ខេត្តកំពង់ឆ្នាំង៖ នៅសណ្ឋាគារសុវណ្ណភូមិ ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានបើកកិច្ចពិភាក្សាតុមូលស្តីពីផ្នែកខ្លះៗនៃក្រមនិតិវិធីព្រហម្មទណ្ឌ រវាងចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មេធាវី និងក្រឡាបញ្ជី ខេត្តកំពង់ឆ្នាំង ពោធិសាត់ និងកំពង់ស្ពឺ ក្រោមអធិបតីភាព លោកស្រី ខាធឺរីន ភួង អ្នកសម្របសម្រួលអង្គភាព
នីតិរដ្ខ នៃការិយាល័យឧត្តមស្នងការអង្គការ សហ ប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា , លោកស្រី ចៅក្រម គឹម លុយ អនុប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ិត រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ ដឹកនាំកែទម្រង់ច្បាប់ និងប្រពន្ធ័យុត្តិធម៌ និងមានការអញ្ជើញចូលរួមពីលោក លោកស្រីជា ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មេធាវី និងក្រឡាបញ្ជី ខេត្តកំពង់ឆ្នាំង ពោធិសាត់ និងកំពង់ស្ពឺ ។
កិច្ចពិភាក្សានេះ ស្តីពីរូបមន្តថ្មី ការឃុំខ្លួនបណ្តោះអាសន្ន ដែលបានពិភាក្សាចប់សព្វគ្រប់ក្នុងកិច្ចប្រជុំនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ ក្រោមកិច្ចសហការរៀបចំដោយក្រសួងយុត្តិធម៌ និងការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ រូបមន្តថ្មីនៃដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ននេះ ត្រូវបាន
កែសម្រួល ដើម្បីអនុញ្ញាតអោយចៅក្រម ធ្វើការបង្ហាញថា ខ្លួនបានពិនិត្យទៅលើអង្គហេតុនៃរឿងក្តី និងទឡ្ហីករណ៍ របស់តំណាងអយ្យការណ៍ និងជនជាប់ចោទ ផ្តល់ឱកាសដល់ចៅក្រម អោយធ្វើការពន្យល់ពិស្តាបន្ថែមទៀត នូវហេតុផលទាំងឡាយ ពីការធ្វើសេចក្តីសម្រេចរបស់ខ្លួនក្នុងការឃុំខ្លួន ជនណាម្នាក់ជាបណ្តោះអាសន្ន ក្នុងករណីមានការប្តឹងតវ៉ា ទៅ
សភាស៊ើបសួរនៅសាលាឧទ្ធរណ៍ ការប្រើប្រាស់រូបមន្តថ្មីនេះ និងជួយសម្រួលដល់ការពិនិត្យឡើងវិញដោយចៅក្រមសាលាឧទ្ធរណ៍។ ការប្រើប្រាស់រូបមន្តថ្មី ដោយចៅក្រម គឺស្របតាមមាត្រា២០៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ហើយរូបមន្តថ្មីខាងលើនេះ មិនមានការផ្លាស់ប្តូរអ្វីមួយ ជាដុំកំភួនឡើយ ។ កិច្ចពិភាក្សាតុមូល ស្តីពីផ្នែកខ្លះៗ នៃក្រមនិតិវិធីព្រហម្មទណ្ឌ
រវាងចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មេធាវី និងក្រឡាបញ្ជី ខេត្តកំពង់ឆ្នាំង ពោធិសាត់ និងកំពង់ស្ពឺ នេះបញ្ចប់បិទកម្មវិធីបូកសរុបដោយ លោកស្រី ខាធឺរីន ភួង អ្នកសម្របសម្រួលអង្គភាពនីតិរដ្ខ នៃការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានៅវេលាម៉ោង ១៧និង០០នាទីថ្ងៃដដែល ៕