ខេត្តរតនគិរីៈ កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយសមត្ថកិច្ចមូលដ្ឋានស្រុកអូរជុំ ធ្វើការបង្ក្រាបបានរថយន្តដឹកបទល្មើសឈើប្រណិតចំនួន១គ្រឿងខណៈដែលរថយន្តបានធ្វើចរាចរចេញពីទីរួមស្រុកវ៉ើនសៃ តាមផ្លូវលំក្រាលគ្រួសក្រហមភ្ជាប់មកក្រុងបានលុង។
ប្រតិបត្តិការណ៍បង្ក្រាបនេះ បានកើតឡើងនៅវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ កម្លាំងសមត្ថកិច្ចបង្ក្រាបបានរថយន្តដឹកបទល្មើសឈើប្រណិតពេញប្រៀបមួយគ្រឿង រថយន្តម៉ាធុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2V-4175 ម្ចាស់រថយន្តមិនបានស្គាល់អត្តសញ្ញាណនោះទេ ដោយអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្ត និងឈើប្រណិតនៅកន្លែងកើតហេតុដែលស្ថិតនៅចំណុចភូមិថារ៉ងស្វាយ ឃុំអូរជុំ ខេត្តរតនគិរី។
តាមការអោយដឹងពីមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានអោយដឹងថា គាត់នឹងធ្វើការបង្ក្រាបរថយន្តដឹកបទល្មើសបន្តទៀត ដែលឈ្មួញគ្រប់ប្រភេទនៅដំណើរការធ្វើចរាចរ។ ប្រភពបានបន្តទៀតថា ឈើប្រណិត និងរថយន្តដែលបង្ក្រាបបាននេះ នាំមករក្សាទុកនៅឯស្នងការដ្ឋាននគរបាលខេត្ត និងបំពេញបែបបទ ប្រគល់ទៅអោយជំនាញរដ្ឋបាលព្រៃឈើស្រុកអូរជុំ រីឯចំនួនឈើប្រណិតដែលធ្វើការរឹបអូសបាននៅពុំទាន់កំណត់ចំនួនដុំពិតប្រាកដនោះទេ។
គួររំលឹកផងដែរថាមួយរយៈពេលកន្លងទៅឈ្មួញគ្រប់ប្រភេទសុទ្ធសឹងតែអ្នកមានបុណ្យស័ក្តិ និងអំណាច តែងផ្តុំគ្នាធ្វើចរាចរដឹកបទល្មើសទាំងយប់ ទាំងថ្ងៃ ដោយប្រើប្រាស់រថយន្តស៊េរីទំនើបៗមិនញញើតនិងសមត្ថកិច្ចតាមដងផ្លូវ ពីព្រោះក្រុមឈ្មួញទាំងនេះ បានត្រូវរ៉ូវ និងជំនាញរដ្ឋបាលព្រៃឈើជាស្រេចរួចហើយដោយបានគុណបុណ្យពីក្រសួងប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃដែលដឹកនាំដោយឯកឧត្តមជា សាម៉េតធី មកពញាក់ស្មាតីសមត្ថកិច្ចនៅក្នុងខេត្តរតនគិរី ទើបបទល្មើសបានបន្ថយ៕