រាជធានីភ្នំពេញ៖ ថ្វីត្បិតតែទូរទស្សន៍ ហង្សមាស បានបើកដំណើរការ អស់រយៈពេល ជាង២ឆ្នាំមកហើយក្ដី តែសម្រាប់ពិធីករ ពិធីការិនី នៃស្ថានីយទូរទស្សន៍នេះ ហាក់មិនសូវមានភាពល្បីល្បាញ ទៅតាមកេរ្តិ៍ឈ្មោះ នៃស្ថានីយទូរទស្សន៍ដ៏ល្បីល្បាញនេះសោះ ពោលមានពិធីការិនីតិចតួចប៉ុណ្ណោះ ត្រូវបានទស្សនិកជនស្គាល់ឈ្មោះ ។
ពិធីការិនីមួយរូប ហាក់មានភាពល្បីល្បាញប្លែកគេ គឺ កញ្ញា រស់ សុធាវី ត្រូវបានទស្សនិកជនស្គាល់ តាមរយៈសកម្មភាព ពោរពេញទៅដោយ វោហាស័ព្ទមិនចេះរីស្ងួត ជាមួយរូបសម្រស់ដ៏ស្រស់សោភា ប្រៀបបាននឹងបុប្ផារីកខែវស្សា ។ រស់ សុធាវី តែងបង្ហាញវត្តមានជាមួយហ្នឹង កម្មវិធីទូរទស្សន៍ចំនួនពីរធំ គឺ "វិមានសុបិន" និង "តំបន់យុវវ័យ" សុទ្ធសឹងជាកម្មវិធីល្បីៗ ធ្វើឲ្យ សុធាវី រីកមុខរីកមាត់មិនតិចទេ ពិសេសនាងពូកែរកស្ទីល តុបតែងខ្លួនបានស្អាត នឹងថ្លៃថ្នូរសមរម្យ ស័ក្តិសមជានារីខ្មែរ
មួយរូប និងជាតារាសិល្បៈក្នុងភ្នែកមហាជន ។ ពេលខ្លះ ក្នុងកម្មវិធីព័ត៌មានពេលព្រឹក របស់ ហង្សមាស ខណៈអវត្តមានអ្នកនាង ឈន ច័ន្ទស្រីឡា ពិធីការិនីដ៏ស្រស់សោភា រស់ សុធាវី ក៏ត្រូវបានចូលអាន ជំនួសជានិច្ច ដោយសារនាង មានទេពកោសល្យទាំងអាន និង និយាយ ។ នាង រស់ សុធាវី តែងបង្ហើបថា នាងពិតជាខ្លាចរអាបំផុត គឺពាក្យចចាមអារ៉ាម
ស្នេហា និងព័ត៌មានមិនល្អនានាពីនាង ។ ជារឿយៗ រស់ សុធាវី តែងតែបណ្ដើរម្ដាយរបស់នាង ទៅតាមជានិច្ច បើមិនម្ដាយក៏ប្អូនប្រុស ប្អូនស្រីរបស់នាងដែរ ព្រោះជៀសវាង រឿងបណ្ដើរអ្នកនេះ បណ្ដើរអ្នកនោះ នាំឲ្យមានរឿងមិនល្អ កើតឡើងចំពោះនាង ។ នាង សុធាវី បាននិយាយប្រាប់ថា នាងពិតជាខ្វល់រាល់ការ ចុះផ្សាយព័ត៌មានខ្លាំងណាស់ ព្រោះកន្លងមកសម្ភាសផ្សេង ចេញផ្សាយផ្សឹង ធ្វើឲ្យនាងខ្លាចរអា មិនហ៊ានផ្ដល់បទសម្ភោធទេ ។ អ្វីសំខាន់សម្រាប់ រស់ សុធាវី មានតែការងារ
ជាមួយទូរទស្សន៍ ជាមួយទស្សនិជន ដែលគាំទ្រ ពេលខ្លះរវល់ខ្លាំងរកតែ ពេលសម្រាកមិនបានផង ព្រោះកម្មវិធីទូរទស្សន៍ បច្ចុប្បន្នភាគច្រើន ចុះខេត្តជាហូរហែ ដូចនេះនាងគ្មាន ពេលគិតរឿងផ្សេងទេ ។ កញ្ញា រស់ សុធាវី មិនត្រឹមតែជា ពីធីការិនីពោរពេញ ទៅដោយសំនួនវោហាស័ព្ទ មិនចេះរីងស្ងួតនោះទេ នាងក៏ជានិស្សិតមួយរូប បានបញ្ចប់បរិញ្ញាបត្រ នៅវិទ្យាស្ថាន
វ៉ាន់ដា គណនេយ្យ ផងដែរ។ ដូចនេះរាល់ពាក្យពេចន៍ និយាយក្នុងកម្មវិធីនីមួយៗ ហាក់មានអត្ថន័យល្អគ្រប់គ្រាន់ ស្ដាប់ចូលត្រចៀកមិនឆ្គង មិនដូចពិធីការិនីខ្លះ និយាយដូចអានអក្សរ រដិបរដុប ស្អាតតែរូបសម្បត្តិតែខ្វះចំណេះដឹង ហើយឡើងកាន់តំណែងក្នុងកម្មវិធី ទូរទស្សន៍ តាមរយៈខ្សែទុយោ នោះទេ៕