ខេត្តកំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី ធន់ ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំ ពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ បានដឹកនាំក្រុមការងារក្នុងអង្គភាព ដោយមានការចូលរួមពីលោកអភិបាលស្រុកទឹកផុស និងអាជ្ញាធរមូលដ្ឋាន បានចុះសួរសុក្ខទុក្ខ និងនាំយកអំណោយមួយចំនួនទៅចែកជូនដល់គ្រួសារអតីតយុទ្ធជនដែលកំពុងជួបការខ្វះខាតនិងលំបាកចំនួន០២គ្រួសារ នៅក្នុងភូមិតំរឹប និងភូមិស្រែតាជៃ ក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ត្រី ធន ធឿន បានមានប្រសាសន៍អោយដឹងថា៖ គ្រួសារអតីតៈយុទ្ធជន២គ្រួសារដែលកំពុងមានជម្ងឺនិងមានជីវភាពខ្វះខាត ខាងលើនេះគឺ ១.លោក គង់ ប៊ុនសាក់ អតីតៈទាហាននៅអង្គភា វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សព្វថ្ងៃមានជំងឺលើសឈាម ងាប់មួយចំហៀងខ្លួនរស់នៅភូមិស្រែតាជៃ និង២.លោក សុក ចេក អតីតទាហាននៅវរៈ៩២ នៃកងពល១៩៦ ត្រូវរបួសដាច់ជើង ឆ្វេងនៅសមរភូមិសំឡូត សព្វថ្ងៃរស់នៅភូមិ តំរឹប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ឃុំអភិវឌ្ឍន៍ស្រុកទឹកផុស។អំណោ យដែលផ្តល់ជូនក្នុងពេលនេះក្នុង១គ្រួសារៗទទួលបាន៖ អង្ករ០៣ការ៉ុង ស្មើនិង១៥០គីឡូ , មី០១កេះ , ត្រីខ ០១យួរ , ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០២យួរ និងថវិកាចំនួន ១០០.០០០រៀល ( ដប់ម៉ឺននរៀល ) ។
លោកមេបញ្ជាការបានអោយដឹងទៀតថា៖ អំណោយទាំងអស់ខាងលើនេះគឺបានមកពីការរៃគ្នាតាមអង្គភាព ដើម្បីជួយឧបត្ថម្ភដល់បងប្អូនអតីតៈយុទ្ធជនដែលកំពុងជួបការលំបាក ដែលនេះគឺជាស្មារតីសាមគ្គីភាពមិនអាចកាត់ផ្តាច់បានរបស់បងប្អូនយុទ្ធជនគ្រប់អង្គភាពក្នុងខេត្ត ដែលចេះជួយគ្នាក្នុងគ្រាក្រ។លោកមេបញ្ជាការក៏បានផ្តាំផ្ញើផងដែរដល់ក្រុមគ្រួសារអតីតៈយុទ្ធជនទាំង២ ត្រូវខិតខំថែរក្សាសុខភាពអោយបានល្អ ដោយត្រូរស់នៅស្អាត ហូបស្អាត ដេកក្នុងមុង ដើម្បីកុំអោយមានជម្ងឺផ្សេងៗទៀតមកបៀតបៀន ដែលនាំអោយខាតបង់ថវិការក្នុងគ្រួសារ។
លោក ម៉េង ហាក់ អភិបាលស្រុកទឹកផុស តំណាងអោយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្រុមគ្រួសារអតីតយុទ្ធជន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងក្រុមការងារទាំងអស់ ពិសេសចំពោះប្រុខរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតៈយុទ្ធជនកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែយកចិត្តទុកគិតគូរអំពីសុខទុក្ខនិងការលំបាកដល់បងប្អូនអតីតយុទ្ធជន ដែលបានចូលនិវត្តន៍នៅទូទាំងប្រទេសដោយគ្មានការរើសអើងប្រកាន់និន្នាការអ្វីឡើយ៕




































