ខេត្តកំពង់ឆ្នាំង៖ យោងតាមអនុសាសន៍របស់ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ និងព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានបើកវគ្គផ្សព្វផ្សាយស្តីពីតួនាទីនិងភារកិច្ចអ្នកនាំពាក្យ និងសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់អង្គភាពប្រកបដោយតម្លាភាពនិងក្រមសីលធម៌។ វគ្គផ្សព្វផ្សាយនេះបានធ្វើឡើង ក្រោមអធិបតីភាពលោក ម៉ម ឈឿម ប្រធានមន្ទីរព័ត៌
មានខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុង/ស្រុកក្នុងខេត្ត ចំនួន៣៩នាក់។
លោក ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្ត និងជាអ្នកនាំពាក្យខេត្តកំពង់ឆ្នាំងបានលើកឡើងថា៖គោលបំណងនៃការបើកវគ្គផ្សព្វផ្សាយស្តីពីតួនាទីនិងភារកិច្ចអ្នកនាំពាក្យនិងសារៈសំខាន់នៃប្រព័ន្ធផ្សព្វ ផ្សាយតាមបណ្តាញសង្គមរបស់អង្គភាព ប្រកបដោយតម្លាភាពនិងក្រមសីលធម៌ គឺសំដៅអោយអ្នកនាំពាក្យគ្រប់អង្គភាពជុំវិញខេត្ត និងក្រុង/ស្រុក យល់ច្បាស់ពីតួនាទីនិងភារកិច្ចរបស់ខ្លួន។
អង្គភាពនីមួយៗក្រោយពីបញ្ចប់វគ្គផ្សព្វផ្សាយនេះទៅ ត្រូវធ្វើការពង្រីកនិងពង្រឹងប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនអោយមានភាពល្អប្រសើរប្រកបដោយប្រសិទ្ធិភាពខ្ពស់ គឺព័ត៌មានដែលផ្សព្វផ្សាយក្នុងប្រព័ន្ធផ្ស ព្វផ្សាយរបស់អង្គភាពនីមួយៗ ត្រូវប្រកបដោយតម្លាភាព,ក្រមសីលធម៌ និងត្រូវបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋដោយអាចទទួលយកបាន។ ទន្ទឹមនោះដែរហ៊ានបំភ្លឺនិងបកស្រាយរាល់ព័ត៌មានដែលប្រព័ន្ធផ្សព្វ ផ្សាយផ្សេងៗ ផ្សាយមិនពិតពីអង្គភាពរបស់ខ្លួន ដោយត្រូវមានឯកសារគ្រប់គ្រាន់សំរាប់ឆ្លើយនិងចំងល់ផ្សេងៗជាមួយអ្នកសារព័ត៌មាន ហើយគ្រប់អង្គភាពត្រូវចាត់តាំងមន្ត្រីក្នុងអង្គភាពរបស់ខ្លួន តាមដានគ្រប់បណ្តាញផ្សព្វផ្សាយអោយបានជាប់ជាប្រចាំ។
លោក ម៉ម ឈឿម ក៏បានផ្តាំផ្ញើដល់អ្នកនាំពាក្យពេលបញ្ចប់ការផ្សព្វផ្សាយនេះទៅ គ្រប់អង្គភាពជុំវិញខេត្តនិក្រុង/ស្រុកនិងត្រូវបង្កើតប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនអោយបានគ្រប់អង្គភាព ហើយត្រូវធ្វើការផ្សាយពីសកម្មភាពការងាររបស់ខ្លួនអោយបានជាប់ជាប្រចាំ ដោយព័ត៌មានទាំងនោះត្រូវប្រកបដោយក្រមសីលធម៌។អ្នកនាំពាក្យគ្រប់អង្គភាពហ៊ានបកស្រាយដែលប្រព័ន្ធផ្សព្វផ្សាយផ្សេងៗបានផ្សាយខុសពីការពិតពីអង្គភាពរបស់ខ្លួន។
អ្នកនាំពាក្យគ្រប់អង្គភាពមុននិងឆ្លើយសំណួររបស់អ្នកសារព័ត៌មានត្រូវមានការឯកភាពពីប្រធានអង្គភាព និងមានឯកសារគ្រប់គ្រាន់ ដើម្បីបកស្រាយអោយអ្នកសារព័ត៌មាននោះ ដោយត្រូវទទួលយកបានដោយអស់ចិត្ត មិនត្រូវទុកបញ្ហាអោយអ្នកសារព័ត៌មានចោទសួររឿងដដែលទៅថៃ្ងក្រោយឡើយ។
គ្រប់អង្គភាពករណីមានការចុះផ្សាយព័ត៌មាន គ្មានការពិតពីអង្គភាពរបស់ខ្លួនក្រោយរយៈពេលផ្សាយ៣ថៃ្ងយ៉ាងយូរ ត្រូវសុំយោបល់ពីប្រធានអង្គភាពរបស់ខ្លួននិងអ្នកនាំពាក្យរបស់សាលាខេត្ត ដើម្បីធ្វើការបំភ្លឺអោយប្រព័ន្ធផ្សព្វផ្សាយនោះ អោយយល់ពីការពិតដែលលើកទី១ និងត្រូវធ្វើការបំភ្លឺតាមបណ្តាញផ្សព្វផ្សាយរបស់ខ្លួន បើករណីអ្នកសារព័ត៌មាននោះមិនព្រមបំភ្លឺ គឺប្តឹងទៅតុលាការចាត់ការតាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន៕