បន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី១៨ វិច្ឆិកា ២០១៥នេះ មានការផ្ទុះអធិករណ៍មួយបានកើតឡើងរវាងក្រុមគ្រូសូត្រឆ្វេងស្ដាំ នៅក្នុងវត្តនិវេស ស្ថិតក្នុងភូមិសាលាដែង ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ បណ្ដាលឲ្យផ្អើលពេញវត្ត ដោយសារខាងឆ្វេងបានទាក់ទងញាតិញោមឲ្យដង្ហែបុណ្យកឋិនទានចូល តែខាងគ្រូសូត្រស្ដាំមិនឲ្យមានការដង្ហែបុណ្យកឋិននេះចូល។
ការផ្ទុះអធិករណ៍នេះ ត្រូវបានលោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យ រួមនិងលោក យឹម យឿន ប្រធានមន្ទីរធម្មការ និងពុទ្ធសាសនាខេត្តបន្ទាយមានជ័យ ព្រមទាំងព្រះកគ្រូ សំ វរៈ អនុគុណស្រុកមង្គលបូរី លោកស្រីអភិបាលរងស្រុកមង្គលបូរី ធ្វើការសម្របសម្រួលផ្សះផ្សា រម្ងាប់អធិករណ៍នេះ ទាំងគណៈកម្មការអាចារ្យវត្តមិនចង់អោយកើតមាន ដែលធ្វើអោយប៉ះពាល់ដល់កេត្តិយសវត្ត ដែលមិនធ្លាប់កើតមាន ។
តាមការលើកឡើងពីគណៈកម្មការអាចារ្យវត្តនៅក្នុងវត្តនិវេសនេះ បានអោយដឹងថា រឿងនេះមិនមានអ្វីធំដុំនោះទេ វាកើតឡើងដោយសារតែមានការកាច់កុងគ្នាពាក់ព័ន្ធនឹងប្រជាប្រិយភាព ដោយខាងលោកគ្រូសូត្រឆ្វេង មានព្រះសង្ឃជាច្រើន ចេះមើលជំងឺ ស្រោចទឹក អាចទាក់ទងពុទ្ធបរិស័ទច្រើនក្នុងការធ្វើបុណ្យ កសាងសមិទ្ធផលផ្សេងៗជាដើម ជាហេតុធ្វើអោយខាងគ្រូសូត្រស្ដាំព្រះនាម សាន ប៊ុនស៊ិញ មិនពេញចិត្ត រាល់ពេលដែលមានការស្នើសុំអ្វីមួយពីសំណាក់គ្រូសូត្រឆ្វេងព្រះនាម ម៉ក់ សុធុន តែងតែមានការបង្ទុចបង្អាក់ជានិច្ច។
លើកឡើងក្នុងការសម្របសម្រួលនេះព្រះអង្គគ្រូសូត្រឆ្វេងបានមានសង្ឃដីកាថា ការដែលព្រះសង្ឃស្រោចទឹក ឬប្រើមន្តអាគមន៍ព្យាបាលជម្ងឺ ធ្វើអោយមានអ្នកជម្ងឺមកសម្រាក់ព្យាបាលក្នុងវត្តវាខុសនឹងវិន័យសាសនា ។ តែអ្វីដែលជារឿងសំខាន់ក្នុងរឿងនេះនៅថ្ងៃទី២១ វិច្ឆិកា ខាងមុខនេះ នឹងមានកឋិនមួយកើតឡើង ដោយផ្ដើមគំនិតពីមន្ត្រីគយនៅខេត្តបាត់ដំបង ដែលត្រូវបានព្រះសង្ឃខាងគ្រូសូត្រឆ្វេងស្នើសុំ តែត្រូវបានព្រះសង្ឃគ្រូសូត្រស្ដាំរារាំងទៅទូលពិតប្រាប់ចៅអធិការវត្ត ដែលមានវស្សាចាស់ និងអាពាធផង ក៏មិនអនុញ្ញាតឲ្យកឋិននេះកើតឡើងឡើយ ធ្វើអោយរាំងស្ទះដល់ការដង្ហែកឋិនពីសំណាក់ពុទ្ធបរិស័ទ រហូតឈានដល់ការផ្ទុះអធិករណ៍ផ្អើលពេញវត្តនេះតែម្ដង។
លោក យឹម យឿន ប្រធានមន្ទីរធម្មការ និងពុទ្ធសាសនាខេត្តបន្ទាយមានជ័យ ការផ្ទុះអធិករណ៍នេះកើតឡើងដោយសារព្រះចៅអធិការមិនអាចគ្រប់គ្រងព្រះសង្ឃ ក្នុងទីវត្តនេះបានបង្ករអោយមានការបែងចែកជាបក្ខពួក ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានធ្វើការសម្របសម្រួលផ្សះផ្សា រវាងគ្រូសូត្រឆ្វេងនិងស្តាំ បានត្រូវគ្នាបញ្ចប់អធិករណ៍ រហូតដល់ចប់សប់គ្រប់នៃបុណ្យកឋិន ដែលមានព្រះអនុគុណស្រុកមង្គលបូរីជាអ្នកមើលការខុសត្រូវក្នុងទីវត្តនេះ ជំនួសចៅអធិការវត្តដែលអាពាធ ហើយក្រោយពីបញ្ចប់បុណ្យលឋិន រឿងព្រះសង្ឃក្នុងវត្តស្នើសុំព្រះគ្រូចៅអធិការថ្មីជំនួសចៅអធិការចាស់ដែលមិនអាចគ្រប់គ្រងវត្តបាន ទុកអោយព្រះមេគុណ និងមន្ទីរធម្មការរៀបចំទៅតាមច្បាប់ទំលាប់ក្នុងការជ្រៀសរើសចៅអធិការវត្តថ្មី ៕