បន្ទាយមានជ័យ ៖ ម៉ុតូMSXបំពាក់បំពុងស៊ីម៉ាំងបន្លឺសម្លេងខ្លាំងៗ រំខានដល់ប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចប៉ូលីសស្រុកថ្មពួកធ្វើការត្រួតពិនិត្តពេលយប់ ឃាត់កាលពីយប់ថ្ងៃទី៣០ វិច្ឆិកា ២០១៥ កំណាត់ផ្លូវជាតិលេខ៥៦ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
អធិការស្រុកថ្មពួកបានអោយដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យលើការល្បាត និងត្រួតពិនិត្យ ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅពេលយប់ លោកបានដឹកនាំកម្លាំងធ្វើការត្រួតពិនិត្យការធ្វើចរាចរ យានយន្តគ្រប់ប្រភេទ ជាមួយគ្នានោះក៏បានឃាត់នូវម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌លឿង ពាក់ស្លាកលេខ សៀមរាប 1Q 8143 ដែលកែច្នៃបំពុងស៊ីម៉ាំងខុសបច្ចេកទេស បណ្តាលអោយសម្លេងលឺខ្លាំងរំខានដំណេកប្រជាពលរដ្ឋ ។ ហើយក៏បានណែនាំដល់បើកបរម៉ូតូដោយឈ្មោះ ជួន រស្មី ហៅ ណាយ ភេទប្រុស អាយុ២២ឆ្នាំ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ចាន់ ណាគីម ហៅ ដាំ អ្នកទាំង២មានទីលំនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
បន្ទាប់ពីធ្វើការណែនាំ និងអោយប្តូរបំពុងស៊ីម៉ាំងត្រឹមត្រូវតាមបច្ចេកទេសរួចមក យុវជនទាំងនេះក៏ត្រូវបានអោយត្រឡប់ទៅវិញជាមួយនិងម៉ូតូ ។
គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចគ្រប់ស្រុកក្រុងទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ តែធ្វើការល្បាត ត្រួតពិនិត្យតាមមូលដ្ឋានរៀង ៗ ខ្លួន ។
តាមរយៈការរឹតបន្តឹង ត្រួតពិនិត្យ ល្បាតនេះ ឃើញថា បទល្មើសថយចុះ ពលរដ្ឋមានភាពកក់ក្តៅក្នុងការរស់នៅ ៕



































