុង ពណ៌ទឹកប៊ិច បើកបរ ដោយនារីម្នាក់ ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នាពីកើតទៅលិច បានបុកយ៉ាងពេញទំហឹងបណ្តាលឲ្យម៉ូតូទាំងពីរគ្រឿងដួល ខណៈពេលនោះក៏មានម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ក្រហម បើកបរដោយយុវជនម្នាក់ ដែលធ្វើដំណើរមកពីទិសខាងលិចទៅកើតយ៉ាងលឿនចាប់ហ្វាំងមិនជាប់ក៏ មកបុកជាមួយនឹងម៉ូតូគុបជ្រុងទាំងពីរគ្រឿងដែលកំពុងដួល បណ្តាលឲ្យអ្នកបើកបរ និងអ្នកជិះរងរបួសធ្ងន់ ២នាក់ និងស្រាល ២នាក់ ។ ប្រភពពីសមត្ថកិច្ចដដែលបានបន្តថា អ្នកបើរបរម៉ូតូម៉ាកគុបជ្រុង សេ៥០ ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ រ-5056 ភ.ព១ មានឈ្មោះ ច្រឹង ស៊ីនួន ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្នួលខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ រងរបួស្រាល និងអ្នកជិះពីក្រោយចំនួន២នាក់ៈ ទី១.ឈ្មោះ តាំង គឹមហ៊ួយ ភេទស្រី ៤៣ឆ្នាំ មុខរបរកសិករ រង របួសស្រាល និងទី២.ឈ្មោះ ស៊ន ស្រីនីត ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស រងរបួសធ្ងន់ អ្នកទាំងពីររស់នៅភូមិ-ឃុំជាមួយអ្នកបើកបរ។ ចំណែកអ្នកបើកបរម៉ូតូម៉ាក គុបជ្រុង សេ៥០ ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខតាកែវ 1C-9248 មានឈ្មោះ ភឿង តុលា ភេទស្រី អាយុ ២២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកញ្ចាង ឃុំស្លា ស្រុកសំរោង ខេត្ត តាកែវ រងរបួសធ្ងន់ ។ រីឯម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ក្រហម សេរី២០១៣ ពាក់ផ្លាកលេខភ្នំពេញ 1BT-6652 បើកបរដោយឈ្មោះ ផុន សុភាព ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងវិហារ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ របួសស្រាល។ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ លោកវរសេនីយ៍ទោ ជុំ ឈឿន អធិការនគរ បាលស្រុកព្រៃកប្បាស បានចាត់តាំងកម្លាំងជំនាញស្រុក ចុះធ្វើការវាស់វែង បញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ និងធ្វើកំណត់ហេតុដកហូតវត្ថុតាងម៉ូតូទាំង៣គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីបំពេញបែបបទរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ៕




































