ខេត្តសៀមរាប៖ ស្ទឹងសៀមរាបកំពុងបង្ហាញសម្រស់ដ៏ស្រស់ត្រកាលតាមដងផ្លូវនិងដងស្ទឹងនាពេលបុណ្យអុំទូក អាជ្ញាធរខេត្តសៀមរាប បានកំណត់យកថ្ងៃទី២៤ និង២៥ វិច្ឆិកា ឆ្នាំ២០១៥ ដើម្បីប្រារព្ធពិធីបុណ្យអុំទូក ដែលជាប្រពៃណីដ៏សំខាន់របស់ខ្មែរ។ព្រះរាជពិធីបុណ្យអុំទូក បណ្តែត
ប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០១៥ នៅខេត្តសៀមរាប។ ទន្ទឹមនិងពេលនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា បានជួយឧបត្ថម្ភទូកដែលមកពីស្រុកទាំង៥ ក្នុងរមណីយដ្ឋានអង្គរ រួមមាន១ ស្រុកប្រាសាទបាគង២ ស្រុកពួក៣ ស្រុកអង្គរធំ៤ ស្រុកបន្ទាយស្រី៥ ក្រុងសៀមរាបសរុបថវិកាចំនួន 21 756 000 រៀលអាវចំនួន 450អាវមួកចំនួន 180មួក សម្រាប់ការប្រើប្រាស់ក្នុងពិធីបុណ្យអុំទូកនេះ។ កាលពីឆ្នាំ២០១៤កន្លងទៅ ខេត្តសៀមរាបមានទូក ងចំនួន ៣៦ទូកចូលរួមអុំ ក្នុងនោះមានទូកនារី៦ទូក។ នៅឆ្នាំ២០១៥នេះ មានទូក ង ចំនួន៣០ទូក និងទូកនារី ៨ទូក កើនជាងឆ្នាំ២០១៥ ក្នុងនោះមានទូកមកពីខេត្តឧត្តរមានជ័យចំនួន១ទូក និងទូកមកពីឆ័ត្រយោងលេខ ៩១១ ចំនួន១ទូក និងមានអ្នកចូលរួមអុំទូកប្រមាណជាង៩០០នាក់ ខណៈដែលទូកខ្លះបានចាប់ផ្តើមប្រណាំងជាបន្តបន្ទាប់ហើយ អភិបាលក្រុងសៀមរាប បានប្រកាសរិត
បន្តឹងរឿងបញ្ហាអនាម័យ។ ហើយបញ្ហាអនាម័យដែលកាលពីឆ្នាំ២០១៤កន្លងទៅ ហាក់មិនទាន់ល្អប្រសើរនៅឡើយ ព្រោះថាក្រោយពីពិធីបុណ្យអុំទូកបានបញ្ចប់ទៅនៅថ្ងៃទី៣ គេឃើញថង់សំរាមរាប់មិនអស់ បានហើរពេញផ្ទៃសួនច្បារតាមដងស្ទឹង ដែលជាកន្លែងប្រណាំងទូក។ប៉ុន្តែនៅឆ្នាំ២០១៥នេះ អាជ្ញាធរក្រុងសៀមរាប បានបន្ថែមធុងសំរាមប្រមាណជាង២២០ធុងទៀត នៅតាមដងស្ទឹង និងមុខសួនច្បារព្រះអង្គចេក ព្រះអង្គចម ដើម្បីសម្រួលដល់ការសម្អាតផងដែរ។ ចំណែកទឹកស្ទឹងសៀមរាបវិញ ថ្លាស្វង់ ទឹកអាចឆ្លុះមុខបាន ក្រោយពីមានការសម្អាត យ៉ាងយកចិត្តទុកដាក់ ពីបុគ្គលិកអនាម័យរបស់សាលាក្រុងសៀមរាប។ គេសង្កេតឃើញថា ក្រៅពីបានធ្វើការសំរិទ្ធិសំរាំងនឹងការសម្អាតតាមដងស្ទឹងរួចមក ដែលជាទីតាំងសម្រាប់ប្រារព្ធពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ផងដែរ ។ក្នុងនោះអាជ្ញាធរក្រុងក៏បាននិងកំពុងបំពាក់បង្គោលភ្លើងនៅតាមដង វិថីសំខាន់ៗ ជាពិសេសផ្លូវសងខាង ដងស្ទឹងសៀមរាប និងតាមដងផ្លូវជាតិលេខ៦ផងដែរ ។ដោយឡែក មែកឈើចាស់ៗ ពុកផុយ នៅតាមមាត់ស្ទឹង ត្រូវបានកាត់រះយ៉ាងស្រឡះ ដើម្បីកុំឱ្យមានគ្រោះថ្នាក់កើតឡើងដោយយថាហេតុ។ នូវក្នុងខណៈពេលដែលបានចាប់ផ្តើមពីម៉ោង១:៣០នាទី រសៀលថ្ងៃនេះឈានចូលមកដល់ហើយនៃការប្រណាំងនោះ៕





































