រាជធានីភ្នំពេញ ៖ បុរសអ្នកដឹកពងទាម្នាក់ ត្រូវរថយន្តគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ (ពណ៌ស) បើកបុក ខណៈកំពុងតែឆ្លងផ្លូវ បណ្តាលឱ្យដួលនិងបែកពងទារប៉ាត់រប៉ាយពេញផ្លូវ មិនតែប៉ុណ្ណោះអ្នកបើករថយន្តបង្កនោះចុះមកវាយជនរងគ្រោះមួយដៃខៀវភ្នែកថែមទៀត ហើយក៏បើករថយន្តគេចបាត់ទៅ បង្កឱ្យមានភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍ជាខ្លាំង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង៤៥នាទីព្រឹកថ្ងៃទី០៨ ឧសភា ២០១៤ នេះ ស្ថិតនៅចំណុចផ្លូវ២០០២ ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ទោះបីជាបែបណា អ្នកបើកបរបង្កត្រូវបានគេស្គាល់ថា ជាប្រធានសណ្តាប់ធ្នាប់ខណ្ឌសែនសុខឈ្មោះ សៀក ។
ចំណែកឯជនរងគ្រោះឈ្មោះវ៉ា សុខខឿន អាយុ២២ឆ្នាំ មានទីលំនៅក្បែរកន្លែងកើតហេតុខាងលើ ។ ប្រភពព័តមានបានឱ្យដឹងថា៖ បន្ទាប់ពីកើតហេតុរួច ប្រជាពលរដ្ឋមានការអាណិតអាសូរដល់ជនរងគ្រោះបាននាំគ្នាជួយរើសពងទា និងបានជេរថ្កោសទោសដល់អ្នកបង្កជាខ្លាំង ៕