សៀមរាប៖ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា គណៈកម្មការយូណេស្កូកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា ប្រារព្ធវេទិកាយុវជនលើកទី១ថ្នាក់តំបន់អាស៊ី ស្តីពីបេតិកភណ្ឌពិភពលោក នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥។
ដោយមានវត្តមាន លោក សុខ សង្វា អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និង លោក ជ្រុន សុផល ឧបការីនៃអាជ្ញាធរអប្សរា ព្រមទាំងយុវជនមកពី២១ប្រទេស ដោយមានអ្នកចូលរួមទាំងអស់ចំនួន៤៥រូប។ លោក សុខ សង្វា អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ខ្លឹមសារនៃវេទិកានេះគឺផ្តោតទៅលើប្រធានបទពីរសំខាន់ៗគឺ ភាពសម្បូរបែបនៃរចនាបទស្ថាបត្យកម្មនៃរមណីយដ្ឋានអង្គរ, កិច្ចការពារ និងភាពប្រឈមក្នុងរមណីយដ្ឋាន ដែលនឹងផ្តោតទៅលើប្រាសាទ ទីតាំងជុំវិញប្រាសាទ ប្រព័ន្ធទឹក បារាយណ៍ ព្រៃ ទេសភាពវប្បធម៌ ទំនៀមទម្លាប់រស់នៅរបស់អ្នកស្រុក ដែលត្រូវផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងទេសចរណ៍ ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរ
ភាព។ វេទិកានេះក៏ត្រូវបានដឹកនាំឧទ្ទេសនាម ដោយអ្នកជំនាញការនៃអាយស៊ីស៊ីអង្គរ និងអ្នកជំនាញជាច្រើនរូបទៀតរបស់អាជ្ញាធរជាតិអប្សរា។ ក្រៅពីនេះ ក៏មានដំណើរទស្សនកិច្ចសិក្សានៅតាមបណ្តាប្រាសាទ និងការដ្ឋាននានាក្នុងរមណីដ្ឋានអង្គរផងដែរ។ ជាមួយគ្នានេះ យុវជនដែលចូលរួមទាំងអស់នឹងលើកយកតំបន់រមណីដ្ឋាននានា ដែលមានក្នុងប្រទេសរបស់ខ្លួនមកបង្ហាញ ដើម្បីសិក្សាប្រៀបធៀបពីគ្នាទៅវិញមក។ នៅក្នុងកម្មវិធី យុវជននៃវេទិកានេះនឹងចូលរួមក្នុងកិច្ចប្រជុំពេញអង្គលើកទី២២ នៃគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរាផងដែរ៕ ដោយ ស៊ាន ផាត





































