ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ជាកូនកម្លោះរស់នៅក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានអោយដឹងនៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២៩១៥ កូនក្រមុំជាគូរដណ្តឹងលោក នៅតែជាង១០ថ្ងៃទៀតដល់ថ្ងៃរៀបការ ស្រាប់តែបានបាត់ចេញពីផ្ទះដោយមិនដឹងមូលហេតុ ខណះដែលនាងដើរយកសម្រាមទៅចោលហើយក៏បាត់រហូតមិនឃើញត្រឡប់វិញ មកដល់ថ្ងៃនេះមិនមានដំណឹងអ្វីបន្តិចសោះ។ការបាត់ខ្លួននាងគឺបានកើតឡើងនៅវេលាម៉ោង៥និង៥៥នាទី ល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ចំណុចផ្ទះជួលផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខ័ណ្ឌពោធិសែនជ័យ ក្រុងភ្នំពេញ។
ស្ត្រីជាម្តាយ ឈ្មោះ ប៊ុត មិ អាយុ ៥៤ឆ្នាំបានរៀបរាប់អោយដឹងថា៖គាត់មានទីលំនៅក្នុងភូមិអូរសួរស្តី ឃុំបារ៉ាយ ស្រុកបារ៉ាយ ខេត្តកំពង់ធំ រីឯកូនស្រីរបស់គាត់ដែលបាត់ខ្លួនខាងលើនេះ នាងមានឈ្មោះ ហេង សុធារី អា យុ២១ឆ្នាំ បច្ចុប្បន្នលក់ដូរនៅក្នុងផ្សារទឹកថ្លាក្នុងក្រុងភ្នំពេញជាមួយនិងបងស្រីបង្កើត។ នាងជាកូនស្រីទី៦ក្នុងចំ ណោមកូនរបស់គាត់៧នាក់។
មុនពេលបាត់ខ្លួនគឺនាងមិនមានសកម្មភាពអ្វីប្លែកគួរអោយចាប់អារម្មណ៍ទេ គឺនាងនៅលក់ដួរជាធម្មតា លុះដល់ម៉ោង៥ល្ងាចនាង បានកាន់សម្រាម១ថង់យកទៅដាក់ក្នុងធុងសម្រាមនៅខាងក្រៅផ្ទះ ក៏ស្រាប់តែបាត់នាងរហូតមក គាត់និងកូនៗបានព្យាយាមដើររកគ្រប់ច្រកល្ហកហើយនៅតែគ្មានដំណឹង គាត់បារម្ភណាស់ខ្លាចកូនរបស់គាត់ត្រូវគេចាប់យកទៅធ្វើបាប ព្រោះកូនស្រីរបស់គាត់និងត្រូវរៀបមង្គលការនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ នេះហើយ ដោយបានចាត់ចែងកក់សំភារះសំរាប់រៀបចំពិធីមង្គលការ និងហៅភ្ញៀវរួចរាល់អស់ហើយដែរ។
លោក សែម សុធា ជាកូនកម្លោះត្រូវរៀបការ បានអោយដឹងថា៖ លោកមានទីលំនៅក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នធ្វើការនៅភ្នំពេញ។លោកមានការព្រួយបារម្ភអំពីវាសនាគូរដណ្តឹងរបស់លោកខ្លាំងណាស់ ព្រោះលោកនិងនាងជិតដល់ថ្ងៃចូលរោងការទៅហើយ ក៏ស្រាប់តែបាត់ខ្លួនដោយគ្មានមូលហេតុ ហើយការបាត់ខ្លូនរបស់នាង លោកជឿជាក់ថានាងមិនមានប្រុសឈ្មោលផ្សេងឯណាចោលលោកឡើយ ព្រោះនាងមិនដែលដើរលេងយប់តែម្នាក់ឯងម្តងណាឡើយ រាល់ថ្ងៃទំនេរពីការលក់ដូរ នាងខំចាក់ប៉ាក់រូបគាត់និងនាង ទុកដាក់តាំងនៅថ្ងៃរៀបមង្គលការ និងទន្ទឹងអោយតែឆាប់ដល់ថ្ងៃរៀបការទៀតផង។
លោកបន្តថា៖ជុំវិញករណីការបាត់ខ្លូនគូរដណ្តឹងរបស់គាត់នេះ គាត់មានការសង្ស័យខ្លះៗទៅលើស្ត្រីម្នាក់ អាយុជាង៣០ឆ្នាំ ជាជាងកាត់ដេរនៅផ្សារទឹកថ្លា កន្លងមកស្ត្រីរូបនេះបានរាប់អានជាមួយនិងគូរដណ្តឹងរបស់គាត់ដូចមិត្តភ័ក្រ ដែលពេលនោះលោកមិនទាន់មានទំនាក់ទំនងស្នេហាជាមួយគូរដណ្តឹងគាត់នៅឡើយទេ ស្ត្រីរូបនេះក៏បានលួចស្រឡាញ់លោកយូរមកហើយ តែគាត់មិនចាប់អារម្មណ៍នោះទេ។
ក្រោយមកពេលដឹងថា រូបគាត់ជិតរៀបការ ស្ត្រីរូបនោះតែងចោលពាក្យសំដីដៀមដាមជាច្រើនលើក ច្រើនសារប្រាប់អ្នកជិតខាងថា រូបគេនិងធ្វើយ៉ាងណាមិនអោយ២នាក់នេះបានរៀបការជាដាច់ខាត និងគេថែមទាំងបានទៅធ្វើព្យុះភ្លៀងទៅប្រាប់ប្រធានភូមិនៅស្រុកកំណើតរបស់គូរដណ្តឹងលោក អោយប្រធានភូមិផ្អាកពិធីរៀបមង្គលការនេះទៀតផង។គឺនៅ២ទៅ៣ថ្ងៃមុនពេលដែលគូរដណ្តឹងលោកបាត់ពីផ្ទះ ស្ត្រីឈ្មោះ ភឿន ខាងលើបានទៅនិយាយប្រាប់អ្នកនៅក្បែរផ្ទះរបស់គូរដណ្តឹងគាត់ម្តងទៀតថា គេនិងធ្វើមិនអោយ២នាក់នេះបានរៀបការនិងគ្នាឡើយ តែនេះគ្រាន់ជាការសង្ស័យតែប៉ុណ្ណោះ លោកស្នើសុំដល់សមត្ថកិច្ចជួយស្រាវជ្រាវអោយផង។
ក្រុមគ្រួសារនាងសូមសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចនៅគ្រប់ខេត្ត ក្រុង បើបានឃើញនារីដែលមានភិនភាគដូចក្នុងរូបថតនេះ មេត្តាជួយផ្តល់ដំណឹងមកអោយក្រុមគ្រួសាររបស់នាងផង និងបើនាងបានដឹងដំណឹងនេះ សូមអោយនាងឆាប់វិលត្រឡប់មករកម្តាយ និងក្រុមគ្រួសារនាងវិញ ដែលទាំងអស់គ្នានឹងរង់ចាំនាងគ្រប់ពេលវេលា ។



































