ស្ទឹងត្រែង៖នៅក្នុងពិធីដោះស្រាយផលប៉ះពាល់ពីទំនប់វរីអគ្គីសនីសេសានក្រោមពីព្រឹកថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៥នេះប្រជាពលរដ្ឋចំនួន១៣៩គ្រួសារ នៅភូមិក្បាលរមាសស្រុកសេសានខេត្តស្ទឹងត្រែង រងផល បាននាំគ្នាតវ៉ានៅចំពោះមុខក្រុមការងារ ដោះស្រាយផលប៉ះពាល់ថ្នាក់ខេត្ត ឲ្យរកដីភូមិថ្មីឲ្យពួកគាត់រស់បានដាំដំណាំកើតផង។
ប្រជាពលរដ្ឋទាំង១៣៩គ្រួសារនេះ បានស្នើសុំផ្តូរទីតាំងឲ្យក្រុមដោះស្រាយផលប៉ះពាល់ថ្នាក់ខេត្តកំណត់ធ្វើភូមិនៅជិតគីឡូម៉ែត្រ៥០៣ចុះមកគីឡូម៉ែត្រ៤៩៩និង៥០០វិញដោយសាទីតាំងថ្មីនេះផ្ទៃដីអំណោយផលអាចដាំដំណាំចិញ្ចឹមជីវិតបាន។
ប្រជាពលរដ្ឋលើកឡើងទៀតថា ម្យ៉ាងទៀតទីតាំងរៀបចំភូមិនៅចំណុច៥០៣ បងប្អូនជនជាតិពិនិត្យមើលទៅតាមជំនឿមិនអំណោយផល ទៅនិងការរស់នៅដោយកន្លែងនោះ នៅចំច្រកដែលមានទួលនៅសងខាងបងប្អូនជនជាតិមានជំនឿថា នៅមិនបានសុខទើបសុំការផ្លាស់ប្តូរ។
លោកប៊ុនរេតតំណាងក្រុមហ៊ុនបានយល់ព្រមទទួលយកសំណូមពរនេះតែលោកអះអាងថា៖ការដោះដូរនេះសំខាន់ទៅលើអាជ្ញាធរខេត្តជាអ្នកកំណត់ទីតាំងឲ្យ ចំណែកក្រុមហ៊ុនរងចាំធ្វើជូនទៅតាមសំណូមពរ។
លោកដួងពៅអភិបាលរងខេត្តមានប្រសាសន៍ថា៖ គណៈកម្មការដោះស្រាយផលប៉ះពាល់និងពិនិត្យមើលស្ថានភាពជាក់ស្តែង ពីព្រោះខេត្តចង់ឲ្យបងប្អូនមានទីកន្លែងរស់នៅស្រួលជាងកន្លែងចាស់ មានសេវាគ្រប់យ៉ាងប្រើប្រាស់គ្រប់គ្រាន់ ដោយស្ថានភាពនៅខេត្តស្ទឹងត្រែងរបស់យើង រាជរដ្ឋាភិបាលកំពុងផ្តោតទៅលើការអភិវឌ្ឍន៏គ្រប់បែបយ៉ាង។
លោកកៅវ៉ាងអ៊ីវតំណាងក្រុមហ៊ុនដោះស្រាយផលប៉ះពាល់ បានបញ្ជាក់ថា៖ក្រុមហ៊ុនអនុវត្តតាមផែនការខេត្តប្រគល់ឲ្យបើបងប្អូនប្រជាពលរដ្ឋ ចង់បានកន្លែងថ្មីនោះ ក្រុមហ៊ុននិងធ្វើជូនទៅតាមសំណូមពរ តែសូមឲ្យសំរេចចិត្តឲ្យបានត្រឹមត្រូវ ទាំងអស់គ្នាកុំឲ្យមានការផ្លាស់ប្តូរច្រើន។
សូមបញ្ជាក់ថា៖ការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋក្រុមគណៈកម្មការរៀបចំជូនប្រជាពលរដ្ឋភូមិច្រប់និងភូមិស្រែស្រណុករួចរាល់ហើយបច្ចុប្បន្នកំពុងបន្តរៀបចំភូមិក្បាលរមាសនិងភូមិស្រែគរបន្តទៀត៕