​ជនជាតិ​បារាំង​និង​កូន​ទាំង​4​ដែល​ស្លាប់​នៅ​កំពង់ស្ពឺ​ជា​អំពើ​ឃាតកម្ម​

0

​រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកជំនាញ​ខ្មែរ និង​បារាំង​បាន​សន្និដ្ឋានថា បុរស​ជនជាតិ​បារាំង​លោក Laurent Vallier និង​កូន​ទាំង​៤​នាក់ ដែល​ស្លាប់​ក្នុង​ទឹក​ត្រពាំង​ក្រោយ​ផ្ទះ​ដោយ​ការ​ពន្លិច​រថយន្ត​កាល​ពី​ឆ្នាំ​២០១១ គឺជា​អំពើ​ឃាតកម្ម​និង​មិនមែនជា​អំពើ​អត្តឃាត​ទេ ។

នេះ​បើតាម​ការអះអាង​របស់​ចៅក្រម​សើ​ុ​ប​អង្កេត​ខេត្តកំពង់ស្ពឺ បានឱ្យដឹង​កាលពី​ថ្ងៃទី​៦ ឧសភា នេះ ។​ ​សំណុំរឿង​នៃ​ការស្លាប់​ដ៏​អាថ៌កំបាំង​របស់​បុរស​ជនជាតិ​បារាំង និង​កូន​៤​នាក់ ក្នុង​ខេត្តកំពង់ស្ពឺ កាលពី​ចុងឆ្នាំ​២០១១ មាន​ពន្លឺ​ថ្មី បន្ទាប់ពី​ការរក​ឃើញថា​ជាការ​ស្លាប់​ដោយ​ឃាតកម្ម ។

លោក ឈឹម រិទ្ធី ចៅក្រម​សើ​ុ​ប​អង្កេត តុលាការខេត្ត​កំពង់ស្ពឺ ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​AFP​ស្រង់​សម្ដី​នៅ​ថ្ងៃ​អង្គារ ហើយ​វិទ្យុ​បារាំង​RFI ក៏បាន​ផ្សាយ​ដែរ​ថា នោះ​គឺជា​អំពើ​ឃាតកម្ម​យ៉ាងពិត​ប្រាកដ ។ តាម​វិទ្យុ​ដដែល​បាន​ផ្សាយ​ថា បើតាម​លោក​ចៅក្រម​ថា ការធ្វើ​កោសល្យវិច័យ​ដែលមាន​ការចូលរួម​ពី​ក្រុម​អ្នកជំនាញ​បារាំង​បាន​បង្ហាញថា​លោក Laurent Vallier និង​កូន​4​នាក់​បាន​ស្លាប់​នៅមុន​ពេលដែល​គេ​យកទៅដាក់​ក្នុង​រថយន្ត ហើយ​រុញ​ទម្លាក់​ចូលក្នុង​ទឹកស្រះ ។ មានតែ​កូនពៅ​របស់គាត់​ម្នាក់​បុ​៉​ណ្ណោះ​ដែល​ស្លាប់​ក្រោយពេល​ទម្លាក់​ចូលក្នុង​ទឹក ។

ហេតុផល​នេះហើយ​បណ្តាលឱ្យ​ក្រុម​អ្នក​សើ​ុ​ប​អង្កេត​សន្និដ្ឋានថា ជា​អំពើ​ឃាតកម្ម ។​ ​ករណីនេះ​មានការ​សន្និដ្ឋាន​ពីដំបូង​ថា បុរស​ជនជាតិ​បារាំង​អាចធ្វើ​អត្តឃាត​ជាមួយ​កូន​ទាំង​៤​នាក់ បុ​៉​ន្តែ​ក្រុម​អ្នកជំនាញការ​បារាំង​ដែល​បាន​បញ្ជូន​មកដល់​កម្ពុ​ជា កាលពីដើមឆ្នាំ​២០១៣ ដើម្បី​បើក​ការ​សើ​ុ​ប​អង្កេត​លើ​ករណី​អាថ៌កំបាំង​ទាំងឡាយ​នេះ ហើយ​លទ្ធផល​ចុងក្រោយ​បង្ហាញថា ការស្លាប់​របស់​បុរស​ជនជាតិ​បារាំង និង​កូន​ទាំង​៤​នាក់ គឺជា​អំពើ​ឃាតកម្ម ។

