ខេត្តកំពង់ឆ្នាំង៖ អនុវត្តន៍តាមអនុក្រិត្យ លេខ១០៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ មន្ត្រីការិយាល័យបសុពេទ្យខេត្តមួយក្រុម បាន
ចុះទៅពិនិត្យការលក់សាច់សត្វគ្រប់ប្រភេទរបស់អាជីវករនៅក្នុងផ្សារលើ ក្រុងកំពង់ឆ្នាំង ដើម្បីពិនិត្យមើលគុណភាពសាច់ ក្នុងគោលបំណងថែរក្សាសុខភាពប្រជាពលរដ្ឋជាអ្នកបរិភោគ។
លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានអោយដឹងថា៖ អនុវត្តន៍តាមអនុក្រិត្យខាងលើនេះ មន្ត្រីបសុពេទ្យខេត្ត ជាប្រចាំបានចុះពិនិត្យគុណភាពសាច់គ្រប់ប្រភេទ មានជ្រួក មាន់ទា គោ ក្របី ដែលលក់នៅក្នុងទីផ្សារ ក្នុងនោះបានណែនាំដល់អាជីវករដាក់តាំងសាច់លក់ដូរអោយមានអនាម័យ និងមានគុណភាពល្អ , សាច់សត្វដាក់លក់
ដូរត្រូវមានបោះត្រាពីភ្នាក់ងារបសុពេទ្យខេត្ត និងមានលិខិតបញ្ជាក់ពីគុណភាព អនាម័យ ការ
ត្រួតពិនិត្យបែបនេះ ដើម្បីទប់ស្កាត់ការពិឃាដសត្វលក់មកពីមជ្ឈដ្ឋានផ្សែងៗ ដោយគ្មានការ
ពិនិត្យត្រឹមត្រូវ ដែលអាចរាលដាលឆ្លងជម្ងឺផ្តាសាយបក្សី ឬជម្ងឺឆ្លងផ្សេងៗ មកក្នុងខេត្ត។
លោក ក្រឹង សំអាត បានអោយដឹងទៀតថា៖ វិធានការណ៍របស់ការិយាល័យយ៉ាងតិច២
ដងក្នុង១ខែ មន្ត្រីបសុពេទ្យបានចុះដល់ទ្រុងចិញ្ចឹមបក្សី កន្លែងប្រមូលផ្តុំបក្សី កន្លែងពិឃាដសត្វ និងបក្សី ដើម្បីបាញ់ថ្នាំជីវសុវត្តិភាពសម្លាប់មេរោគ ដែលអាចជួយកាត់និងទប់ស្កាត់បាន
ជម្ងឺផ្តាសាយបក្សី។
លោក ហ៊ុន លី អនុប្រធានការិយាល័យផលិកម្ម និងបសុព្យាបាលខេត្តដែលជាអ្នកដឹកនាំក្រុមមន្ត្រីបសុពេទ្យខេត្ត ចុះទៅពិនិត្យគុណភាពសត្វនៅទីផ្សារ ក៏បានសំណូមពរផងដែរដល់អាជីវករលក់ដូរសាច់សត្វទាំងអស់ក្នុងផ្សារ គោរពតាមគោលការលក់ដូរតាមការណែនាំរបស់ជំនាញខាងលើ។ ដោយសហការរាយការណ៍អោយបានទាន់ពេលវេលា ពេលឃើញមនុស្សចម្លែកយកសាច់សត្វមកលក់ទីផ្សារដោយគ្មានការអនុញ្ញាតពីមន្ត្រីជំនាញ ដើម្បីរួមគ្នាទប់ស្កាត់ជម្ងឺឆ្លងផ្សេងៗពីកន្លែងមួយមកកន្លែងមួយ និងដើម្បីជួយការពារសុខភាពរបស់ប្រជាពលរដ្ឋយើងដែលជាអ្នកបរិភោគសាច់ជារៀងរាល់ថ្ងៃ៕