សៀមរាប៖កាលពីល្ងាចថ្ងៃទី១៧ខែវិច្ឆិកាកន្លងទៅ មន្ត្រីជំនាញបសុសត្វ របស់មន្ទីរកសិកម្ម ខេត្តសៀមរាប សហការជាមួយមន្ទីរពាក់ព័ន្ធ បានចុះទៅសម្លាប់សត្វទា ប្រមាណជាង៣០០០(បីពាន់)ក្បាល ដែលកសិករចិញ្ចឹមនៅឯវាលស្រែមួយកន្លែង ក្នុងភូមិច្រនៀង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។
ការសម្លាប់សត្វទារ កប់ចោលចំនួនជាង៣០០០ក្បាលនេះ ធ្វើឡើង បន្ទាប់ពីសត្វទា១ហ្វូងបានកើតជម្ងឺងាប់ ជាបន្តបន្ទាប់ ហើយក្រសួងកសិកម្ម ក៏បានប្រកាសកំណត់កន្លែងដែលសត្វទាឈឺ ទាំងនោះថាជាតំបន់ ដែលផ្ទុះឡើងនៃជម្ងឺផ្ដាសាយបក្សី(H5N1)មក។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប គឺលោកមឿង សុនិត្យា។លោកមានប្រសាសន៍កាលពីរសៀលថ្ងៃពុធទី១៨ខែវិច្ឆិកាថា រូបលោកនិងមន្ត្រីជំនាញ បានចុះទៅសម្លាប់សត្វទា១ហ្វូង ដែលបានកើតជម្ងឺ កប់ចោល ព្រមទាំងបាញ់ថ្នាំសម្លាប់មេរោគ នៅតំបន់នោះរួចរាល់ហើយកាលល្ងាចថ្ងៃទី១៧ខែវិច្ឆិកាកន្លងទៅ។ លោកមឿងសុនិត្យា បញ្ជាក់ទៀតថា បន្ទាប់ពីការសម្លាប់សត្វទាជាង៣០០០ក្បាលកប់ចោលមក គឺមន្ត្រីជំនាញផ្នែកពេទ្យសត្វ នៅតែបន្តតាមដាននៅជុំវិញតំបន់ដែរទាកើតជម្ងឺតទៅទៀត។
មន្ត្រីមន្ទីរកសិកម្ម ឱ្យដឹងថានៅទូទាំងខេត្តសៀមរាប គឺមានតែតំបន់ភូមិច្រនៀង ឃុំព្រៃជ្រូក ស្រុកពួក តែ១ប៉ុណ្ណោះ ដែលសត្វទាបានឈឺងាប់ ពាក់ព័ន្ធនិងករណីផ្ដាសាយបក្សី។
មន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប លោកវេជ្ជ បណ្ឌិតក្រូស សារ៉ាត់ មានប្រសាសន៍ថាបើទោះបីជាមន្ត្រីពេទ្យសត្វ បានសម្លាប់សត្វទាចោល ជាង៣ពាន់ក្បាល ពាក់ព័ន្ធនិងជម្ងឺផ្ដាសាយបក្សី(H5N1)ក៏ដោយ ក៏រហូតមកដល់ពេលនេះ មិនមានប្រជាពលរដ្ឋណាម្នាក់ នៅតំបន់ជុំវិញនោះ បានឆ្លងជម្ងឺនោះឡើយ។ លោកវេជ្ជបណ្ឌិតក្រូស សារ៉ាត់ បញ្ជាក់ថាទោះយ៉ាងណាជាច្រើនថ្ងៃមកនេះ មន្ទីរសុខាភិបាល បានសហការជាមួយមន្ត្រីសុខភាពនៅតាមឃុំនិងស្រុក ឱ្យចុះអប់រំប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងសត្វទាឈឺងាប់ ឱ្យបានយល់ពីអាការៈនៃជម្ងឺផ្ដាសាយបក្សី ហើយបើមានអាការៈផ្ដាសាយ ឬក៏ជម្ងឺផ្លូវដង្ហើម ត្រូវប្រញាប់មករកគ្រូពេទ្យ។
កាលពីថ្ងៃទី១៤ខែវិច្ឆិកាកន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសស្ដីពីការកំណត់តំបន់ផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សី ចំនួន២កន្លែងនៅក្នុងប្រទេសកម្ពុជា គឺ១កន្លែងនៅភូមិដង្គត់ធ្នង់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង និងមួយកន្លែងទៀតនៅភូមិច្រនៀង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ ជម្ងឺផ្ដាសាយបក្សី គឺជាប្រភេទជម្ងឺផ្លូវដង្ហើម ដែលបង្ករឡើងដោយមេរោគម្យ៉ាង ហៅថា(H5N1)។ជំងឺនេះអាចកើតលើបក្សីគ្រប់ប្រភេទ និងអាចឆ្លងពីសត្វទៅមនុស្សតាមរយៈការប៉ះដោយផ្ទាល់ និងការទទួលទានសាច់សត្វដែលឈឺងាប់ជាដើម។
កាលពីដើមឆ្នាំ២០១៤កន្លងទៅ ជំងឺផ្ដាសាយបក្សី H5N1 បានផ្ទុះឡើងនៅកម្ពុជាចំនួន៩ករណី ហើយបានសម្លាប់មនុស្សចំនួន ៥នាក់ រហូតមកដល់ពេលនេះ មន្ត្រីជំនាញកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានបញ្ជាក់ថាក្រុមការងារអាចគ្រប់គ្រងស្ថានការបានហើយ ៕ វេហាស៍