លោក​ចៅក្រម ឈឹម រិទ្ធី អះអាងថា លោក Vallier ធ្លាប់មាន​ជម្លោះ​ជាមួយ​គ្រួសារ​ខាង​ប្រពន្ធ​ដោយសារ​បញ្ហាដីធ្លី ។ ប្អូនថ្លៃ​របស់លោក​វ៉ា​លី​យេ ម្នាក់​ធ្លាប់​ត្រូវបាន​តុលាការ​សាកសួរ​កាលពី​ឆ្នាំទៅ ។ យ៉ាងណាក៏ដោយ នៅ​មិនទាន់មាន​ជនសង្ស័យ​ណា​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅឡើយ​ទេ ហើយ​ការ​សើ​ុ​ប​អង្កេត​កំពុងតែបន្ត​ដើម្បី​ឈានទៅ​ចាប់ខ្លួន​ជនដៃដល់ ។​ ​តុលាការខេត្ត​កំពង់ស្ពឺ​បើកសវនាការ​លើ​ករណី​ស្លាប់​គ្រួសារ​លោក Laurrent Vallier ការ​សើ​ុ​ប​អង្កេត​រយៈពេល​មួយឆ្នាំ​ទៅលើ​ករណី​នៃ​ការស្លាប់​ដ៏​អាថ៌កំបាំង​របស់​បុរស​ជនជាតិ​បារាំង​ម្នាក់ និង​កូន​បួន​នាក់​នៅ​ខេត្តកំពង់ស្ពឺ នោះ តុលាការ​បានចេញ​ដីកា​កោះហៅ​ឪពុកម្តាយ​លោក Vallier ព្រមទាំង​សាក្សី​មួយចំនួនទៀត​ឱ្យចូល​ខ្លួន​មក​បំភ្លឺ​នៅ​ថ្ងៃទី​២៤ មករា ២០១៣ ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានទូត​បារាំង​ដែល​បាន​ជំរុញឱ្យមាន​ការ​សើ​ុ​ប​អង្កេត​ជា​លក្ខណៈ​អន្តរជាតិ ។

លោក ឈឹម រិទ្ធី ចៅក្រម​ស៊ើបអង្កេត​ខេត្តកំពង់ស្ពឺ បាន​ថ្លែង​ពេលនោះ​ឱ្យដឹងថា លោក​នឹង​ចេញ​ដីកា​កោះហៅ​ឪពុកក្មេក និង​ម្តាយក្មេក​ជនជាតិ​បារាំង​លោក ឡូ​រ៉ង់ វ៉ា​លី​យ៉េ ព្រមទាំង​មេឃុំ និង​សាក្សី​នៅក្នុង​ខេត្តព្រៃវែង ដើម្បី​ធ្វើការ​សាកសួរ​ជាថ្មី ។ លោក​ថា ករណីនេះ​ត្រូវ​ស៊ើបអង្កេត​ឱ្យ​ហ្មត់ចត់ និង​ច្បាស់លាស់ ពីព្រោះ​ខាង​អាជ្ញាធរ​បារាំង​នៅ​ពុំទាន់​អស់ចិត្ត​នៅឡើយ ។​ ​ចៅក្រម​រូបនេះ​បាន​ថ្លែងថា ស្ថានទូត​បារាំង​បាន​ជំរុញឱ្យមាន​ការស៊ើបអង្កេត​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​រក​យុត្តិធម៌​ដល់​ជនជាតិ​បារាំង​ដែល​បាន​ស្លាប់​នៅក្នុង​ខេត្តកំពង់ស្ពឺ ។

