បន្ទាយមានជ័យ ៖ ពលរដ្ឋក្រីក្រចំនួន២គ្រួសារ ក្នុងភូមិតាអុង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវក្រុមការងារយុជនគណៈបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរនៃស្រុកភ្នំស្រុក ដឹកនាំដោយលោក សេង គី ជាអភិបាលស្រុកបានធ្វើការសាងសង់លំនៅដ្ឋានធ្វើអំពីឈើប្រកស័ង្កសី កាលពីព្រឹកថ្ងៃទី១៨ វិច្ឆិកា ២០១៥ ។
លោក សេង គី អភិបាលស្រុកភ្នំស្រុក បានអោយដឹងថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋក្រីក្រចំនួន២គ្រួសារ ដោយគ្រួសារទីមួយឈ្មោះ ផាត ខ្មៅ អាយុ២៨ឆ្នាំជាស្ត្រីមេម៉ាយមានកូន៣នាក់ក្នុងបន្ទុក និងទីគ្រួសាររបស់ កើត លាប មានប្រពន្ធឈ្មោះ គ្នី មានកូនម្នាក់ក្នុងបន្ទុកដែលរស់ក្នុងស្ថានភាពលំបាក គ្មានលំនៅដ្ឋានសមរម្យ និងអនុវត្តន៍តាមផែនការរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឺមយ៉ាន ប្រធានក្រុមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធាក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ លើការកែប្រែលំនៅដ្ឋានប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ពីប្រកស្បូវទៅប្រកស័ង្កសី រូបលោករួមជាមួយនិងក្រុមការងារគណៈបក្សស្រុក នគរបាលស្រុក អាវុធហត្ថស្រុក យោធា ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ បានធ្វើការសង់ផ្ទះ២ខ្នងខាងលើជូនពួកគាត់ដើម្បីបានស្នាក់នៅសមរម្យ ។
លោក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក ក៏បានអោយដឹងដែរថា កម្លាំងរបស់លោក រួមនិងសមត្ថកិច្ចអាជ្ញាដទៃ តែងចុះជួយជួសជុល ឬសាងសង់លំនៅដ្នានជូនពលរដ្ឋ នៅពេលដែលលំនៅដ្ឋានរបស់ពួកគាត់រងឥទ្ធិពលខ្យល់ព្យុះ ឬមានសភាពទ្រតទ្រមពេក ៕