ស្ទឹងត្រែង៖នៅក្នុងជំនួបពិភាក្សាការងារ ជាមួយអភិបាលខេត្តយ៉ាឡាយ នៅប្រទេសវៀតណាមរយៈ ពេល ២ ថ្ងៃ ចាប់ថ្ងៃទី៣០ខែវិច្ឆកានិងថ្ងៃទី១ខែធ្នូ ដើម្បីបើកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ប្រតិភូខេត្ត ស្ទឹងត្រែង ក៏បានចុះសិក្សាកសិដ្ឋានចិញ្ចឹមគោ ហ៊អាញយ៉ាឡាយនៅប្រទេសវៀតណាមដើម្បីស្រង់យកបទពិសោធន៏ យកមករៀបចំឲ្យមានកសិដ្ឋានចិញ្ចឹមសត្វនៅក្នុងខេត្ត ចៀសវាងកុំឲ្យប្រជាពលរដ្ឋ ចិញ្ចឹមសត្វលែងពាសវាលពាសកាល។
ក្នុងដំណើរចុះទស្សកិច្ចកសិដ្ឋានចិញ្ចឹមគោនៅខេត្តយ៉ាឡាយលោកឡុគឡើយជាម្ចាស់ភាគហ៊ុនកសិដ្ឋានចិញ្ខឹមគោបានបង្ហាញថា៖កសិដ្ឋាននេះបានបង្កើតឡើងជិត១០ឆ្នាំហើយលើផ្ទៃដីជាង២០០ហិកតានិងត្រូវការដើមទុនប្រមាណ៥លានដូល្លាទើបអាចបង្កើតបាន។
លោកថា៖ការដំណើរការទៅបានកសិដ្ឋានបានប្រើឧបករណ៏ស្វ័យប្រវត្តិ ក្នុងកសិដ្ឋានទាំងមូលប្រើកំលាំងកម្មករតែ៣០នាក់តែប៉ុណ្ណោះជាអ្នកបើកគ្រឿងចក្រ ចំណែកគោ នាំចូលមកម្តងជាង២ម៉ឺនក្បាលនិងរៀបចំធ្វើរោង ទ្រុងដាក់ចិញ្ចឹម ហើយគោនិមួយៗ មានទំងន់២០០គីឡូក្រាមយកមក បំប៉នរយៈពេលពី៤ខែទៅ៦ខែមានទំងន់៥០០គីឡូក្រាមទើបនាំចេញទៅវិញ។
លោកឡុគឡើយម្ចាស់ភាគហ៊ុនបន្តថាកសិដ្ឋានបានប្រើផ្ទៃដីជាង១០០ហិចតាសំរាប់ដាំស្មៅដែលយកពូជពីប្រទេសអូស្ត្រាលីសំរាប់ធ្វើចំណីគោហើយកសិដ្ឋានមានដើមទុនពីការលក់ជីលាមកគោក្នុងមួយថ្ងៃចាប់ពី១០០ទៅ១៥០តោនក្នុង១តោន៥០ដូល្លាទៅឲ្យក្រុមហ៊ុនដាំកៅស៊ូ ការហ្វេ ម្រេចនិងដំណាំឧស្សហកម្មផ្សេងៗទៀត។
លោកកុល.សំអុលអភិបាលខេត្តបានចាត់ទុកថា៖នេះជាជោគជ័យលើផ្នែកកសិឧស្សហកម្មខ្នាតធំដែលខេត្តស្ទឹងត្រែងមិនទាន់ធ្វើបានហើយខេត្តបច្ចុប្បន្នមានតែប្រជាពលរដ្ឋចិញ្ចឹមគោជាលក្ខណៈគ្រួសារលែង ខ្វះការថែរក្សា ។
លោកអភិបាលខេត្តអះអាងថា៖និងនាំយកបច្ចេកទេសទំនើបនេះទៅជំរាបជូនក្រុមអាជីវករ និងសហគមន៏ក្នុងខេត្តដើម្បីសហការគ្នាបង្កើតឲ្យមានកសិដ្ឋានចិញ្ចឹមគោដែលមានលក្ខណៈអំណោយផលជួយដល់វិស័យកសិកម្មនិងជំរុញសេដ្ឋកិច្ចជាតិឲ្យបានរីកចំរើន៕




































