ខេត្តសៀមរាប ភ្នំទ្រង់បាតជាកូនភ្នំមួយស្ថិតនៅក្នុងទឹកដីនៃស្រុកក្រឡាញ់ខេត្តសៀមរាបនិងជាអតីតកន្លែងពិឃាដមនុស្សយ៉ាងសាហាវព្រៃផ្សៃក្នុងរបបប៉ុលពតសម័យ៣ឆ្នាំ៨ខែនិង២០ថ្ងៃ។បច្ចុប្បន្នអាជ្ញាធរស្រុកក្រឡាញ់បាននឹងកំពុងកសាងជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដោយប្រម៉ែប្រមូលអដ្ឋិធាតុបុគ្គលដែលនៅសម័យខ្មែរក្រហមយកមកតំកល់ទុកក្នុងចេតីយដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរដែលមានក្រុមគ្រួសារសាច់ញាតិបងប្អូនប្តីសីដែលបានស្លាប់បាត់បង់ជីវិតនៅទីនេះដោយស្នាដៃសាហាវយង់ឃ្នងរបស់ខ្មែរក្រហមធ្វោះបុណ្យឧទ្ទិសកុសល់ដល់ក្រុមគ្រួសារតាមបែបប្រពៃណីទំនៀមទម្លាប់សាសនាដោយសេរី។ មជ្ឈមណ្ឌលនេះសាងសង់មិនទាន់រួចរាល់នៅឡើយទេ ដោយនៅខ្វះខាតថវិកាជាច្រើន ។ហេតុនេះអភិបាលស្រុកក្រឡាញ់លោក ជឿន ជាន បានអំពាវនាវដល់សាធារណៈជនទូទៅ
ជាពិសេសសប្បុរសជនទាំងនៅក្នុងនិងនៅក្រៅប្រទេស សូមមេត្តាចូលរួមបរិច្ចាកធនធានថវិកា
សម្រាប់ជាវិភាគទានជា ចូលរួមកសាងមជ្ឈមណ្ឌលឱ្យរួចជាស្ថាពរក្នុងពេលឆាប់ៗនេះព្រោះនេះជា
សមិទ្ឋិរួមសម្រាប់យើងទាំងអស់គ្នា។ លោកបញ្ជាក់ថា៖មជ្ឈមណ្ឌលនេះកសាងឡើងដើម្បីចងចាំនឹកឃើញពីទុក្ខសោកនិងការឈឺចាប់របស់ប្រជាជនខ្មែរនិងរៀបចំទីកន្លែងនេះជាកន្លែងប្រវត្តិសាស្ត្រឱ្យកូនខ្មែរំនាន់ក្រោយស្គាល់និងបានដឹងថារបបប៉ុលពតជារបបមួយសាហាវយង់ឃ្នងព្រៃផ្សៃសម្លាប់ប្រជាជនឯងដោយឥតត្រាប្រណីក្នុងន័យអប់រំ
ដល់យុវវ័យជំនាន់ក្រោយចៀសឱ្យបានកុំឱ្យរបបរបៀបនេះកើតមាននៅលើទឹកដីនៃប្រទេសកម្ពុជាយើងជាថ្មីម្តងទៀត។លោកអភិបាលស្រុករំពឹងទុកថាមជ្ឈមណ្ឌលនេះនឹងក្លាយទៅគោលដៅទេសចរណ៍ បង្កើនការងារជូនដល់ប្រជាពលរដ្ឋមួយចំនួនក្នុងការបំរើសេវាកម្មទេសចរណ៍ និងប្រែក្លាយទីនេះទៅ
ជាកន្លែងសម្រាប់យុវជននិស្សិតខ្មែរធ្វើការសិក្សាស្រាវជ្រាវស្វែងទាក់ទងទៅនឹងរបបខ្មែរក្រហមនៅទីនេះ។
ថ្មីៗនេះដែរក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកក្រឡាញ់ខេត្តសៀមរាបឯកឧត្តម ជា ចន្ទ័បរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មានបានសម្តែងការពេញចិត្ត និងកោតសរសើរដល់
អាជ្ញាធរស្រុកក្រឡាញ់ដែលបានរួមគ្នាកសាងមជ្ឈមណ្ឌលនេះឡើង លោកបានជំរុញដល់
អភិបាលស្រុកនិងមន្ត្រីពាក់ពន្ឋ័រៀបចំកសាងឱ្យបានសមរម្យនូវទីតាំងនេះដើម្បីជាប្រយោជន៍ដល់សាធារណៈជនទូទៅមកប្រារព្ឋពិធីបុណ្យតាមប្រពៃណីសាសនាឧទ្ទិសបុណ្យកុសលដល់បងប្អូនគ្រួសារសាច់ញាតិដែលបានស្លាប់បាត់បង់ជីវិតដោយសារការសម្លាប់រង្គាលរបស់បនប្រល័យពូជសាសន៍ប៉ុលពត។ជាពិសេសអណ្តូងទឹកត្រូវគិតគូរឱ្យបានមុនទើបដំណើរការសាងសង់បានលឿនងាយស្រួល ។ដោយគឿនវ៉េត




































