បន្ទាយមានជ័យ ៖ អ្នកបើកបររថយន្ត២នាក់ស្លាប់ហ្នឹងកន្លែង ដោយម្នាក់ត្រូវភ្លើងឆេះស្លាប់ក្នុងរថយន្ត ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចររថយន្តតាកូម៉ាបុរថយន្តកាមារី កាលពីព្រលប់ម៉ោង៦ និង១០នាទី ថ្ងៃទី១៦ វិច្ឆិកា ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំនុចខាងកើតវត្តរហាល២គីឡូម៉ែត្រ ក្នុងភូមិ-ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាមានជ័យ ។
លោក មន្ត្រីប៉ូលីស ស្រុកព្រះនេត្រព្រះបានអោយដឹងថា បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរខាងលើកើតឡើង កម្លាំងនគរបាលចរាចរស្រុកព្រះនេត្រព្រះ បានចុះដល់ទីតាំងភ្លាម ៗ និងលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងអន្តរាគមន៍បាញ់ពន្លត់ តែមិនអាចជួយសង្គ្រោះតៃកុងរថយន្តបានឡើយ ។
លោក សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរជើងគោកនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា តាមព័ត៍មានបឋមគ្រោះថ្នាក់ចរាចរនេះដោយសាររថយន្តតាកូម៉ាពណ៌ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ2K 3937 បើកបរដោយបុរសម្នាក់មានទីលំនៅនៅក្រុងប៉ោយប៉ែតពីលិចទៅកើត លុះដល់ចំនុចកើតហេតុខាងលើក៏បែកកង់មុខខាងឆ្វេង រេចង្កូតទៅបុករថយន្តកាម៉ារីពណ៌សរ ពាក់ស្លាកលេខ តាកែវ 2A 1451 ក្នុងទិសដៅច្រាសគ្នា បណ្តាលអោយរថយន្តកាម៉ារីឆេះខ្ទិចទាំងរថយន្ត និងតៃកុងដែលពុំទាន់ស្គាល់អត្តសញ្ញាណ ហើយកំពុងតែយកសពដែលឆេះមកវត្តព្រះនេត្រព្រះដើម្បីរងបងប្អូនមកទទួលយកទៅធ្វើបុណ្យ ៕




































