ស្ទឹងត្រែង៖ក្នុងសកម្មភាពសាងសង់ផ្លូវកៅស៊ូនៅភូមិ ឃុំកំភុន ស្រុកសេសាន ស្ទឹងត្រែងថ្ងៃទី១៧តុលា ឆ្នាំ២០១៥ ផ្លូវទៅកាន់តំបន់ទេសចរណ៏បុប្ផាភ្លុក ដែលជាផ្លូវលំពិបាកធ្វើដំណើរ រដូវភ្លៀងបែកភក់ រដូវប្រាំងហុយ ត្រូវបានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង ធ្វើការសាងសង់ចាក់កៅស៊ូជំនួសវិញ ដើម្បីសំរួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរណ៏ទៅកាន់រម្មណីយដ្ឋាននេះ។
លោក ស្រីអ៊ីន ថាវ៉ាន់ អាយុ៦៤ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិឃុំនេះបានលើកឡើងថាៈ មកដល់ចុងឆ្នាំ២០១៥នេះ ពិនិត្យឃើញថាភូមិឃុំមានការអភិវឌ្ឍន៏ ផ្លូវស្ពានស្រួលធ្វើដំណើរ ទាក់ទងគ្នាស្រួលទៅមក ជាងនេះទៀតនោះ បានកូនចៅធ្វើដំណើរទៅរៀន ទាន់ពេលវេលាពិសេស ពេលមានជម្ងឺឈឺស្កាត់ ទៅកាន់មន្ទីរពេទ្យខេត្តបានលឿន។
លោកស្រីអះអាងថាៈផ្លូវក្នុងឃុំនេះប្រជាពលរដ្ឋលំបាកធ្វើដំណើរណាស់ដោយសារពេលភ្លៀងម្តងៗភ័យព្រួយគ្រប់បែបយ៉ាងពីព្រោះវាភក់ រអិលនិងហុយដីនៅខែប្រាំងមើលគ្នាមិនឃើញ បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៏ក៏មាន។
លោក ស.គឹមណាត ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបានទទួលស្គាល់ ថា៖ការសាងសង់ ផ្លូវស្ពានមកកាន់តំបន់នេះ ពិតជាយឺតពេលមែនពីព្រោះខេត្តស្ទឹងត្រែង ត្រូវការការអភិវឌ្ឍន៏ច្រើននៅគ្រប់ទីកន្លែងដើម្បីបញ្ចៀសភាពលំបាកជូនបងប្អូនប្រជាពលរដ្ឋដូចគ្នា។
លោកប្រធានមន្ទីរបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវមកកាន់តំបន់ទេសចរណ៍ភ្លុកនេះ សូមមានការយោគយល់ទាំងអស់គ្នា ប្រសិនបើការសាងសង់ផ្លូវកៅស៊ូនេះមានផលប៉ះពាល់ទៅលើដំណាំ ឬរបងផ្ទះ ពីព្រោះយើងត្រូវពង្រីកផ្លូវឲ្យធំទូលាយ។
លោកកុលសំអុលអភិបាលខេត្តស្ទឹងត្រែងស្នើឲ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនពន្លឿន ការសាងសង់ផ្លូវកៅស៊ូនេះឲ្យបានឆាប់និងរួចរាល់ នៅក្នុងដើមឆ្នាំ២០១៦ឲ្យបានមុនចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីសំរួលដល់ការធ្វើចរាចរណ៏ផងភ្ញៀវទេសចរណ៏ទៅកាន់រម្មនីយដ្ឋានបុប្ផាភ្លុកក៏ងាយស្រួល។
សូមបញ្ជាក់ថា ៖ ផ្លូវទៅកៅស៊ូនេះ មានប្រវែង ២២គីឡូម៉ែត្រ ហៅថាផ្លួវ៧៦.S.ដែលមន្ទីរសាធារណៈការគ្រោងចាប់ផ្តើមសាងសង់ ចេញពីភូមិស្រែពោធិក្នុងសង្កាត់ស្ទឹងត្រែង ទៅកាន់រម្មនីយដ្ឋានធម្មជាតិបុប្ផាភ្លុកហើយចំពោះ ការចំណាយជាថវិកាជាតិ៕