ខេត្តរតនគិរី៖ រថយន្តម៉ាកយីឌុបខ្នាតធំមួយគ្រឿងផ្ទុកឈើប្រណិតប្រភេទឈើចម្រុះពេញព្រៀបក្របក្រណាត់តង់ជិតឈឹងបម្រុងដឹកជញ្ជូនឆ្ពោះទៅកាន់ប្រទេសវៀតណាមតាមមាត់ទ្វារអន្តជាតិអូរយ៉ាដាវ យីអ៊ុនដាក់ត្រូវបានកម្លាំងចម្រុះរួមមាន គយចលត័ដែលដឹកនាំដោយលោក ព្រាប ការ៉ាត់ នគបាលអន្តោប្រវេសន៍ កម្លាំងស្នាក់ការគយប្រចាំច្រកទ្វារ សហការនឹងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការស្ទាក់ចាប់បង្ក្រាបបានចំណែកម្ចាស់រថយន្តជាឈ្មួញមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ស្រមោល ។
ប្រតិបតិការបង្ក្រាបខាងលើ បានប្រព្រឹតទៅកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៥ ខែវិច្ឆិការឆ្នាំ២០១៥នៅត្រង់ចំណុចក្បែរច្រកទ្វារអន្តជាតិអូរយ៉ាដាវ តែម្តងស្តិតនៅក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
បើតាមការឲ្យដឹងពីសមត្តកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា រថយន្តយីឌុបមួយគ្រឿងនេះចេញពីក្រុងបានលុងតាមបណ្តោយផ្លូវជាតិលេខ៧៨ ឆ្ពោះទៅព្រំដែនប្រទេសវៀតណាម ។
ប្រភពបន្តទៀតថា នេះជាលើកទី១ហើយដែលកម្លាំងគយចលត័ធ្វើការបង្ក្រាបយកស្នាដៃជូនថ្នាក់លើហើយបញ្ជូនមកទុកនៅទីស្នាក់ការសាខាគយដែលមានទីតាំងស្តិតនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុងដើម្បីចាត់ការតាមនិតិវិធី នឹងរងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕ ឦសាន្ត