ខេត្តប៉ៃលិន ៖ គេសង្កេតឃើញ កម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ៃលិន ដែលដឹកនាំដោយលោកព្រះរាជអាជ្ញារងខេត្តប៉ៃលិនម្នាក់ឈ្មោះ ថុល គឹមហ៊ឹង បានចុះទៅអនុវត្តន៏ដីកា ចាប់គ្រឿងញៀនផ្ទះប្រជាពលរដ្ឋមួយកន្លែង ខណៈពេលម្ចាស់ផ្ទះមិននៅ ព្រមទាំងរកគ្រឿងញៀនមិនឃើញ ក៏រិបអូសសម្ភារៈដូចជាគ្រែដេក កាដុងទឹក ,ចាន ឆ្នាំង តុក្កតាក្មេងលេង និងសូម្បីតែមាន់ក្រាប់ពងក៏មិនលើងលេងផងដែរ ។ ក្នុងការចុះចាប់គ្រឿងញៀននេះ បានប្រព្រិត្តទៅកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំនុចខកមូស ភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមការរៀបរាប់ពីឈ្មោះ ម៉ោក ចៀន ភេទប្រុស អាយុ៥៣ឆ្នាំ និងប្រពន្ធឈ្មោះ ស គន្ធា អាយុ៤៩ឆ្នាំ ដែលជាម្ចាស់ផ្ទះខាងលើ បានឲ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា នេះថា៖ គាត់មានស្រុកកំណើតរស់នៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ហើយបានមករស់នៅចំណុចខកមុស ក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នេះតាំងពីស្រុកមានសង្គ្រាម ។ ហើយនៅថ្ងៃកើតហេតុរូបគាត់មិននៅផ្ទះនោះទេ តែតាមរយៈកូនស្រីប្រាប់ នៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ មានសមត្ថកិច្ចនគរបាលស្លៀកពាក់ស៊ីវិលមួយក្រុម ប្រហែលជិត៣០នាក់ ដែលដឹកនាំដោយលោក ថុល គឹមហ៊ឹង ព្រះរាជអាជ្ញារងខេត្តប៉ៃលិន បានចុះមកឡោមព័ទ្ធ និងឆែកឆេររកគ្រឿងញៀននៅក្នុងផ្ទះរបស់គាត់យ៉ាងយូរ រហូតដល់ល្ងាច ដោយរកមិនឃើញគ្រឿងញៀននោះទេ ។ លោករៀបរាប់បន្តថា៖ ខណៈពេលរកមិនឃើញគ្រឿងញៀនលោក ថុល គឹមហ៊ឹង ព្រះរាជអាជ្ញារងខេត្តប៉ៃលិន បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចប្រមូលសម្ភារៈដែលនៅក្នុងផ្ទះ ដូចជា គ្រែដេកចំនួន៤គ្រែ ,ទូរទស្សន៏, ក្បាលឌីវីឌី ,អាគុយចំនួន២ ,អាំងស៊ីវ៉ាទ័រសាកអាគុយ ,បាស់តូចមួយឈុត ,បាស់ធំមួយឈុត ,ឌីណាមូភ្លើងមួយ ,ភួយមួយ, ចង្ក្រានហ្គាសមួយ, ធុងបាញ់ស្មៅ ,ចាន់ស្រាក់មួយ, ត្រីដែលអ្នកជិតខាងទិញយកមកផ្ញើរ ,មេមាន់ និងរបស់របរមួយចំនួនទៀត ។ ប្រភពព័ត៌មានពីកូនស្រីម្ចាស់ផ្ទះខាងលើឈ្មោះ ភីន បានឲ្យដឹងថា៖ ក្នុងថ្ងៃកើតហេតុគឺមិនមានអ្នកណាហ៊ានចូលផ្ទះនោះទេ ដោយពួកសមត្ថកិច្ចទាំងនោះនិយាយថាបើមានអ្នកណាចូលមកត្រួវចាប់ដាក់ខ្នោះទាំងអស់ ។
បើតាមលោក ឡេង ឈឹម អធិការរងក្រុងប៉ៃលិន បានឲ្យដឹងថា៖ គាត់បាននាំកម្លាំងចុះទៅឆែកឆេរ និងរុះរើ គ្រឿងញៀន តែក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកព្រះរាជអាជ្ញារង ថុល គឹមហ៊ឹង ព្រោះទទួលបានព័ត៌មានពីកម្លាំងសម្ងាត់ ដែលចុះទៅទិញថ្នាំញៀនបានចំនួន២គ្រាប់ពីកន្លែងនោះ ។
ទាក់ទងបញ្ហាខាងលើនេះ លោក ថុល គឹមហ៊ឹង ព្រះរាជអាជ្ញារង ខេត្តប៉ៃលិន ដែលទើបមកកាន់តំណែងថ្មី បានបញ្ជាក់ប្រាប់ថា៖ កន្លែងខាងលើនេះធ្លាប់ជាទីជំរក និងជាកន្លែងដែលចែកធំផងដែរ ដូច្នោះដើម្បីបំបែកសំបុកកុំឱ្យមានការជក់ និងចែកចាយគ្រឿងញៀនយ៉ាងអនាធិបតេយ្យបន្តទៀត ទើបលោកបញ្ជាឱ្យកម្លាំងសមត្ថកិច្ចនគរបាលធ្វើការរុះរើ និងប្រមូលសម្ភារទាំងអស់យកមករក្សាទុកនៅស្នងការតែម្តង ព្រមទាំងធ្វើសំណុំបែបបទដើម្បីកោះហៅម្ចាស់ផ្ទះមកសាកសួរ និងធ្វើកិច្ចសន្យាទៅតាមនីតិវិធី ។
សូមបញ្ជាក់ថា៖ ករណីខាងលើនេះ ត្រួវបានមជ្ឍមដ្ឋាននានារិៈគន់យ៉ាងខ្លាំងនៅពេលដែលព្រះរាជអាជ្ញារងម្នាក់នេះ ចុះអនុវត្តន៏ដីកា ឆែកឆេរពេលដែលម្ចាស់ផ្ទះមិននៅ ហើយព្រមទាំងប្រមូលសម្ភារៈ ចាប់តាំងពីមេមាន់ឡើងទៅ តើមានច្បាប់ក្នុងមាត្រាទីប៉ុន្មាន ដែលចែងថាម្ចាស់ផ្ទះមិននៅ ត្រួវប្រមូលទាំងអស់ ? ៕