កំពង់ឆ្នាំង៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងថា«ទីផ្សារ គឺជាអាយុជីវិតនៃសេដ្ឋកិច្ចផ្សាភ្ជាប់ពីសហគមនឬរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានមកកាន់ខេត្តក្រុង ដូចនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែគិតគូរការរៀបចំសណ្តាប់ធ្នាប់ទីផ្សារអោយមានអនាម័យ និងសោភ័ណភាពល្អ ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ និងអាជីវករ»។លោកជំទាវបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ក្នុងពិធីបញ្ចុះបឋមសិលាកសាងសាលប្រជុំថ្មីមួយខ្នងនៅក្នុងសាលាខេត្តកំពង់ឆ្នាំង។
លោកជំទាវបានថ្លែងបន្តទៀតថា៖ ការដោះដូរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយចំនួនតូចដែលសង់ប៉ះពាល់ដល់ការអភិវឌ្ឍន៍ ក្នុងការរៀបរយសណ្តាប់ធ្នាប់សាធារណៈនោះ មិនមែនបានន័យថាធ្វើអោយប្រជាពលរដ្ឋខាតបង់នោះទេ ដូចនេះប្រជាពលរដ្ឋសូមធ្វើការស្វែងយល់ និងចូលរួមអនុវត្តន៍ក្នុងផែនការរៀបចំអភិវឌ្ឍន៍របស់អាជ្ញាធរខេត្តក្រុង ដើម្បីផលប្រយោជន៍រួមរបស់ជាតិ និងប្រជាជន។ដោយឡែកប្រជាពលរដ្ឋដែលកំពុងយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋមកធ្វើអាជីវកម្ម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ត្រូវយល់ថាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ មិននៅតែដដែលនោះទេ គឺប្រមុខរាជរដ្ឋាភិបាល និងមានគំរោងពង្រីកក្នុងខេត្ត ផ្លូវជាតិ ផ្លូវអាស៊ាន ស្របតាមការរីកចំរើនរបស់ប្រទេសជាតិ និងការរីកចំរើនក្នុងតំបន់ និងសហគមន៍អន្តរជាតិ។
លោកជំទាវបានបន្តថា ស្នើសុំអោយអាជ្ញាធរខេត្តក្រុង រៀបចំបង្គន់សាធារណៈ និងធុងសំរាមនៅតាមតំបន់ទេសចរណ៍ក្នុងក្រុង និងរមណីយដ្ឋាននានាក្នុងខេត្ត ដែលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចេញចូលមកលេងកំសាន្ត ដើម្បីចូលរួមក្នុងចលនាប្រឡងប្រណាំងថ្នាក់ជាតិ « ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ »។
លោកជំទាវ ជូ ប៊ុនអេង ក៍បានថ្លែងកោតសសើរផងដែរដល់អាជ្ញាធរខេត្ត និងក្រុងកំពង់ឆ្នាំងដែលបានអនុវត្តន៍ផែនការបម្លាស់ទីតាំងផ្ទះបណ្តែតទឹកមុខទន្លេផ្សារក្រោម ទៅកាន់ទីតាំងថ្មីបានដោយជោគជ័យ។ទន្ទឹមនេះដែរលោកជំទាវ ក៍បានសំណូមពរដល់អាជ្ញាធរខេត្តក្រុង យកចិត្តទុកដាក់ដល់សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងទីតាំងថ្មីនិងសំណូមពរដល់បណ្តាខេត្តផ្សេងៗយកគំរូតាមខេត្តកំពង់ឆ្នាំង ក្នុងការរៀបចំសណ្តាប់ធ្នាប់ផ្ទះបណ្តែតទឹក។
ដោយឡែក ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍អោយដឹងថា៖គំរោងសាងសង់សាលប្រជុំថ្មីរបស់សាលាខេត្តនេះ មានទំហំបណ្តោយ៤៥ម៉ែត្រ គុណ២៤ម៉ែត្រ កំពស់២ជាន់ តាមរចនាបទខ្មែរអាចដាក់អ្នកចូលរួមប្រជុំបានចំនួន៥០០នាក់ ដែលជាគំរោងថវិការរបស់ជាតិ។ ទាក់ទងនឹងការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពនៅក្នុងទីក្រុងកំពង់ឆ្នាំង ឯកឧត្តមបានលើកឡើងថា៖ បច្ចុប្បន្នមានផ្ទះ៤ខ្នងដែលបានសាងសង់រំលោភលានមកលើដីផ្លូវសាធារណៈ ដែលអាជ្ញាធរខេត្តកំពុងយកចិត្តទុកដាក់សំរបសំរួលដោះស្រាយ ក្នុងនោះមានចំនួន៤ខ្នងដែលកំពុងមានការប្រឈមរើរុះ។ខាងមុខនេះគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ខេត្ត និងកម្លាំងចំរុះ នឹងអនុវត្តវិធានការរដ្ឋបាល ដើម្បីសំរេចអោយបានតាមផែនការណ៍អភិវឌ្ឍន៍របស់ខេត្ត។
ឯកឧត្តមក៏បានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តក្រុង សហការគ្នាអោយបានល្អ ដើម្បីសំរេចបាននូវផែនការណ៍រៀបចំសណ្តាប់ធ្នាប់លក់ដូរនៅផ្សារលើ និងផ្សារក្រោម ការរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេផ្សារក្រោម អោយក្លាយទៅជាតំបន់ទេសចរណ៍របស់ខេត្ត ដើម្បីចូលរួមលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងខេត្តអោយកាន់តែប្រសើរឡើងថែមទៀត៕