ខេត្តកំពង់ឆ្នាំង៖ ក្នុងគោលបំណងជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៍ដូចជាការជួយបង្កើតមុខរបរដល់គាត់ អគ្គនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផល បានសហការជាមួយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កន្លមកបានចុះបង្ហាត់បង្ហាញពីវិធីសាស្ត្រចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ ដែលអាចទទួលបានផលចំណេញច្រើន។ ដើម្បីពិនិត្យមើលលទ្ធផលនៃការចិញ្ចឹមត្រីតាមស្រះ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានធ្វើសិក្ខាសាលាបិទវគ្គលើកទី១ ស្ថិតក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ដោយមានប្រជាកសិករជាអ្នកចិញ្ចឹមត្រីចូលរួមជាង៥០នាក់។
លោក សោម ភិរុណ នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានថ្លែងអោយដឹងថា៖ដើម្បីបង្កើនមុខរបរដល់ប្រជាកសិករ កាត់បន្ថយថវិការលើការចំណាយទៅលើម្ហូបអាហារនៅក្នុងគ្រួសារ ការបំពេញតំរូវការអារហាររូបត្ថមដល់កុមារ យុវវ័យ និងមនុស្សចាស់ ជាពិសេសប្រូតេអ៊ីនក្នុងសារពាង្គកាយ បង្កើនប្រាក់ចំណូល ការបន្ថយសម្ពាធការនេសាទពីបឹងទន្លេធម្មេជាតិ បង្កើនទិន្នផលត្រីបន្ថែមក្រៅពីត្រីធម្មជាតិ និងមិនធ្វើចំណាកស្រុក ខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការជាមួយនាយកដ្ឋានវារីវប្បកម្មរបស់រដ្ឋបាលជលផល ក្រោមជំនួយរបស់អ៊ីយូ បានបង្កើតគំរោងបង្ហាត់បង្ហាញ ការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារដល់ប្រជាកសិករចំនួន៣០គ្រួ សារ នៅក្នុង២ឃុំ គឺឃុំជើងគ្រាវ និងឃុំរលាប្អៀរ ក្នុងស្រុករលាប្អៀរ ក្នុងគោលបំណងជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន កាត់បន្ថយការកើតមានបទល្មើសនៅតាមទន្លេ និងនៅក្នុងបឹងធម្មេជាតិ។
នៅក្នុងឱកាសនេះដែរ លោក សោម ភិរុណ បានសំណូមពរអោយប្រជាពលរដ្ឋបន្តនិរន្តរភាពនៃការចិញ្ចឹមត្រីនេះ អោយបានទូលំទូលាយ ដោយសុំអោយអាជ្ញាធរស្រុកឃុំ ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយចេះចិញ្ចឹមត្រីជាលក្ខណៈគ្រួសារនៅតាមភូមិឃុំដទៃទៀតក្នុងស្រុក និងសូមកុំនាំគ្នាឆក់ត្រី ដាក់ស្បៃមុងខុសច្បាប់ និងប្រព្រឹត្តបទល្មើសនេសាទដទៃទៀត ដែលជាប្រការធ្វើអោយបាត់បង់ត្រីទៅអនាគត។
លោក ប៉ុល មីម៉ូសា មន្ត្រីកាន់គំរោងនៃនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផលបានមានប្រសាសន៍ថា៖ ក្នុងគំរោងនេះយើងបានផ្តល់ជូនប្រជាកសិករស្ម័គ្រចិត្តចំនួន៣០គ្រួសារនូវបទពិសោធន៍ និងបានផ្តល់កូនត្រីមានត្រីពីឡាប់យ៉ា ត្រីកាប ត្រីឆ្ពិន ចំនួន១ពាន់ក្បាលក្នុង១គ្រួសារ ផ្តល់កំបោររៀបចំស្រះ និងផ្តល់ស្បៃពណ៌ខៀវ៦០ម៉ែត្រសំរាប់រៀបចំស្រះ។
ការចិញ្ចឹមត្រីនេះមានរយៈពេល៦ខែហើយរហូតមកដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ការចិញ្ចឹមត្រីរបស់ប្រជាកសិករគឺទទួលលទ្ធផលបានល្អ ដែលលោកសុំសំណូមពរ អោយប្រជាកសិករដទៃទៀតចូលរួមចិញ្ចឹមត្រីជាលក្ខណៈគ្រួសារអោយបានច្រើនថែមទៀត ដើម្បីដោះស្រាយជីភាពនៅក្នុងគ្រួសារ និងកាត់បន្ថយបានការចំណាយប្រាក់ទិញត្រីនៅទីផ្សារ៕