ខេត្តបន្ទាយមានជ័យ៖ ថ្នាក់ដឹកនាំ និងមន្ដ្រីគណបក្សប្រជាជនកម្ពុជាខេត្ត ស្រុក ក្រុង និងក្រុមការងារចុះជួយនៅខេត្តបន្ទាយមានជ័យ បានទទួលការសំណេះសំណាល ពង្រឹងការងារក្នុងអំឡុងយុទ្ធនាការ ឃោសនាបោះឆ្នោត អសកល នៅសាលមហោស្រពគណបក្សខេត្តបន្ទាយមានជ័យ ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្ដាល គណបក្ស ប្រជាជនកម្ពជាចុះជួយ
ខេត្តបន្ទាយមានជ័យដឹកនាំពិធីនោះ។ ឯកឧត្ដម អ៊ុង អឿន ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានអោយដឹងថាៈ ការងារគណបក្ស ខែមេសា ឆ្នាំ២០១៤ នេះគឺថ្នាក់ដឹកនាំ និងមន្ដ្រីបក្សចុះសម្ភោធសមិទ្ធផលមានអគារ សាលារៀន,វត្តអារាម សួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋរងគ្រោះ ដោយខ្យល់ព្យុះកន្ដ្រាក់ និងជួបសំណេះសំណាល ពង្រឹងក្រុមប្រឹក្សាឃុំ សង្កាត់។
ឯកឧត្ដម អ៊ុង អឿន បន្ដថាៈ មន្ដ្រីបក្សបន្ដពង្រឹង ការគ្រប់គ្រងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ការងារចូលរួមបោះឆ្នោតអសកល ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្ដាល គណបក្សប្រជាជនកម្ពជាចុះជួយខេត្តបន្ទាយមានជ័យ បានណែនាំអោយថ្នាក់ដឹកនាំមន្ដ្រីបក្ស ថ្នាក់ខេត្ត ស្រុក ក្រុង និងក្រុមការងារបន្ដពង្រឹងការងារអោយ
ខ្លាំង ផុសផុលក្នុងបំណងដណ្ដើមជោគជ័យ លើការបោះឆ្នោតអសកល ជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក/ក្រុង នាថ្ងៃទី១៨ ឧសភាខាងមុខនេះ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បន្ដថាៈ មន្ដ្រីបក្ស ត្រូវកំណត់អាទិភាព និងចុះអនុវត្តការងារលើគោលដៅអាទិភាព សំនូមពរពលរដ្ឋ ព្រមទាំងការពារផលប្រយោជន៍ពួកគេ ។ ចូលរួមណែនាំ បង្ការទប់ស្កាត់គ្រោះថ្នាក់ពីគ្រោះធម្មជាតិ និងជួយសង្គ្រោះអាយុជីវិត សុខភាព ដល់ប្រជាជាពលរដ្ឋ ៕