បន្ទាយមានជ័យ ៖ ជាថ្មីម្តង់ទៀតរឿងចំណតរថយន្តខេត្តបន្ទាយមានជ័យ ដែលកន្លងមកត្រូវបានអាជ្ញាធរ ធ្វើការស្នើរសុំដោះដូរតាមការស្នើររបស់ក្រុមហ៊ុនលោកឧកញ្ញាម្នាក់ទៅទីតាំងថ្មី ដើម្បីទុកទីតាំងចាស់ធ្វើការវិនិយោគជាបុរី បន្ទាប់ស្ងាត់មួយរយៈឥឡូវស្រាប់តែលេចលឺថាមាន មាន ស ជ ណ ក្នុងការដោះដូរទៅហើយ។
ការលេចឡើងនេះគឺចាប់ផ្តើមកាលពីព្រឹកថ្ងៃទី០២ ធ្នូ ២០១៥ បន្ទាប់ពីមានអ្នកចុះវាស់វែងដោយប្រើឧបការណ៍ GPS កំណត់ទីតាំងចំណត។ ជាមួយគ្នានេះផងដែរក៍មានការលេចលឺថា មាន ស.ជ.ណ បានសម្រេចអោយមានការដោះដូរទីតាំងចំណតរថយន្តចាស់ទៅទីតាំងថ្មីដែលស្ថិតនៅជាយក្រុងសិរីសោភ័ណ ។
ចំណតរថយន្តខេត្តបន្ទាយមានជ័យនេះ ជាចំណតរថយន្តដែលបន្សល់ទុកពីសម័យបារាំងរហូតមកដល់បច្ចុប្បន្នពុំមានការកែប្រែឡើង ហើយទីតាំងនេះមានទីធ្លាធំទូលាយ អាចស្ទុបរថយន្តបានជាច្រើនគ្រឿង ។ ហើយក្រោមការវិនិយោគរបស់ក្រុមហ៊ុនមួយដែលកំពុងវិនិយោគ ប្រមូលផាស៊ី ហើយក្រុមហ៊ុននេះក៏បានពង្រីកនូវទីតាំងថ្មីមួយទៀតដែលមិនឆ្ងាយពីទីតាំងចាស់សម្រាប់ជាចំណតរបស់រថយន្តក្រុង ។
សូមបញ្ចាក់ថា ទីតាំងចំណតរថយន្តនេះគឺស្ថិតចំកណ្តាលក្រុងសិរីសោភ័ណនៃភូមិបីសង្កាត់ព្រះពន្លាហើយបើមានការដោះដូរដូចការលេចលឺខាងលើមែន ដីតំបន់នេះពិតជាមានតំលៃថ្លៃណាស់ អាចឈានដល់ពី៦ទៅ៧ម៉ឺនដុល្លា ក្នុងមួយល្វេង ដោយឡែកសម្រាប់ទីតាំងថ្មីដែលត្រូវបានដោះដូរគឺស្ថិតនៅក្នុងតំបន់ដីស្រែឆ្ងាយពីទីរួមក្រុងប្រមាណជា៥គីឡូម៉េត្រ ហើយដីនៅតំបន់នោះមានតំលៃប្រមាណជាពី២ ទៅ៣ម៉ឺនដុល្លាប៉ុណ្ណោះក្នុងមួយហិចតា ។
គួររំលឹកថា ជាមួយនិងការដោះដូរទីតាំងចំណតរថយន្តនេះផងដែរ កន្លងមកគឺមានការប្រតិកម្មពីក្រុមអ្នករត់តាក់ស៊ី ក៏ដូចជាប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់តែងមានភាពងាយស្រួល និងចំណាយថវិការតិច ក្នុងការធ្វើដំណើរជាមួយចំណតរថយន្តចាស់ព្រោះវាស្ថិតនៅចំកណ្តាលក្រុង តែបើធ្វើការដោះដូរពីចំណតរថយន្តចំកណ្តាលក្រុងទៅជាយក្រុងដូចការលេចលឺខាងលើវិញនោះ ពួកគាត់នឹងប្រឈមជាមួយការចំណាយទាំងពេលវេលា និងថវិការច្រើនក្នុងការធ្វើដំណើរនៅចំណតរថយន្តដើម្បីបន្តធ្វើដំណើរទៅខេត្តផ្សេង ៗ ដែលការធ្វើនេះវាហាក់ផ្ទុយទៅនិងគោលនយោបាយរបស់រដ្ឋាភិបាល លើការលុបបំបាត់ភាពក្រីក្ររបស់ប្រជាពលរដ្ឋ បែរជាធ្វើអោយពលរដ្ឋចំណាយកាន់តែច្រើ ។
ទាក់ទងនិងការលេចលឺខាងលើលោកស្រី ចាន់ ថេន អភិបាលក្រុងសិរីសោភ័ណបានអោយ
ដឹងថា លោកនៅមិនទាន់ទទួលបានដំណឹង ឬ ស.ជ.ព ណាដែលបង្ហាញពីការដោះដូរចំណតរថយន្តខាងលើនេះនៅឡើយទេ ៕


































