បន្ទាយមានជ័យ ៖ គ្រួសារដែលត្រូវកូនបង្កើតវាយការប់សម្លាប់ប្តី ចំណែកកូនបង្ករជាប់ទោសនៅភូមិបឹងសិលា ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានទទួលអំណោយពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ តាមរយៈលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ វិច្ឆិកា ២០១៥ ។
លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ដោយមានការយកចិត្តទុកដាក់គិតគូរដល់សុខទុកប្រជាពលរដ្ឋពីសំណាក់នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ តាមរយៈលោក បាននាំយកអំណោយរួមមាន អង្ករ មី ទឹកត្រីទឹកស៊ីអ៊ីវ ប៊ីចេង សារ៉ុង និងថវិការ៤៥ម៉ឺនរៀល ជូនដល់ស្ត្រី ជាប្រពន្ធជនរងគ្រោះ និងជាម្តាយជនសង្ស័យជាកូនសម្លាប់ឪពុកខ្លួនឯង។
គួររំលឹកផងដែរថា ក្រុមគ្រួសារដែលទទួលអំណោយនេះ គឺកាលពីថ្ងៃទី១៤ វិច្ឆិកា កន្លងទៅ ប្តីរបស់ខ្លួនឈ្មោះ មួន ហ៊ាង អាយុ៥៩ឆ្នាំ កំពុងអង្គុយវាយឬស្សី ធ្វើជញ្ជាំង ត្រូវបានកូនប្រុសបង្កើតរបស់ខ្លួនឈ្មោះ ហ៊ាង កួយ ដោយខឹងនឹងឪពុកស្តីបន្ទោសបានយកឈើជ្រុងវាយចំក្បាលពីក្រោយ និងយកកាំបិតពូថៅកាប់ដាច់ដៃជើងយ៉ាងព្រៃផ្សៃ បណ្តាលអោយស្លាប់ក្នុងថ្លុកឈាម នៅហ្នឹងកន្លែង ហើយត្រូវបានសមត្ថកិច្ចឃាត់បុរសជាកូនយកទៅផ្តន្ទាទោសតាមច្បាប់ ៕