កំពង់ឆ្នាំង៖ វិវាទរវាងប្រជាពលរដ្ឋ៥៦គ្រួសារ ជាមួយម្ចាស់ផ្ទះថ្មឈ្មោះ លៀង សុង៉ូវ និងប្រពន្ធឈ្មោះ ឌិន ផល្លា ដែលត្រូវបានប្រជាពលរដ្ឋប្តឹងចោទថា បានសង់សំយ៉ាបផ្ទះថ្មរំលោភមកលើផ្លូវសាធារណៈ ចូលភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងនោះ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងមកនេះ នៅក្នុងសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តមអភិបាលខេត្ត បានបើកកិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ខេត្តក្រុង អាជ្ញាធរ ក្រុង និងមន្ទីរពាក់ព័ន្ធ ដើម្បីដោះស្រាយវិវាទខាងលើនេះជូនប្រជាពលរដ្ឋតាមការណែនាំពីថ្នាក់លើ។
លោក ម៉ម ឈឿម អ្នកនាំពាក្យសាលាខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា៖ នៅក្នុងកិច្ចប្រជុំដោះស្រាយវិវាទរវាងប្រជាពលរដ្ឋ៥៦គ្រួសារ ដែលកំពុងប្រើប្រាស់ផ្លូវ និងម្ចាស់ផ្ទះឈ្មោះ លៀង សុង៉ូវ ប្រពន្ធឈ្មោះ ឌិន ផល្លា ដែលប្រជាពលរដ្ឋចោទថា បានសង់សំយ៉ាបផ្ទះរំលោភមកលើផ្លូវសាធារណៈរបស់រដ្ឋ គឺឯកឧត្តម ឈួរ ច័ន្ទឌឿន បានប្រគល់អោយគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ខេត្តក្រុង ធ្វើការដោះស្រាយជាបន្ទាន់ក្នុងពេលឆាប់ៗនេះ អោយមានតម្លាភាពនិងប្រសិទ្ធិភាពខ្ពស់ដែលភាគីទាំងសងខាងអាចទទួលយកបាន។
អាជ្ញាធរក្រុងបានអោយដឹងថា៖ នៅក្នុងអំឡុងឆ្នាំ២០១២ ឈ្មោះ គឹម យឹត អាយុ៤២ឆ្នាំ ជាតំណាងប្រជាពលរដ្ឋចំនួន៥៦គ្រួសារ ស្មើនឹង៣១៤នាក់ ត្រូវបានលោក លៀង សុង៉ូវ និងប្រពន្ធឈ្មោះ ឌិន ផល្លា ជាម្ចាស់ផ្ទះប្តឹងទៅសាលាដំបូងខេត្តកំពង់ឆ្នាំងវិញក្នុងករណីរំខានដល់ការសាងសង់ផ្ទះថ្មធ្វើអោយខូចគ្រឿងសំណង់។រឿង លោកចៅក្រម សាន សុផាត បានកាត់ក្តីអោយឈ្មោះ គឹម យឹត និងប្រជាពលរដ្ឋ៥៦គ្រួសារចាញ់ក្តី ដោយតំរូវអោយសងប្រាក់ទៅម្ចាស់សំណង់ចំនួន៥ពាន់ដុល្លាថ្លៃខូចខាតទ្រព្យសម្បត្តិ, និង៥លានរៀលថ្លៃសងជម្ងឺចិត្ត។
ការកាត់សេចក្តីនេះរបស់ចៅក្រម សាន សុផាត ប្រជាពលរដ្ឋទាំង៥៦គ្រួសារមិនសុខចិត្តឡើយ ពួកគាត់ថាគ្មានភាពមិនប្រក្រតី ក៍បានប្តឹងទៅតុលាការសាលាឧទ្ទរណ៍ ហើយជាលទ្ធផលគឺប្រធានក្រុមប្រឹក្សាជំនុំជំរះក្តីលោក តាំង ស៊ុនឡាយ បានកាត់សេចក្តីលុបចោលសាលក្រមរដ្ឋប្បវេណីលេខ០៨«ង»ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៣ របស់លោក សាន សុផាត ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង និងបញ្ឈប់ការប្តឹងផ្តល់របស់ភាគីទាំង២។ក្រោយមកក៏មានការអន្តរាគមពីសម្តេចចៅហ្វាវាំង គង់ សំអុល តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រី អោយអាជ្ញាធរខេត្តក្រុងដោះស្រាយករណីនេះជូនប្រជាពលរដ្ឋ។
លោក គឹម យឹត តំណាងប្រជាពលរដ្ឋ៥៦គ្រួសារបានអោយដឹងនៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា៖លោកនិងប្រជាពលរដ្ឋមានការខកចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរក្រុង និងលោកចៅក្រម សាន សុផាត ដែលកាត់ក្តីអោយប្រជាពលរដ្ឋចំនួន៣១៤នាក់ចាញ់ក្តី ទោះបីជាមានការអន្តរាគមន៍ពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលយ៉ាងណាក៍ដោយ ពេលនេះអ្វីដែលប្រជាពលរដ្ឋចង់បាននោះគឺរុះរើសំយ៉ាបផ្ទះចេញពីលើផ្លូវសាធារណៈ។
ចំណែកស្ត្រីឈ្មោះ ឌិន ផល្លា និងលោក លៀង សុង៉ូវ ជាម្ចាស់ផ្ទះដែលត្រូវប្រជាពលរដ្ឋចោទថាសង់រំលោភលើផ្លូវសាធារណៈក៏បានអោយដឹងដែរថា៖ គាត់បានសង់ផ្ទះទៅតាមប្លង់ដែលចេញដោយសុរិយោដីក្រុង និងលោកអភិបាលក្រុងកំពង់ឆ្នាំង គឺគាត់មិនបានសង់ដោយផ្ទះគ្មានច្បាប់អនុញ្ញាតនោះឡើយ។រឿងនេះបើគណៈកម្មការៀបចំសណ្តាប់ធ្នាប់ខេត្តក្រុងថាគាត់សង់ខុសច្បាប់នោះ ក៏មិនមែនជាកំហុសរបស់គាត់ឡើយគឺលោកអភិបាលក្រុង និងសុរិយោដីក្រុង ត្រូវតែទទួលខុសក្នុងរឿងនេះ៕