ខេត្តសៀមរាប៖ ដើម្បីទទួលសាទរព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នៅថ្ងៃខាងមុខនេះ នៅរាត្រីថ្ងៃទី១៧ ខែ វិច្ឆិកាឆ្នាំ២០១៥នេះ អាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយលោកឃឹម ប៊ុនសុងអភិបាលនៃ គណៈអភិបាលខេត្តអមដំណើរដោយអស់លោកជាថ្នាក់ដឹកនាំមន្ទីរអាជ្ញាធរក្រុង បានអញ្ជើញចុះធ្វើការត្រួតពិនិត្យអំពីស្ថានភាពនៃការរៀបចំតុបតែងបំពាក់នូវភ្លើងពណ៌ តាមស្ពាននៃដងស្ទឹងប្រវត្តិសាស្ត្រសៀមរាបដែលជាទីតាំង ប្រារព្ធធ្វើពិធីបុណ្យអុំទូក នៅថ្ងៃទី២៤ និង ២៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះក្នុងការលើកនូវសោភណ្ឌភាពនៃដងស្ទឹងប្រវត្តិសាស្ត្រនៃក្រុងបុរាណអង្គរនៃយើង ដែលជាគោលដៅនៃភាពទាក់ទាញភ្ញៀវទេសចរណ៍មកពីគ្រប់មជ្ឈដ្ឋាន លើពិភពលោក ចូលមកទស្សនាកម្សាន្ត ។
មានប្រសាសន៍ក្នុងការចុះត្រួតពិនិត្យសកម្មភាពការរៀបចំតុបតែង លម្អសោភណ្ឌភាពនៃក្រុងទេសចរណ៍ នេះ លោកឃឹម ប៊ុនសុងក៏បានធ្វើការណែនាំមួយចំនួនដល់អនុគណៈកម្មការរៀបចំតុបតែង លម្អ ត្រូវធ្វើការត្រួត ពិនិត្យឡើងវិញ ទៅលើបណ្តាញខ្សែធ្វើព័ណ៌មួយចំនួននិង ត្រូវធ្វើការបំពេញបន្ថែម នូវភ្លើងព័ណ៌ ព្រមទាំងធ្វើការ លះនូវមែកឈើមួយចំនួន ដែលបានបាំងភ្លើងធ្វើឲ្យបាននូវសោភណ្ឌភាពពេលរាត្រី និង ត្រូវធ្វើការដាក់ភ្លើងបាញ់ បំភ្លឺតាមដើមឈើមួយចំនួនក្នុងការលើកនូវសោភណ្ឌភាពដើមឈើ ឲ្យមានសម្រស់បៃតង់ ឲ្យស្របតាមយុទ្ធសាស្ត្រ ទេសចរណ៍បៃតងនៃទឹកដីប្រវត្តិសាស្ត្រនៃយើង។ ក្នុងនោះដែរឯកឧត្តមក៏បានឲ្យអនុគណៈកម្មការរៀបចំតុបតែងត្រូវធ្វើការជម្រុញដល់អ្នកបច្ចេកទេសអគ្គិសនី ក្នុងការតភ្ជាប់ចរន្តភ្លើងបំភ្លឺឲ្យបានត្រឹមត្រូវទៅតាមបច្ចេកទេសស្តង់ដារ ក្នុងការការពារកុំឲ្យមានកើននូវឧបទ្ទវហេតុអាក្រក់ណាមួយ ប៉ះពាល់ដល់ប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ ដែលបានចូលរួមក្នុងការសប្បាយក្នុងព្រះរាជពិធីបុណ្យអុំទូកដែលធ្វើឡើងដើម្បីរំលឹកនិង គោរពដល់វីរៈភាពនៃបុព្វបុរសទាហានជើងទឹកជំនាន់ដើម ដែលបានពលីជិវិត ក្នុងការធ្វើសឹកសង្គ្រាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពានហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិអង្គរនៃយើង។លោកឃឹម ប៊ុនសុងក៏បានសំណូមពរក៏ដូចជាការណែនាំមួយចំនួនជូនដល់ប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលបាន អញ្ជើញចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនេះ គឺត្រូវចូលរួមទាំង អស់គ្នាក្នុងការរក្សាអនាម័យបរិស្ថាននៅតាមដងផ្លូវសាធារណៈក្នុងក្រុងក៏ដូចនៅទីកន្លែងរៀបចំពិធី ដើម្បីលើកស្ទួយនូវបរិស្ថានអនាម័យក្រុងប្រវត្តិសាស្ត្រយើងឲ្យកាន់តែមានសោភណ្ឌភាពល្អស្អាតក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ ដែលចូលមកទស្សនាកម្សាន្តហើយក៏ជាប្រភពចំណូលមិនចេះរីងស្តួតរបស់ប្រជាជាតិយើងផងដែរ ៕