ខេត្តឧត្តរមានជ័យ៖ពលរដ្ឋខ្មែ៤នាក់ ត្រូវអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនមកកម្ពុជាវិញ ខណះពួកគេបានលួចឆ្លងដែនខុស ច្បាប់ចូលកាប់ឈើគ្រញូង ហើយពួកគេត្រូវបានជាប់ឃុំអស់រយះពេល៣បីខែទើបដោះលែងឲ្យមាន សេរីភាពនិងបានបញ្ជូនឲ្យមកស្រុកកំណើតវិញ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ២០១៥ តាមច្រកអន្តរជាតិជាំសាងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
នគរបាលអន្តោប្រវេសនៅច្រកជាំសាងាំ បានឲ្យដឹងថា ពលរដ្ឋទាំង៤នាក់ដែលត្រូវសមត្ថកិច្ចថៃ ចាប់បញ្ជូនមកពេលនេះ១/ឈ្មោះ គង់ ចាន់ណាន ភេទប្រុស អាយុ៥៩ឆ្នាំ ២/ឈ្មោះ មឿន លាប ភេទ ប្រុស អាយុ៣៤ឆ្នាំ ៣/ឈ្មោះ វេង ឡង់ឌី ភេទប្រុស អាយុ២៥ឆ្នាំ ពួកគេទាំង៣នាក់រស់នៅស្រុកត្រពាំង ប្រាសាទ និង៤/ឈ្មោះ ស ឈាង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិចារ ឃុំកន្ទួត ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជាថៃ ប្រចាំច្រកជាំសាង៉ាំ បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង៤នាក់ខាង លើត្រូវបានថៃចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥កន្លងទៅ នៅចំនុចមុខច្រករបៀងអូរស្វាយ ខាងទឹកដីថៃ ពីបទលួចឆ្លងដែនចូលដីថៃកាប់ឈើគ្រញូង។
គួរបញ្ជាក់ថា ច្រករបៀងអូរស្វាយគឺជាច្រករបៀងខុសច្បាប់ដ៏ធំ ដែលគ្រប់គ្រងដោយទាហាន សឹក ទាហានភូមិភាគ និងនគរបាលការពារព្រំដែន ហើយច្រកមួយនេះត្រូវបានគេដឹងថា ជាច្រកដែន មានការឃុបឃិតគ្នារវាងឈ្មួញនិងសមត្ថកិច្ច បើកដៃឲ្យពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ចូលទឹកដីថៃម៉ា សេរីគ្មានការទប់ស្កាត់និងបង្ក្រាប ព្រោះក្រៅពីនេះក៏មានកម្មករមួយចំនួនត្រូវបានឈ្មួញនិងសមត្ថកិច្ច ជួលឲ្យទៅកាប់ឈើយកមកលក់ផងដែរ៕