បន្ទាយមានជ័យ ៖ ដោយកើតទុកមិនសុខចិត្តគ្រូកិច្ចសន្យាចំនួន៣នាក់ដែលស្ម័ក្រចិត្តបង្រៀននៅសាលាបឋមសិក្សាដំណាក់ថ្មី ក្នុងភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានតវ៉ានឹងនាយកសាលាដែលបានបញ្ឈប់ ពួគាត់ដោយដាក់អ្នកថ្មីជំនួសទាំងមិនទាន់បានបើកប្រាក់ខែអស់ ។
តាមការរៀបរាប់របស់លោកគ្រូអ្នកគ្រូទាំង៣នាក់ ដែលរួមមានឈ្មោះ លោកគ្រូ កាំង សុធា បង្រៀនបាន៥ឆ្នាំ លោកគ្រូ ខាត់ ងី បង្រៀនតាំងពីឆ្នាំ២០០៧ ដោយពុំទាន់មានអាគាសិក្សាសមរម្យ និងអ្នកគ្រូ យ៉ាំង សូរិយា បង្រៀនបាន២ឆ្នាំ ជាគ្រូបង្រៀនជាប់កិច្ចសន្យានៃសាលាដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ បានអោយដឹងថា ពួកគាត់ត្រូវបាននាយកសាលាឈ្មោះ សន សៀម បញ្ឈប់មិនអោយពួកគាត់បង្រៀនតាំងពីថ្ងៃបើកបវេសនកាលថ្មីឆ្នាំ២០១៥-២០១៦នេះ ដោយពុំបានប្រជុំវាយតម្លៃ ឬផ្តល់ដំណឹងមុនឡើយ ។
ក្នុងចំណោមគ្រូទាំង៣នាក់មានតែ អ្នកគ្រូម្នាក់ទេទាមទាសុំបង្រៀនបន្ត និងជាមួយគ្រូ២នាក់ទៀតសុំបើកប្រាក់ដែលក្រសួងផ្តល់អោយក្នុងឆ្នាំ២០១៤-២០១៥ ក្នុងម្នាក់៥លាន ដែលពួកគាត់បើកបានតែ២លាន៥សែនប៉ុណ្ណោះ ។ ពួកគាត់បានលើកឡើងពីប្រវត្តជូចត់ ពីការបង្រៀនសិស្ស តាំងពីបង្កើតសាលាដោយមេភូមិមក មិនទាន់មានគ្រូ ដែលមានតែគ្រូកិច្ចសន្យាដូចជាពួកគាត់រួមទាំងនាយកខាងលើ បានពុះពារបង្រៀនទាំងអាគាសិក្សាឈើមិនទាន់គ្រប់គ្រាន់នៅឡើយ និងផ្លូវរអិលផុងពិបាកធ្វើដំណើរ ។ លុះមានអាគាថ្មថ្មីបំពាក់ដោយសំភារៈគ្រប់គ្រាន់ និងប្រាក់បៀវត្សរ៍ឡើងថ្លៃ ស្រាប់តែនាយកសាលាខាងលើបញ្ឈប់ពួកគាត់ហើយបែរជារើសគ្រូកិច្ចសន្យាចំនួន២នាក់ផ្សេងទៀតមកបង្រៀនទៅវិញ ទាំងពុំបានចាប់ឆ្នោតជាមួយគ្រូកិច្ចសន្យាដ៏ទៃទៀតក្នុងការបញ្ឈប់ ។
ពួកគាត់បានបន្តអោយដឹងទៀតថា នាយកសាលាមិនដែលបង្រៀនសិស្សនោះទេ គឺតែងអោយគេបង្រៀបជំនួស និងពុំដែលសូវមកសាលាឡើយ ហើយក៏ពុំដែលបានបើកសំភារៈបង្រៀនដល់គ្រូៗណាម្នាក់ទេ ទុកអោយពួកគាត់ចំណាយថវិការផ្ទាល់ខ្លួនសម្រាប់ទិញ ឬសុំសិស្ស សម្រាប់ថវិការដែលក្រសួង ឬមន្ទីរប្រគល់អោយ និងថវិការដែលជួលដីសាលាអោយគេធ្វើស្រែក្នុងមួយឆ្នាំពី៣០ទៅ៦០ម៉ឺនរៀលក៏មិនដែលឃើញយកថវិការទាំងនោះមកប្រើប្រាស់សម្រាប់ជាផលប្រយោជន៍សាលាឡើយ គឺទុកអោយសាលារកតែផ្លូវដើរពុំបាន និងទីធ្លាសម្រាប់សិស្សក៏គ្មាន ។ ពួកគាត់ពុំដែលទទួលបានការលើកទឹកចិត្តរហូតដល់ត្រូវបានបញ្ឈប់ ។ឆ្លើយតបនឹងការចោតប្រកាន់ខាងលើ លោក សន សៀម នាយកសាលាបឋមសិក្សាដំណាក់ថ្មី បានអោយដឹងថា មូលហេតុដែលលោកបញ្ឈប់គ្រូទាំង៣នាក់ដោយសាតែ សាលាទទួលបាន គ្រូក្របខណ្ឌចំនួន២នាក់ត្រូវមកបង្រៀននៅសាលានេះ ទើបត្រូវបញ្ឈប់គ្រូកិច្ចសន្យាខាងលើ ហើយម្យ៉ាងទៀតដោយសាតែលោកគ្រូ២នាក់បាត់បង់សមត្ថភាពក្នុងការបង្រៀន ដោយម្នាក់ពិការភ្នែក និងម្នាក់ទៀតមានផ្ទុកមេរោគអេដស៍ ចំណែកអ្នកគ្រូម្នាក់ទៀតមិនស្តាប់តាមការណែនាំដោយមកបង្រៀនមិនដែលទាន់ពេល ។
ជាមួយគ្នានេះលោក ពៅ និត មេភូមិដំណាក់ថ្មីក៏បានរៀបរាប់អោយដឹងដែរថា ភូមិនេះគឺលោកជាអ្នករៀបចំ ដោយបានបែងចែកដីជូនពលរដ្ឋ និងដីសាលារៀនខាងលើ ព្រមទាំងបានស្នើសុំអាគាពីអង្គការ និងផ្លូវពីសម្តេចតេជោ ហ៊ុន សែន ។ សម្រាប់រឿងហេតុខាងលើ លោកបានដឹងយ៉ាងច្បាស់ ហើយពលរដ្ឋក៏ដូចជារូបលោក គ្រងនឹងស្នើរសុំប្តូរនាយកសាលាខាងលើ ៕