ខេត្តសៀមរាប៖ នៅក្នុងកិច្ចប្រជុំពិសេស ស្តីពីការត្រៀមរៀបចំ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង-អង្គរ ខួបលើកទី២០ និង ការប្រណាំងកង់-អង្គរ ដើម្បីកុមារខួបលើកទី១០ នៅរដ្ឋបាលសាលាខេត្តសៀមរាប នារសៀលថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៥ លោកថោង ខុន
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា នៅក្នុងទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ-អង្គរខួបលើកទី២០ ដែលនឹងត្រូវបានប្រព្រឹត្តិទៅនៅអង្គរវត្ត-សៀមរាប ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនឹងមានវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមថ្លែងសន្ទរកថា បាញ់ស្នូរសញ្ញា បញ្ជាការរត់ប្រណាំង និងចូលរួមរត់ប្រណាំងជានិមិត្តរូបផងដែរ ។នៅក្នុងកិច្ចប្រជុំនេះ គេឃើញមានវត្តមានមន្រ្តីសំខាន់ៗ និងវិស័យឯកជនដែលពាក់ព័ន្ធ បានចូលរួម ។ នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាអគ្គស្នងការរងនគរបាលជាតិ លោកឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក៏មានវត្តមានក្នុងកិច្ចប្រជុំនោះដែរ ។នៅក្នុងការបង្ហាញរបាយការណ៍របស់គណកម្មការរៀបចំទិវារត់ប្រណាំងនេះ លោកវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាលេខាធិការនៃគណកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហាញអំពីគម្រោងលំអិតនៃកម្មវិធីទាំងមូល ។ ជាមួយនឹងបទបង្ហាញនេះ ឯកឧត្តមឲ្យដឹងថា មកដល់ថ្ងៃទី២១ ខែវិច្ឆិកានេះ កីឡាករដែលចុះឈ្មោះរួចមានចំនួនសរុប ៨ពាន់១៧៩នាក់ មកពី៧៥ប្រទេស ក្នុងនេះកីឡាករជាជនជាតិខ្មែរ ៣ពាន់ ៤២៥នាក់ កីឡាករបរទេស ចំនួន ៤ពាន់៧៥៤ នាក់ ។ ឯកឧត្តមបញ្ជាក់ថា រយៈពេលនៃការចុះឈ្មោះមិនទាន់បានបញ្ចប់ទេ ដូច្នេះរហូតដល់ថ្ងៃបើកការរត់ប្រណាំង កីឡាករដែលបានចូលរួមរត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង ខួបលើកទី២០ ឆ្នាំ២០១៥នេះ នឹងអាចមានចំនួនសារុប កើនដល់ ៩ពាន់នាក់ ហើយក្នុងចំនួននេះ បើគិតជាភាគរយ គឺវាអាចមានកំណើនពី ១៥% ទៅ ២០% បើធៀបទៅនឹងឆ្នាំ២០១៤កន្លងមក។ ភ្ញៀវកីឡាករដែលមានចំនួនច្រើន ជាងគេសម្រាប់ឆ្នាំ២០១៥នេះ រួមមាន អង់គ្លេស បារាំង និង អាមេរិក ។នៅក្នុងកិច្ចប្រជុំនោះ លោកវ៉ាត់ ចំរើន បានឲ្យដឹងទៀតថា នៅក្នុងចំណោមកីឡាករសរុបទាំងនោះ គឺ៩០% ជាប្រភេទកីឡាករទេសចរណ៍ ។ វិញ្ញាសារនៃកម្មវិធីរត់ប្រណាំងនោះ រួមមាន ការប្រណាំងរទេះជនពិការ មាន ១១គ្រឿង ចម្ងាយ ២១ គីឡូម៉ែត្រ ការរត់ប្រណាំងចម្ងាយ ២១ គីឡូម៉ែត្រ មានកីឡាករប្រមាណ ៣ពាន់នាក់ ការរត់ប្រណាំងចម្ងាយ ១០គីឡូម៉ែត្រ មានកីឡាករប្រហែល ២ពាន់៩០០នាក់ និងការរត់ប្រណាំងចម្ងាយ ៣ គីឡូម៉ែត្រ មានកីឡាករចូលរួមប្រមាណ ២ពាន់៤០០នាក់ ។ជាអត្ថន័យដ៏សំខាន់ នៃការរៀបចំទិវារត់ប្រណាំងអន្តរជាតិ ម៉ារ៉ាតុង-អង្គរ គឺឆ្ពោះទៅរកចលនាមនុស្សធម៌ ហើយជាមួយគ្នានេះដែរ គឺជាគោលដៅនៃការធ្វើសមាហរណកម្មវិស័យកីឡា ជាផលិតផលទេសចរណ៍ ៕


































