​ម៉ូតូ​បុក​គ្នា​តាំងពី​កណ្តាលអធ្រាត្រ​ព្រឹក​ឡើង​ទើប​សមត្ថកិច្ច​ចុះ​វាស់វែង​

0

​ស្ទឹងត្រែង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​ម៉ូតូ និង​ម៉ូតូ តាំងពី​កណ្តាលអធ្រាត្រ​ធ្វើ​ឲ្យ​មនុស្ស​៤​នាក់​របួសធ្ងន់​មិនមាន​ប៉ូលិស ចរាចរណ៍​ចុះមក​វាស់វែង​ទេ ទាល់តែ​ព្រឹក​ឡើង​ទើប​សមត្ថកិច្ច​ចុះមក​វាស់វែង​។​
​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​០០​និង​៣០​នាទី​យប់ ថ្ងៃទី​២​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ត្រង់ចំណុច​មុខ​មន្ទីរ​វប្បធម៌​ខេត្ត មាន​ចម្ងាយ​ពី​ស្នងការ​នគរបាល​ខេត្ត​ប្រហែល​ជាង​មួយរយ​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង សង្កាត់​/​ក្រុង​/​ខេត្តស្ទឹងត្រែង​។​
​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​ចំនួន​៤​នាក់ ម៉ូតូ​វ៉េវ​ជិះ​គ្នា​៣​នាក់ និង​មាន​អ្នកបើកបរ​ឈ្មោះ ហ៊ឹម ពេ​ជ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នេសាទ រស់នៅ​ភូមិ​អូរឫស្សី​កណ្ដាល ឃុំ​អូរឫស្សី ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។ ចំណែក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ធូ​ដេ ជិះ​ម្នាក់ឯង​មានឈ្មោះ កេ​ប នូ​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​នេសាទ​ដូចគ្នា រស់នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​/​ក្រុង​ស្ទឹងត្រែង​។​
​ប្រភព​បន្តថា នៅ​យប់កើតហេតុ បើតាម​អ្នកដឹង​ហេតុការណ៍​បាន​និយាយថា ម៉ូតូ​ម៉ាកវ៉េវ​ជិះ​គ្នា​៣​នាក់ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង និង​ម៉ូតូ​ម៉ាក​ធូ​ដេ បើកបរ​ពី​ជើង​មក​ត្បូង ទិសដៅ​បញ្ច្រាស​គ្នា បាន​បុក​គ្នា​ពេញទំហឹង ធ្វើ​ឲ្យ​មនុស្ស​ទាំងសងខាង​រង​របួសធ្ងន់ ខ្លះ​បាក់​ភ្លៅ ខ្លះ​បែក​មុខ បែកក្បាល ហើយ​មិនត្រូវ​បានឃើញ​មាន​ប៉ូលិស​ចុះមក​ធ្វើ​អន្តរាគមន៍​នោះទេ​។ ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​អ្នកឃើញ​ហេតុការណ៍​ជួយ​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​២១ យោធភូមិភាគ​ទីមួយ ដើម្បី​សង្គ្រោះបន្ទាន់​។​
​នៅក្នុង​យប់កើតហេតុ ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ប៉ូលិស​ចរាចរណ៍​ដែរ តែ​មិន​ត្រូវបាន​ចុះមក​ធ្វើការ​វាស់វែង​នោះទេ ព្រឹក​ឡើង​ទើប​ចុះមក​ធ្វើការ​វាស់វែង និង​បាន​នាំយក​ម៉ូតូ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល ចរាចរណ៍​ផ្លូវគោក​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕20151203_044058 20151203_044003 20151203_043925