ខេត្តសៀមរាប៖ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហត្ថខេត្ត ឃាត់ខ្លួនស្ត្រីម្នាក់ ក្នុងចំណោម២នាក់ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ លីន គឺមឡាង ភេទប្រុសអាយុ១៨ឆ្នាំមុខរបរសិស្ស មានទីលំនៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងនិងសៀមរាប ដែលជនសង្ស័យទាំង២នាក់ខ្ចីម៉ូតូពីជនរងគ្រោះ ដើម្បីជិះទៅលោះទូរស័ព្ទដៃ រួចក៏បានយកម៉ូតូនោះទៅបញ្ចាំនៅភោជនីយដ្ឋាន យីហោ ស្រីពៅ កាលពីវេលាម៉ោង១៦និង០០នាទីថ្ងៃទី២៤ខែតុលាឆ្នាំ២០១៥ រហូតមកដល់ថ្ងៃចាប់ខ្លួន។
ស្ត្រីម្នាក់ដែលត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួន ខណៈដែលស្ត្រីជាជនសង្ស័យនេះកំពុងដើរចូលទៅក្នុងផ្សារ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៥ស្ថិតនៅចំនុច មុខផ្សារអង្គរទ្រេត ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចំថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិង សំពះព្រះខែ។
លោកអនុសេនីយឯក អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ
កងរាជអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹង នៅព្រឹកថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៥នេះថា ដោយមានពាក្យបណ្តឹងរបស់ជនរងគ្រោះនិងមានការយកចិត្តទុកដាក់ពីសំណាក់ឧត្តមសេនីយត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ទើបឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់និងវត្ថតាង រួចបញ្ជូនមកការិយាល័យរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំ។លោកបន្តថា ជនសង្ស័យម្នាក់ មាន ឈ្មោះ វ៉ាន់ ចិន្តា ហៅម៉ាប់ ភេទស្រីអាយុ២៣ឆ្នាំមុខរបរមិនពិត រស់នៅភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប និងស្ត្រីម្នាក់ទៀតដែលគេចខ្លួនបាត់មានឈ្មោះ លក្ខណ៍ ភេទស្រី អាយុ២៨ឆ្នាំ។ លោកបញ្ជាក់ថា ក្រោយពីធ្វើការឃាត់ខ្លួននិងដកហូតវត្ថុតាងម៉ូតូបានពីស្ត្រីម្នាក់ក្នុងចំណោម២នាក់ជាជនសង្ស័យ មានម៉ាកហុងដាC125ពណ៌ស គ្មានពាក់ស្លាកលេខ ចំនួន១គ្រឿងដែលបានខ្ចីម៉ូតូពីជនរងគ្រោះយកទៅបញ្ចាំ នៅភោជនីយដ្ឋាន យីហោ ស្រីពៅ។ចំណែក ជនរងគ្រោះមានឈ្មោះ លីន គឺមឡាង ភេទប្រុសអាយុ១៨ឆ្នាំមុខរបរសិស្ស មានទីលំនៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប ។
បច្ចុប្បន្នស្ត្រីជាជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។ចំណែកម៉ូតូត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តសៀមរាប ធ្វើការប្រគល់ឱ្យម្ចាស់ដើមវិញ៕ខេង ឧត្តម