ហើយ​អាជ្ញាធរ​បារាំង​ដែលមាន​ដូចជា​ចៅក្រម​ស៊ើបអង្កេត មន្ដ្រី​ក្រសួងការបរទេស និង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ហើយ​រំពឹងថា ពួកគេ​នឹង​មកដល់​កម្ពុជា​នៅ​ចុងខែ​មករា​នេះ ឬ​ដើមខែ​កុម្ភៈ ។ ខាងលើនេះ​ជា​ដំណើររឿង​សើ​ុ​ប​អង្កេត​កាលពីដើមឆ្នាំ​២០១៣​កន្លងទៅ ។​ ​លោក​ថា កាលពី​ថ្ងៃ​ពុធ​កន្លងទៅ លោក​ក៏បាន​ធ្វើការ​សាកសួរ​ឪពុកក្មេក និង​ម្ដាយក្មេក​របស់លោក ឡូ​រ៉ង់ វ៉ា​លី​យ៉េ ម្ដង​រួចហើយ ទាក់ទិន​នឹង​ពួកគាត់​ដែល​បានដាក់​ពាក្យសុំ​ប័ណ្ណកម្មសិទ្ធិ​លើ​ទ្រព្យសម្បត្ដិ​ពីរ​កន្លែង​របស់ Laurent Vallier ។​ ​

លោក​ទិ​ត ឈួន ជា​ឪពុកក្មេក​លោក​Laurent Vallier ដែល​ដកស្រង់​សម្ដី​ដោយ​វិទ្យុ​បារាំង​អន្ដរជាតិ RFI បាន​ថ្លែងឱ្យដឹងថា កាលពី​ថ្ងៃ​ពុធ​កន្លងទៅ លោក​និង​គ្រួសារ​ត្រូវបាន​តុលាការ​កោះហៅ​មក​សាកសួរ​នៅពេលដែល​លោក​ទាមទារ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​នៅលើ​ដី​កូន​របស់គាត់ ។ ឆ្លើយ​ទៅនឹង​ការចោទប្រកាន់​នោះ​លោក ទិ​ត ឈួន បាន​លើកឡើងថា លោក​មិនអាច​ទទួលយក​បានទេ​ចំពោះ​ការចោទប្រកាន់​បែប​នោះ ។

លោក​ក៏មាន​ការងឿងឆ្ងល់​ថា តើ​បណ្ដាលមកពី​មូលហេតុ​អ្វី​បានជា​លោក​មិនអាច​ទាមទារ​កម្មសិទ្ធិ​លើដី​ដែលជា​របស់​កូនស្រី​លោក​បាន ។ គួរ​កត់សម្គាល់ថា សព​របស់លោក ឡូ​រ៉ង់ វ៉ា​លី​យ៉េ និង​កូនតូច​៤​នាក់ ត្រូវបាន​ទាញ​ចេញពី​រថយន្ដ​ដែល​លិច​ក្នុង​ស្រះ​ទឹក​នៅ​ខាងក្រោយ​ផ្ទះ​របស់លោក នៅក្នុង​ខេត្ដ​កំពង់ស្ពឺ កាលពី​ខែមករា ឆ្នាំ​២០១២ បន្ទាប់ ពី​គ្រួសារ​នេះ​បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង ។

ការស៊ើបអង្កេត​បឋម​បាន​បង្ហាញថា លោក វ៉ា​លី​យ៉េ បានធ្វើ​អត្ដ​ឃាត និង​មនុស្សឃាត ។​ ​លោក ឡូ​រ៉ង់ វ៉ា​លី​យ៉េ មាន​អាយុ ៤២​ឆ្នាំ មាន​ភរិយា​ជា​ជនជាតិខ្មែរ និង​មានកូន​៤​នាក់ បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង កាលពី​ចុងឆ្នាំ​២០១១ ក្រោយពី​ភរិយា​របស់លោក​ស្លាប់ ៕1.1 1.2 image (1)